លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថា ព្រះហស្តទាំងពីរនេះជារបស់ ព្រះបាទជ័យវម៌្មទី៧


បំណែករូប ព្រះបាទជ័យវម៌្មទី៧ រកឃើញដោយ លោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុក នៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ ១៩៣១។ ក្រោយមក លោក Georges Groslier បានដឹកយកមករក្សាទុក នៅសារមន្ទីរជាតិ និងផ្គុំឡើងវិញ នៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃ សារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះ មិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញ តាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់នៅឆ្នាំ១៩៩៩។

កំណត់សម្គាល់៖ បំណែកព្រះហស្តស្តាំនៃ រូបព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែក កំណាត់ដើមដៃឆ្វេង រកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរ លោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថា បំណែកទាំងពីរនេះជា បំណែកព្រះហស្ដរបស់ ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាស ក្នុងការយកមកសាកល្បង តភ្ជាប់ជាមួយរូបព្រះអង្គ នៅសារមន្ទីរជាតិឡើយ។

សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំង បានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរ ពិតជារបស់ព្រះបាទជ័យវម៌្មទី៧ ពិតប្រាកដមែន ព្រោះស្នាមតំណរ ដែលបែកបាក់នោះ ត្រួតស៊ីគ្នាល្អស្ទើរ ១០០%។

បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផល នៃការសាកល្បងតភ្ជាប់ ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយក បំណែកព្រះហស្ដទាំងពីរនេះ មករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹង រូបរបស់ព្រះអង្គផ្ទាល់។

លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាងនិងអភិរក្សថ្ម និងសាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយក ព្រះហស្ដទាំងពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្ម នាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេស ក្នុងការតភ្ជាប់ព្រះហស្ដទាំងពីរ នាពេលអនាគត។

គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឮកគុណូបការៈ ពុំអាចកាត់ថ្លៃបាន របស់ព្រះមហាវីរក្សត្រ នាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្ត សម្រាប់ការពារកម្ពុជទេស នៃយើង។