ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញអារម្មណ៍រំភើប និងសុទិដ្ឋិនិយមខ្ពស់ សម្រាប់ការទស្សនាថ្ងៃរះ នៅប្រាសាទអង្គរវត្ត!


ខណៈដែលការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា នៅតែបន្តរីកចម្រើនទៅមុខ ពីមួយខែទៅមួយខែ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសបានសម្រុកចេញ ដើរកម្សាន្តនៅទូទាំងផ្ទៃប្រទេស ហើយកន្លែងដែល ទាក់ទាញបំផុតមួយនោះ គឺការទៅប្រាសាទអង្គរវត្ត ដែលជានិមិត្តរូប របស់ប្រទេសកម្ពុជា និងជាកន្លែងដើម្បី ទស្សនាថ្ងៃរះ ដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុត។

ដើម្បីទស្សនាទិដ្ឋភាព ថ្ងៃរះដ៏អស្ចារ្យនេះបាន ភ្ញៀវទេសចរខ្លះរង់ចាំ នៅមាត់ស្រះមុខប្រាសាទ ខ្លះមកអង្គុយក្នុង បរិវេណបណ្ណាល័យ ហើយខ្លះរង់ចាំ នៅលើរានហាល ក្បែរស្រះខាងជើង និងខាងត្បូងប្រាសាទដើម្បីមើលទេសភាព ដ៏ស្រស់ត្រកាល និងដើម្បីថតរូប ទុកជាអនុស្សាវរីយ៍។

បើយោងតាមប្រសាសន៍របស់ អ្នកស្រី យៀន ដានី អាយុ ២៩ឆ្នាំ រស់នៅទីក្រុងភ្នំពេញ បាននិយាយថា អ្នកស្រីមានការភ្ញាក់ផ្អើលជាខ្លាំង ពេលមកដល់មុខប្រាសាទអង្គរវត្ត ដោយសារអ្នកស្រីបានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលបានមកមើលថ្ងៃរះ។ គាត់បានបន្តថា ថ្វីត្បិតតែបានទៅលេង ប្រាសាទអង្គរវត្តច្រើនដងក៏ដោយ ប៉ុន្តែនេះជាលើកដំបូងដែលគាត់ និងមិត្តភ័ក្តិបានមកទស្សនា ព្រះអាទិត្យរះនៅទីនេះ ហើយត្រូវក្រោកពីម៉ោង ៥ព្រឹក។

អ្នកស្រី ដានី បានបង្ហាញពីបទពិសោធន៍នោះ ដោយរៀបរាប់ថា «ពេលឃើញសម្រស់ថ្ងៃរះ នៅលើកំពូលប្រាសាទអង្គរវត្ត ស្រះទឹកឆ្លុះបញ្ចាំងពីពន្លឺពណ៌មាស និងធ្វើឲ្យប្រាសាទអង្គរវត្តស្រស់ស្អាតបំផុត កាន់តែទាក់ទាញ។»

ដោយឡែក សម្លឹងមើលពីចម្ងាយ អ្នកស្រី Garency Fraken ជាភ្ញៀវជនជាតិអាមេរិក បង្ហាញពីសេចក្តីត្រេកអរជាពន់ពេក ពេលឃើញថ្ងៃរះដ៏ស្រស់ស្អាត នៅប្រាសាទអង្គរវត្ត។ គាត់បាននិយាយថា វាជាក្តីសុបិន្តដ៏យូរអង្វែងរបស់គាត់ និងក្រុមគ្រួសារ ក្នុងការទៅលេងប្រាសាទអង្គរវត្ត របស់កម្ពុជា។

លោកស្រី Fraken បានបន្ថែមថា ពេលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៣ គោលដៅដំបូងដែលលោកស្រី និងក្រុមគ្រួសារបានទៅទស្សនា គឺប្រាសាទអង្គរវត្ត។ ពេលនេះគាត់មាន គម្រោងទៅទស្សនា ប្រាសាទបុរាណជាច្រើនទៀតនៅអង្គរ។