កីឡាករ កីឡាការិនី និងប្រតិភូកីឡាបរទេសទាំងអស់ ត្រូវបានអនុញ្ញាត ឲ្យចូលទស្សនាប្រាសាទអង្គរវត្ត ដោយឥតគិតថ្លៃ!


រាជធានីភ្នំពេញ៖ ក្នុងឱកាសពិធី ប្រគល់សញ្ញាបត្រជូន និស្សិតបញ្ចប់ការសិក្សា ផ្នែកកសិកម្មជាង ៣ ០០០ នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃទី ១៥ ឧសភា នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ ដែលបានមកចូលរួម ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្ត ដោយមិនគិតថ្លៃ និងមិនចាំបាច់ទិញសំបុត្រចូលនោះឡើយ។

សម្ដេចតេជោ បានថ្លែងថា៖ «បើសិនកីឡាករ កីឡាការិនីបរទេស បន្ទាប់ពីការប្រកួតហើយ ចង់ទៅមើលអង្គរ គឺរាជរដ្ឋាភិបាលអនុញ្ញាត ឱ្យចូលទស្សនាដោយមិនបាច់សំបុត្រ នោះទេ គឺសម្រាប់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ឱ្យចូលមើលអង្គរវត្ត ដោយឥតគិតថ្លៃទៀត»។

សម្តេចតេជោ បានស្នើឱ្យគ្រឹះស្ថានអង្គរ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កុំយកលុយពីកីឡាករ កីឡាការិនី បរទេសដែលបានមកចូលរួម ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ក្នុងការចូលទស្សនា ប្រាសាទអង្គរវត្តរបស់ខ្មែរ។ ប៉ុន្តែសម្រាប់អ្នកមកគាំទ្រកីឡា គឺត្រូវតែលក់សំបុត្រ ជាធម្មតា។

ក្នុងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណ ជាមួយនឹងប្រទេសនានាទាំងអស់ ដែលបានបញ្ជូនកីឡាករ កីឡាការិនី និងផ្ដល់ការគាំទ្រ មកដល់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ។ បន្ថែមពីនេះ សម្តេចតេជោក៏បានផ្ញើសារ ជូនចំពោះប្រជាជនចិន ជាពិសេស ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង នូវការអរគុណដែលឯកឧត្តម ក៏ដូចជាប្រជាជនចិន បានផ្ដល់ជាអំណោយស្តាតដ៏ស្រស់ស្អាត និងរឹងមាំ ប្រកបដោយសោភ័ណភាព ដែលជាឱកាសក្នុងការផ្ដល់ឱ្យ កម្ពុជាមានមុខមាត់ ក្នុងការបើកកីឡាស៊ីហ្គេមឆ្នាំ២០២៣។

ទន្ទឹមនេះ សម្ដេចតេជោ ក៏មិនភ្លេចអរព្រះគុណ ចំពោះព្រះករុណាព្រះបិតា ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុក នូវពហុកីឡដ្ឋានជាតិអូឡាពិក សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នៅថ្ងៃនេះ។ សម្ដេចតេជោ ក៏បានថ្លែងព្រះរាជអំណរគុណ ចំពោះព្រះមហាក្សត្រ និងហ្វួងម៉ែ ដែលបានផ្ញើសារជាសំឡេង មកអរគុណចំពោះ រាជរដ្ឋាភិបាល ក្នុងការរៀបចំដ៏ល្អឥតខ្ចោះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជា ផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្រ្ដីក៏បានចាត់ទុកថា៖ «នេះជារឿងដែលអ្វីៗទាំងអស់ ជារបស់ប្រជារាស្ត្រខ្មែរ តាំងពីព្រះមហាក្សត្រ រហូតដល់ប្រជាជនធម្មតា ដែលវាជាមោទនភាព ហើយសង្ឃឹមថា យើងនឹងបញ្ចប់ដោយជោគជ័យ ជាមួយនឹងអ្វីៗគ្រប់យ៉ាង ដោយសុវត្ថិភាព»៕