ពិព័រណ៍បង្ហាញអំពីវត្ថុសិល្បៈចំនួន ៣ប្រភេទ ដែលទទួលបានពីពលរដ្ឋ នឹងចាប់ផ្តើមពីដើមខែកក្កដា ឆ្នាំ២០២៣ នេះ ក្នុងរយៈពេលមួយឆ្នាំពេញ នៅឯសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ


សៀមរាប៖ បើយោងតាម ការផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គមហេ្វសបុក របស់អជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ ចាប់ពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ២០២៤។

លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពី ប្រជាពលរដ្ឋមកថែរក្សា និងអភិរក្ស សារមន្ទីរនឹងបង្ហាញពិព័រណ៍ ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ នឹងធ្វើការបង្ហាញកុលាលភាជន៍ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតងដោយភាជន៍ទាំងនេះ ត្រូវគេដុតក្នុងឡកម្តៅចន្លោះពី ១.០០០ ទៅ ១.២០០អង្សាសេ។

ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។លោកបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួន ស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការសម្រាប់បញ្ចុះ នៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈ ដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈ មានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។

ដូច្នេះដែរ បើសិនជាសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវអាចអញ្ជើញមក សិក្សាស្វែងយល់ ឱ្យកាន់តែច្បាស់អំពី ប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដោយមានមន្ត្រីជំនាញ ធ្វើបទបង្ហាញជូនអំពី ព័ត៌មានថ្មីៗទាក់ទង នឹងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជន ក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិ ប្រកបដោយនិរន្តរភាព សូមអញ្ជើញចូលរួមទស្សនា ការតាំងពិព័រណ៍ដោយចាប់ផ្តើមពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។

គូសសម្គាល់ផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ ២០០៨ មកម៉្លេះ ដោយមានថែរក្សា និងអភិរក្សវត្ថុសិល្បៈ ពីបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ នានាយកមករក្សាទុកនៅទីនេះ។ សារមន្ទីរមានទីតាំងស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយបានបើកឱ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពី ថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច។