គម្រោងសាងសង់ស្ពានបេតុងខ្សែកាប កោះពេជ្រ និងកោះនរា បានសម្រេចចេញជា សមិទ្ធផលជាបណ្ដើរ ដោយត្រៀមបញ្ចប់ ការតភ្ជាប់បេតុងតួស្ពាន នៅត្រឹមខែសីហាខាងមុខនេះ រួមនឹងការអ៊ុតកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញស្ពាន អោយបានរួចរាល់នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបម្រើដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងខណ្ឌច្បារអំពៅ មករាជធានីភ្នំពេញបានរហ័ស ជាពិសេសសម្រួល បញ្ហាកកស្ទះនៅផ្លូវជាតិលេខ១ និងស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ)។
ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ប្រើប្រាស់រយៈពេល សាងសង់ប្រមាណ ៣៦ ខែ ដោយត្រៀមបញ្ចប់ នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ហើយអាចនឹងបើកប្រើប្រាស់ ជាបណ្ដោះអាសន្ន នាពេលឆាប់ៗខាងមុខនេះ។ ស្ពានបេតុងខ្សែកាបនេះ ជាការបោះទុនសាងសង់ពី ក្រុមហ៊ុន OCIC ដើម្បីតភ្ជាប់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបកោះនរា មកកាន់កោះពេជ្រ និងរាជធានីភ្នំពេញ បានឆាប់រហ័ស ចំណាយថវិកាប្រមាណ ៣៨ លានដុល្លារ។
គម្រោងស្ពានទាំងមូល មានប្រវែងប្រមាណ ៨២៤ ម៉ែត្រ (តួស្ពាន ៤៨៣ ម៉ែត្រ + ផ្លូវតភ្ជាប់ក្បាលស្ពានសងខាង ៣៤១ ម៉ែត) ទទឹង ២៤,៥ ម៉ែត្រ ដែលអាចបើកបរបាន ៤ គន្លងរថយន្ដ (២ ទៅ ២ មក) ២ គន្លងសម្រាប់ម៉ូតូឬកង់ និង ២ គន្លងសម្រាប់ថ្មើរជើង ជាប្រភេទស្ពានបេតុងអាមេ យោងដោយខ្សែកាប ១៦ ខ្សែចំនួន ២ បង្គោលកម្ពស់ ៦០ ម៉ែត្រ។ ចំណែកស្ពាននាគ តភ្ជាប់ពីផ្លូវជាតិលេខ១ មកកាន់កោះនរា ប្រវែង ៦០ ម៉ែត្រ ទទឹង ២១ ម៉ែត្រចំណាយថវិកាជាង ១,៦ លានដុល្លារ ក៏ជិតបញ្ចប់ការសាងសង់ដែរ។
គម្រោងសាងសង់ ស្ពានបេតុងខ្សែកាបនេះ រំពឹងនឹងអាចជួយសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងតំបន់ បានមួយផ្នែកធំ ជាពិសេសក្នុង ខណ្ឌច្បារអំពៅ និងស្ពានព្រះមុនីវង្ស ហើយក៏នឹងទាក់ទាញ ដល់ការវិនិយោគថ្មីៗ ទៅតំបន់អភិវឌ្ឍន៍កោះនរា ជាពិសេសការអភិវឌ្ឍ តំបន់ពាណិជ្ជកម្ម តំបន់លំហែ តំបន់កម្សាន្ដ តំបន់រស់នៅ និងអាជីវកម្ម កាន់តែសំបូរបែបក្នុងតំបន់។