ល្អាងភ្នំឬរណ្តៅយក្ស ក្នុងប្រទេសចិន មានជម្រៅជ្រៅបំផុត និងមានប្រភេទព្រៃឈើដ៏កម្រជិតផុតពូជ និងខ្លះសល់ពីបុព្វកាល ដែលពុំមានដានសកម្មភាពមនុស្ស ដាំដុះនៅខាងក្នុង


ល្អាងភ្នំយក្ស ដែលមានជម្រៅជ្រៅបំផុតប្រវែងលើសពី ១០០ ម៉ែត្រ មានចំនួន ៣០០ កន្លែងលើពិភពលោក ក្នុងនោះ មាននៅក្នុងប្រទេសចិនជាង ២០០ អន្លង់ ដែលភាសាចិនហៅថា ទីអានខេង (TiangKeng) ឬប្រែថា «រណ្ដៅឋានសួគ៌» - Heavenly Pits។ ល្អាងជម្រៅជ្រៅៗទាំងនេះ មានភាគច្រើននៅក្នុងក្វាងស៊ី (Guangxi) និងចុងឈីង (Chongqing) ភាគខាងលិចប្រទេសចិន ជាទីតាំងធ្លាប់បង្ហាញនៅក្នុងខ្សែភាពយន្ដ Transformers: Age of Extinction ផងដែរ ដោយសារតែអ្នកវិទ្យាសាស្ត្រឃើញថា ល្អាងភ្នំទាំងនោះ ជាទីតាំងដែលមិនត្រូវបាន មានអ្នកចូលទៅដល់ តាំងពីសម័យផុតពូជ នៃពពួកសត្វដាយណូស័រមកម៉្លេះ។

ល្អាងភ្នំថ្មកំបោរ នៅក្នុងប្រទេសចិន ត្រូវបានគេរកឃើញមានទំហំធំទៅៗ គិតមកដល់ឆ្នាំ២០២២ គេបានរកឃើញល្អាង មានមុខកាត់ប្រវែង ១៥០ ម៉ែត្រ និងជម្រៅអាចជ្រៅចាប់ពី ១០០ ម៉ែត្រ ទៅដល់ ៣០០ ម៉ែត្រ ហើយតំបន់ខ្លះបានក្លាយទៅជា ទីតាំងទាក់ទាញភ្ញៀវទេសចរ ខ្លះបានបិទដើម្បីអភិរក្ស និងខ្លះទៀតជាទីតាំង មិនអាចចូលទៅដល់ ហើយអ្វីដែលពិសេសអ្នកវិទ្យាសាស្ត្រ បានរកឃើញរុក្ខជាតិកម្រ មានដុះនៅក្នុងល្អាងភ្នំ និងជីវចម្រុះ ជិតផុតពូជផ្សេងទៀតស្ថិតមិនធ្លាប់បានឃើញដូចជា ផ្កាអ័រគីដេព្រៃ (wild orchid) ត្រីល្អាងពណ៌ស (ghostly white cave fish) សត្វខ្យង និងពីងពាងជាច្រើនប្រភេទ និងមានព្រៃឈើបុរាណ ខ្លះមានកម្ពស់រហូតដល់ ៤០ ម៉ែត្រ ដុះនៅក្នុងល្អាង។

អ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា ល្អាងភ្នំជាទីតាំងនៃសណ្ឋាន ដីកម្រមួយនៅលើភពផែនដី ហើយវាកើតឡើងពីបាតុភូត នៃការរីងស្ងួតនៃផ្ទៃទឹក នៅស្រទាប់ដីខាងក្រោមបន្ដិចម្ដងៗ រហូតដុះចេញនូវថ្មកំបោរឡើងមក និងបង្កើតចេញជាភ្នំកំបោរ ហើយថ្មកំបោរដែលបាក់ ទៅបង្កើតបានទៅជារូងភ្នំ និងល្អាងធំៗ ដុះនៅលើផ្ទៃដី។

ស្ថិតនៅចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ ពីតំបន់ប្រជុំជន Ping’e តំបន់ល្អាងភ្នំដ៏ធំបំផុត របស់ប្រទេសចិន មានជម្រៅដល់ ៥០០ ម៉ែត្រមានឈ្មោះថា Dashiwei ជាល្អាងជ្រៅបំផុតទី១ លើពិភពលោក កំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនា និងរុករកអេកូឡូស៊ី មុននឹងវាផុតពូជពីភពផែនដី។

លោកបណ្ឌិត Lina Shen អ្នកស្រាវជ្រាវជីវចម្រុះនៅប្រទេសចិន លើកឡើងថា ការសិក្សាលើល្អាងភ្នំ និងរុក្ខជាតិ អេកូឡូស៊ីជិតផុតពូជទាំងនោះ ក៏អាចអោយអ្នកវិទ្យាសាស្ត្របានស្វែងយល់ពី បម្រែបម្រួលនៃសណ្ឋានភពផែនដី រាប់ម៉ឺនឆ្នាំកន្លងមក និងផលប៉ះពាល់នៃ បម្រែបម្រួលអាកាសធាតុផងដែរ។

 

ប្រភព៖ BBC