បណ្ណាល័យជ្រុងអាគ្នេយ៍នៃ ប្រាសាទបាគង ដែលមានការខូចខាតខ្លាំង ពេលនេះត្រូវបានបញ្ចប់ការជួសជុល និងវិលទៅរកភាពរឹងមាំឡើងវិញ


សៀមរាប៖ យោងតាមព័ត៌មាន ដែលទទួលបានពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៤ធ្នូ នេះបានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល បណ្ណាល័យខាងជើង នៅជ្រុងអាគ្នេយ៍នៃប្រាសាទបាគង នៅកំឡុងខែធ្នូ ឆ្នាំ២០២៤នេះ។

ក្នុងនោះដែរ ប្រធានអភិរក្សតំបន់រលួស លោក សារាយ គឹមហួល បានឱ្យដឹងថា បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍ របស់ប្រាសាទបាគង រងការខូចខាតខ្លាំងនៅខឿន មានដីចាក់បង្គរ មានផ្នែកខ្លះឥដ្ឋ បានពុកផុយ។ ជាពិសេសនៅផ្នែកដំបូល ឥដ្ឋមានសភាពពុកផុយខ្លាំង។ នៅតាមជ្រុងនីមួយៗ នៃជញ្ជាំងបណ្ណាល័យបានប្រេះហែក ដែលបណ្តាលមកពីសំណង់ មានអាយុកាលជាង១ពាន់ឆ្នាំ បញ្ហាទឹក និងរុក្ខជាតិ ទាមទារការជួសជុលពង្រឹង ទប់ស្កាត់ការខូចខាតជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា នេះជាដំណាក់កាលទី៣ នៃការជួសជុលបញ្ចប់ តួបណ្ណាល័យនៅជ្រុងអាគ្នេយ៍ នៅជ្រុងខាងត្បូង និងខាងកើត។

ប្រធានអភិរក្សតំបន់រលួសរូបនេះ ក៏បានឲ្យដឹងបន្ថែមថា ដើម្បីសង្គ្រោះតួបណ្ណាល័យនេះ ឱ្យមានភាពរឹងមាំ ក្រុមការងារបានរើឥដ្ឋផ្នែកខ្លះ ដែលពុកផុយ ចុះលេខបញ្ជីឥដ្ឋ និងរើឥដ្ឋនោះម្តងមួយដុំៗ ទៅតាមបច្ចេកទេស ដើម្បីសម្អាតកំណកដី ឬសស្មៅ និងឬសរុក្ខជាតិ និងរៀបពង្រឹងឥដ្ឋ នៅទីតាំងដើមឡើងវិញ និងជួសជុលបិទទីតាំង ដែលមានទឹកហូរជ្រាប ចូលក្នុងប្រាសាទ រួមទាំងជម្រកសត្វល្អិតផង។

ក្រោយពីបញ្ចប់ការជួសជុល រចនាសម្ពន្ធទាំងមូល របស់បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍ នៃប្រាសាទបាគង នៅដំណាក់កាលទី៣ តួបណ្ណាល័យទទួលបាន ភាពរឹងមាំឡើងវិញហើយ។ មិនតែប៉ុណ្ណោះ ក្រុមការងារនៅតែបន្តការថែទាំ អភិរក្សតាមដានជាប្រចាំ ដូចជាការសម្អាតស្មៅ ឬរុក្ខជាតិ និងទឹកដក់តាមប្រាសាទដែលជាកង្វល់ របស់អ្នកអភិរក្ស។

 

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា