តើទីក្រុងរណប មានលក្ខណៈសម្បត្តិអ្វីខ្លះ?


ឈ្មោះថាទីក្រុងរណប ឬ Satellite City ត្រូវបានផ្គុំឡើងដោយពាក្យ ២ គឺ «ទីក្រុង» និង «រណប» ដោយពាក្យថា «ទីក្រុង» សំដៅទៅលើតំបន់ប្រជុំជនធំ ឬសហគមន៍ ចំណែកពាក្យ «រណប» មានន័យថានៅអប ឬនៅអមជាប់នឹងគេ ដូចនេះ ទីក្រុងរណប គឺជាការអភិវឌ្ឍសហគមន៍ ឬទីក្រុងថ្មីមួយ ដែលអបនៅក្បែរនឹងរាជធានី ឬទីក្រុងគោលធំៗ។

ទីក្រុងរណប ត្រូវបានគេអភិវឌ្ឍន៍ នៅជុំវិញពិភពលោក នៅជុំវិញរាជធានី និងទីក្រុងគោល ដើម្បីដំណោះស្រាយលើបញ្ហាចោទ ចំពោះទីក្រុងធំៗដែលកំពុងមាន អត្រាកំណើនប្រជាជនច្រើន ដូចជាបញ្ហាកកស្ទះចរាចរណ៍ តម្រូវការកន្លែងស្នាក់នៅ កន្លែងការងារ តំបន់ពាណិជ្ជកម្ម និងឧស្សាហកម្ម ថែមទាំងជួយពង្រីកទំហំសេដ្ឋកិច្ច ផលិតផលសេវាកម្ម (GDP) និងគុណភាពរស់នៅ ក្នុងទីក្រុងគោលកាន់តែធំឡើង។

បច្ចុប្បន្ន នៅរាជធានីភ្នំពេញយើង មានការអភិវឌ្ឍទីក្រុងរណបចំនួន ៨ កន្លែងមកហើយ រួមមាន៖

១. ទីក្រុងកោះពេជ្រ៖ អភិវឌ្ឍដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ២០០៦ មានផ្ទៃដីសរុបជាង ១០០ ហិកតា

២. កាំកូស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុនកូរ៉េ World City ក្នុងឆ្នាំ២០០៦ មានផ្ទៃដីសរុបជាង ១១៩ ហិកតា

៣. បឹងកក់ស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុន Shukaku ក្នុងឆ្នាំ២០០៧ ដែលមានផ្ទៃដីសរុបជាង ១១៤ ហិកតា

៤. ទីក្រុងរណបជ្រោយចង្វារ៖ អភិវឌ្ឍដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ ២០១១ មានផ្ទៃដីសរុបជាង ៣០០ ហិកតា

៥. ហ្គាឌិនស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុន LYP Group ក្នុងឆ្នាំ ២០១២ ដែលមានផ្ទៃដីសរុបជាង ១០០០ ហិកតា

៦. ហ្គ្រេនភ្នំពេញស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុន ជីប ម៉ុង ក្នុងឆ្នាំ២០១៩ មានផ្ទៃដីសរុបជាង ២៦០ ហិកតា

៧. ទីក្រុងកោះនរា អភិវឌ្ឍដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ២០២០ មានផ្ទៃដីសរុបជាង ១២៥ ហិកតា

៨. ទីក្រុងរណបមេគង្គឃី៖ អភិវឌ្ឍដោយ្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ក្នុងឆ្នាំ២០២៤ មានផ្ទៃដីជាង ២១០ ហិកតា

ទីក្រុងរណប នៅជុំវិញរាជធានីភ្នំពេញទាំងនេះ កំពុងជួយដោះស្រាយនូវ បញ្ហាប្រឈមមួយចំនួនដូចជា៖

១. ការកាត់បន្ថយបញ្ហាចរាចរណ៍ បង្កើនហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដោយពង្រាយតំបន់ពាណិជ្ជកម្ម និងសេវាកម្ម មកកាន់តំបន់ជាយក្រុង កាត់បន្ថយការធ្វើដំណើរ មកកាន់កណ្ដាលរាជធានីភ្នំពេញ ដែលបង្កអោយមានបញ្ហាចរាចរណ៍។

២. បង្កើនគុណភាពរស់នៅ រៀបចំលំនៅដ្ឋាន សហគមន៍រស់នៅ គិតគូរដល់បរិស្ថាន តំបន់សួនបៃតង សួនច្បារសាធារណៈ ជាមួយតម្លៃសមរម្យ ជាងតំបន់កណ្ដាលរាជធានីភ្នំពេញ។

៣. ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញសេដ្ឋកិច្ចនៅតាមមូលដ្ឋាន អោយមានភាពល្អប្រសើរ ទាក់ទាញទុនវិនិយោគក្នុងស្រុក និងពីបរទេស មកកាន់តំបន់ជាយរាជធានីភ្នំពេញ។

៤. តុល្យភាពនៃការអភិវឌ្ឍ ជួយបែងចែកច្បាស់នូវ តំបន់អភិវឌ្ឍតំបន់ប្រមូលផ្ដុំ តំបន់លំហបៃតងលំហែ សាលារៀន មន្ទីរពេទ្យ តំបន់ពាណិជ្ជកម្ម ផ្សារទំនើប កន្លែងកម្សាន្ដ និងជួយទាញតំបន់ជនបទ មកកាន់កៀកតំបន់ទីក្រុង។

៥. បង្កើនពិពិធកម្មសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍន៍តំបន់ជាយក្រុង មានគម្រោងសាងសង់ថ្មីៗ បង្កើនអាជីវកម្មថ្មី បង្កើតឱកាសការងារ និងចម្រុះភាព នៃសេវាកម្មក្នុងសេដ្ឋកិច្ចជាតិ។

 

ប្រភព៖ CPR + រដ្ឋបាលក្រុងអរិយក្សត្រ