ពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបាន ១៤,៣ ពាន់លានដុល្លារ រយៈពេល ១១ ខែឆ្នាំ២០២៤


ទំហំនៃពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសក្នុងសមាជិក ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ១៤,៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែឆ្នាំ២០២៤ ដោយមានអត្រា កំណើនឡើងប្រមាណ ១២,៨% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសម្រេចបាន ១២,៦៨ ពាន់លានដុល្លារ យោងតាមរបាយការណ៍ពី ក្រសួងពាណិជ្ជកម្ម។

ចន្លោះពីខែមករា-វិច្ឆិកា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញផលិតផលសរុប ជាទឹកប្រាក់ ៤,៦២ ពាន់លានដុល្លារ ទៅកាន់ ទីផ្សារប្រទេសអាស៊ានផ្សេងទៀត ដែលមានអត្រាកើនឡើង ៨,៩% ធៀបនឹងឆ្នាំមុន ទទួលបាន ៤,២៤ ពាន់លានដុល្លារ ខណៈដែលការនាំចូលទំនិញ ពីបណ្ដាប្រទេសអាស៊ាន មកកាន់ទីផ្សារកម្ពុជាវិញ មានតម្លៃ ៩,៦៨ពាន់លានដុល្លារ កើនឡើងប្រមាណ ១៤,៨% ផងដែរ ធៀបទៅនឹងកាលពីឆ្នាំមុន ដែលសម្រេចបាន ៨,៤៤ ពាន់លានដុល្លារ។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា អាស៊ានជាទីផ្សារពាណិជ្ជកម្មធំមួយ របស់កម្ពុជា ដែលបានក្ដោបយក ប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជា ៥០,៤ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែកន្លងមកនេះ។ ក្នុងនោះ ប្រទេសជាដៃគូពាណិជ្ជកម្មធំៗទាំង ៥ របស់កម្ពុជា នៅអាស៊ានរួមមាន៖ ប្រទេសវៀតណាម ប្រទេសថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថា អាស៊ានជាទីផ្សារធំមួយសម្រាប់កម្ពុជា សម្រាប់នាំចេញផលិតផល Made in Cambodia ទៅកាន់ប្រទេសក្នុងតំបន់ នៅក្នុងតម្លៃប្រកួតប្រជែងផងដែរ ជាក់ស្ដែង ការនាំចេញសម្លៀកបំពាក់ កង់ និងផលិតផលកសិកម្មផ្សេងៗ។ កូនសោសំខាន់ សម្រាប់ការនាំចេញ ទៅកាន់ប្រទេសអាស៊ាន ដោយសារ កម្ពុជា បានចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចាប់ពីឆ្នាំ២០០៤ និងកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចាប់ពីឆ្នាំ២០២២ ធ្វើអោយទីផ្សារពាណិជ្ជកម្មកម្ពុជា ដែលធ្លាប់សម្រេចបាន ៤,៥ ពាន់លានដុល្លារ កាលពីឆ្នាំ២០០៤ ឡើងមកដល់ជាង ៥០,៤ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែឆ្នាំ២០២៤។

សូមបញ្ជាក់ថា ទំនិញសក្ដានុពលដែលកម្ពុជា នាំចេញទៅក្រៅប្រទេសរួមមាន៖ សម្លៀកបំពាក់ ស្រូវ-អង្ករ កៅស៊ូ ស្វាយចន្ទី ស្បែកជើង សម្ភារៈធ្វើដំណើរ ទោចក្រយាន គ្រឿងបង្គុំអេឡិចត្រូនិក និងបរិក្ខាយានយន្ដជាដើម។

 

ប្រភព៖ Xinhua