ខឿនរួតទី៣ ជ្រុងនិរតីប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរហើយ បន្ទាប់ពីចំណាយពេលប្រមាណ ១ ឆ្នាំរួចមក!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយ ដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារជំនាញរបស់ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើ ការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយ នៅដើមឆ្នាំ២០២៤នេះ។

ជាក់ស្តែង កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាអ្នកគ្រប់គ្រង ការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន បានឱ្យដឹងថា ការងារជួសជុលសម្រេចបាន ដោយជោគជ័យនៅ ខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿន ដែលរំកិលហែកក្រៀក ឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាម ប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគ ប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះ កន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។

ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០២៣ មកនោះ បានឈានដល់ ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញ នៅតាមមុខដំណរថ្មតែប៉ុណ្ណោះ។

បន្ថែមពីនេះ កញ្ញា បានឱ្យដឹងទៀតថា ខឿនជ្រុងខាងត្បូង ផ្នែកខាងលិចរបស់រួតទី៣ នៃប្រាសាទបាយ័ន  ដែលរងខូចខាតខ្លាំង ដោយសារតែមូលហេតុដូចជា ឬសឈើបានដុះចាក់ចូល ទៅក្នុងរចនាសម្ពន្ធ ធ្វើឱ្យថ្មមួយចំនួនរំកិលចេញ ពីទីតាំងដើម និងបង្កើតបានជាប្រហោង នៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូល ទៅតាមប្រហោងថ្មដោយ នាំល្បាយដីខ្សាច់ចេញមកក្រៅ បណ្ដាលឱ្យខឿននេះ ហែកក្រៀកមួយចំនួន។

ម្យ៉ាងទៀត បារាំងធ្លាប់បានជួសជុល ដោយប្រើបាយអស៊ីម៉ងត៍ ទៅបិទបំពេញនៅតាម ចន្លោះថ្មកម្រាល។ ប៉ុន្តែ មកដល់បច្ចុប្បន្នបាយអនោះ អស់គុណភាព ហើយបានធ្វើឱ្យខឿនរួតទី៣ របស់ប្រាសាទបាយ័ននៅតែប្រឈម និងហានិភ័យឡើងវិញជាថ្មី។

រូបភាពពីអាជ្ញាធរជាតិអប្សរា