កម្ពុជា នឹងភ្ជាប់ជើងហោះហើរទៅកាន់ឥណ្ឌា ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងញូវដេលី ចាប់ពីថ្ងៃទី ១៦មិថុនានេះហើយ!


ភ្នំពេញ៖ កម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ (Cambodia Angkor Air) នឹងចាប់ផ្តើមជើងហោះហើរទៅមកភ្នំពេញ-ញូវដេលីនៅថ្ងៃទី១៦ ខែមិថុនា ជាមួយនឹងការធ្វើដំណើរចំនួន៤ ដងក្នុងមួយសប្តាហ៍។

ជាក់ស្តែង បើយោងតាមការប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ កាលពីថ្ងៃទី ២២មីនាថ្មីៗនេះ បានឲ្យដឹងបន្ថែមថា ជើងហោះហើរនេះ នឹងដំណើរការនៅថ្ងៃអាទិត្យ ចន្ទ ពុធ និងថ្ងៃសុក្រ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air កំពុងចាប់ផ្តើមការហោះហើរត្រង់ លើកដំបូងដែលមិនធ្លាប់មានពី ភ្នំពេញទៅញូវដេលី ជាមួយនឹងជើងហោះហើរចំនួនបួនដង ក្នុងមួយសប្តាហ៍ ដើម្បីបម្រើដល់ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ នេះ។ សេវាកម្មថ្មីនេះនឹងពង្រឹងទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា សម្រួលដល់ការបង្កើន ឱកាសទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ជើងហោះហើរត្រូវបានចាប់ផ្តើម ស្របពេលនឹងការប្រារព្ធ ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ ដែលជាយុទ្ធនាការផ្សព្វផ្សាយ និងលើកទឹកចិត្តមនុស្សកាន់តែច្រើនពី ប្រទេសទាំងពីរឱ្យទៅទស្សនា គោលដៅរបស់គ្នាទៅវិញទៅមក។

ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌា និងចិន គឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុត ដែលកម្ពុជាកំពុងកំណត់គោលដៅ។ ជាមួយនឹងការហោះហើរត្រង់ ចាប់ពីខែមិថុនាឆ្នាំនេះ កម្ពុជារំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរឥណ្ឌា កាន់តែច្រើនមកកម្ពុជា។

ដោយឡែក បើយោងតាមរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ IndiGo ដែលជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបរបស់ប្រទេសឥណ្ឌា បានទទួលការយល់ព្រមពី អាជ្ញាធរកម្ពុជា ដើម្បីដំណើរការជើងហោះហើរ រវាងទីក្រុងញូវដេលី និងខេត្តសៀមរាប ផងដែរ។

តួលេខផ្លូវការបានបង្ហាញថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៤៣ លាននាក់នៅឆ្នាំ ២០២៣ កើនឡើង ១៣៩% ពីចំនួន ២,២៧ លាននាក់ក្នុងឆ្នាំ ២០២២ ដែលរកចំណូលបាន ៣,០៤ ពាន់លានដុល្លារ កើនឡើង ១១៥% ពី ១,៤១ ពាន់លានដុល្លារកាលពីឆ្នាំមុន។

កម្ពុជាក៏បានស្វាគមន៍ ភ្ញៀវទេសចរឥណ្ឌាចំនួន ៦៨ ៨៣៦ នាក់កាលពីឆ្នាំមុន កើនឡើងជាង ១០២% ពីចំនួន ៣៤ ០១៦ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមក្រសួងទេសចរណ៍។