គម្រោង Pub Street ទំហំសរុប ៥៧ ហិកតា បែងចែកជាបីតំបន់ នឹងមានវត្តមាននៅរាជធានីភ្នំពេញ នៅចុងឆ្នាំនេះ ដើម្បីបន្ថែមជម្រើសដំណើរកម្សាន្ត ពេលរាត្រីសម្រាប់ភ្ញៀវទេសចរ!


ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងបង្កើត Pub Street ថ្មីនៅរាជធានីភ្នំពេញ នឹងរួចរាល់នៅចុងឆ្នាំ ២០២៤ នេះ។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមដែរថា តំបន់ Pub Street ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់នូវទីតាំងកម្សាន្តក្នុងពេលរាត្រី ដែលត្រូវបានកែលម្អ និងពង្រីកសម្រាប់អ្នកសម្រាកលំហែកាយ ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជម្រុញដល់ ឧស្សាហកម្មទេសចរណ៍ ក្នុងទីក្រុងភ្នំពេញ ដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស។

បន្ថែមឯកឧត្តម បានបន្ថែមថា រដ្ឋបាលរបស់ឯកឧត្តម បានបញ្ចប់ការសិក្សាលទ្ធភាព សម្រាប់គម្រោងនេះរួចហើយ ហើយឥឡូវនេះកំពុងផ្តោតលើការអនុវត្ត។ ក្នុងជំនួបជាមួយអាជ្ញាធរពាក់ព័ន្ធ ឯកឧត្តមអភិបាល បានជម្រុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមជួសជុលជាការងារចាំបាច់ សម្រាប់សម្ពោធគម្រោងនេះ ក្នុងរយៈពេលប្រាំមួយខែ។

ឯកឧត្តមអភិបាល បានកត់សម្គាល់ថា តំបន់ Pub Street ថ្មីនៅទីក្រុងភ្នំពេញនេះ ត្រូវបានរំពឹងថានឹងសាងសង់ រួចរាល់ទាំងស្រុង មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៥ តែនឹងដាក់ដំណើរការ ឲ្យបានមុនដាច់ឆ្នាំនេះ។ យោងតាមផែនការរបស់ រដ្ឋបាលរាជធានីភ្នំពេញ តំបន់ Pub Street និងផ្លូវថ្មើរជើងនឹងមានទីតាំង នៅទល់មុខការិយាល័យប្រៃសណីយ៍កម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទីតាំងនេះអនុញ្ញាតឱ្យអ្នកទេសចរ អាចដើរកម្សាន្តនៅតាម តំបន់មាត់ទន្លេមេគង្គ និងទន្លេបាសាក់ ហើយក៏នៅជិតផ្សាររាត្រី របស់រាជធានីភ្នំពេញផងដែរ ដែលជាផ្សារទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ពាន់នាក់ សម្រាប់ការដើរទិញឥវ៉ាន់ និងបរិភោគអាហារ។

យ៉ាងណា យោងតាមផែនការលម្អិត របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន ផ្លូវថ្មើរជើងរាជធានីភ្នំពេញ បែងចែងជា ៣ តំបន់ មានទំហំ ៥៧ ហិកតា។

តំបន់ទី១ មានផ្ទៃដីទំហំ ៣,៣ ហិចតា នឹងមានទីតាំងនៅទល់មុខប្រៃសណីយ៍ ព្រំប្រទល់ជាប់ផ្លូវលេខ ៩៤ ខាងជើង ផ្លូវលេខ ១០៦ ខាងត្បូង ផ្លូវលេខ ១៣ ខាងលិច និងផ្លូវព្រះស៊ីសុវត្ថិ ខាងកើត។ តំបន់ទី១នេះ ត្រូវបានរចនាឡើងជា តំបន់ពាណិជ្ជកម្ម ហើយនឹងត្រូវបានរៀបចំឡើងវិញ ជាផ្លូវលក់អាហារ និងផ្សារទំនើប។

តំបន់ទី២ មានផ្ទៃដីសរុប ២០,៧ ហិកតា ជាប់ផ្លូវលេខ ១០៦ ទៅខាងជើង ផ្លូវ ១៨៤ ទៅខាងត្បូង ផ្លូវលេខ ១៣ ទៅខាងលិច និងផ្លូវព្រះស៊ីសុវត្ថិ ខាងកើត និងក្លាយជាតំបន់អាហារ និងភេសជ្ជៈ ហើយនឹងត្រូវបានគេស្គាល់ថាជា Pub Street បន្ទាប់ពីការបើកដំណើរការ។

តំបន់ទី៣ នឹងត្រូវកំណត់ជាតំបន់ទេសចរណ៍ ដែលមានផ្ទៃដីសរុប ៣៤ ហិកតា ជាប់ព្រំប្រទល់ផ្លូវលេខ១៨៤ ខាងជើង មហាវិថីព្រះសីហនុ ខាងត្បូង ផ្លូវលេខ៧ ខាងលិច និងផ្លូវព្រះស៊ីសុវត្ថិ ខាងកើត។

ក្នុងរយៈពេលប្រាំមួយខែខាងមុខ អាជ្ញាធររាជធានីភ្នំពេញ មានបំណងបញ្ចប់ផែនការ កែប្រែតំបន់នេះ រួមទាំងការកែលម្អចិញ្ចើមផ្លូវ ផ្លូវចេញចូល តំបន់បៃតង និងសួនច្បារ បង្គន់អនាម័យ និងចំណតរថយន្ត រួមជាមួយនឹងការជួលហាង ភោជនីយដ្ឋាន សណ្ឋាគារ និងបារ។

នៅពេលដែលគម្រោងអភិវឌ្ឍន៍ ត្រូវបានបញ្ចប់ តំបន់នេះនឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទិញទំនិញ ពិសារអាហារ ដោយរំពឹងថានឹងមានចរាចរណ៍ រវល់បំផុតចាប់ពីម៉ោង ៦ដល់ម៉ោង១១ យប់។

គូសបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានបង្កើតឡើង បន្ទាប់ពីភាពជោគជ័យរបស់ Pub Street នៅក្នុងខេត្តសៀមរាប។ តំបន់ Pub Street គឺជាតំបន់កម្សាន្តពេលរាត្រី ដ៏ពេញនិយមនៅក្នុងខេត្តសៀមរាប ដែលបានទាក់ទាញអ្នកទស្សនារាប់សែននាក់ជាបន្តបន្ទាប់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកជាតិ និងអន្តរជាតិក្នុងរយៈពេលមួយទសវត្សរ៍មុន។