ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង ១០០ បំណែក ត្រូវបានប្រទះឃើញនៅប្រាសាទតាព្រហ្ម


ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែក រូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ប្រមាណជាង ១០០ បំណែក នៅផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀម របស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ខណៈពេលដែលក្រុមការងារ បានជីកដីធ្វើកំណាយ សម្រាប់ស្រាវជ្រាវ។ ព្រះពុទ្ធបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែន ប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ និងបំណែកជាច្រើនទៀត។

លោកស្រី នេត ស៊ីមន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានបញ្ជាក់ថា ដំបូងឡើយក្រុមការងារ បានធ្វើការសម្អាតគំនរដី ផ្នែកខាងត្បូង កំពែងថ្មបាយក្រៀម របស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងថតរូបចុះបញ្ជី ទៅក្នុងប្លង់រួមរបស់ប្រាសាទអោយមានសណ្ដាប់ធ្នាប់។

ប៉ុន្តែអំឡុងពេលសម្អាតនោះ ក្រុមការងារបានប្រទះឃើញ បំណែករូបព្រះពុទ្ធបដិមា ជាច្រើននៅទីនោះ ដែលបានកប់នៅក្នុងដីជម្រៅពី ១០ ទៅ ១៥ សង់ទីម៉ែត្រ ក្រោយមកក្រុមការងារ ក៏បានស្នើសុំយោបល់ ពីថ្នាក់លើ ដើម្បីធ្វើរណ្ដៅកំណាយ ដើម្បីស្រាវជ្រាវ ក៏ប្រទះឃើញបំណែករូបបដិមា កាន់តែច្រើនសរុប ប្រហែលជាង ១០០ បំណែកនៅទីតាំងនោះ។

បំណែកព្រះពុទ្ធបដិមាទាំងនោះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំចាប់ពី ៤០ ទៅ ៥០ សង់ទីម៉ែត្រ ដែលក្រុមការងារ អាជ្ញាធរជាតិអប្សរាសន្និដ្ឋានថា ជាចម្លាក់ស្ថិតនៅក្នុង រចនាបថបាយ័ន។ រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ ដឹងច្បាស់ថាតើ នៅក្នុងជម្រៅដីចុះទៅក្រោមទៀត នឹងអាចមានបដិមាច្រើនទៀតឬក៏យ៉ាងណានៅឡើយទេ។ ប៉ុន្តែបច្ចុប្បន្ន ក្រុមការងារកំពុងតែលើកយក បំណែករូបបដិមាជាង ១០០ ដែលបានឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ និងវាស់វែងទំហំខ្នាតជា បណ្ដោះអាសន្នសិន។