ខេត្តសៀមរាប បញ្ជាក់ពី តំបន់ ៨ កន្លែង មានទំហំផ្ទៃដីសរុបប្រមាណ ២៨ម៉ឺនហិកតា ជាតំបន់ការពារធម្មជាតិ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ចេញផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៨ មេសា កន្លងទៅ បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៨ម៉ឺនហិកតា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។

ក្នុងនោះ ប្រភពដដែលបានឲ្យដឹងបន្តថា តំបន់ការពារធម្មជាតិទាំង ៨ទីតាំងនេះ ស្ថិតក្នុងការគ្រប់គ្រងដោយរដ្ឋ ដើម្បីការពារពីការទន្ទ្រាន កាន់កាប់ដោយឯកជន ការអភិរក្សនិងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ សម្រាប់វិស័យទេសចរណ៍ធម្មជាតិ និងនិរន្តរភាពទេសភាពបៃតង។

ជាក់ស្តែង តំបន់ការពារធម្មជាតិទាំងនោះមានដូចជា៖ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វភ្នំត្នោតភ្នំពក តំបន់ការពារទេសភាព ទំនាបខាងជើងបឹងទន្លេសាប តំបន់ការពារទេសភាពអង្គរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាដើម។

គូសបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។

ស្របគ្នានឹងនេះផងដែរ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បាននឹងកំពុងជម្រុញបង្កើត របៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀត ស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ការកាត់បន្ថយ ការដាក់សម្ពាធលើធនធានធម្មជាតិ។