គម្រោងរថភ្លើងល្បឿនលឿន រត់ពីភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ក្រុងប៉ោយប៉ែត របស់ Royal Group គ្រោងនឹងដាក់ដំណើរការនៅខែមិថុនា ខាងមុខនេះ!


ភ្នំពេញ៖ បើយោងតាមការចុះផ្សាយ ពីទូរទស្សន៍អប្សរា កាលពីថ្ងៃទី២២ មេសា កន្លងទៅនេះបានឲ្យដឹងថា ក្រុមហ៊ុន Royal Railway Cambodia របស់ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញរថភ្លើងចំនួន ៥ ពីប្រទេសជប៉ុន ដែលគ្រោងនឹងដាក់ឱ្យដំណើរការ ជារថភ្លើងល្បឿនលឿនរត់ពីភ្នំពេញ-ក្រុងព្រះសីហនុ និងពីភ្នំពេញ-ប៉ោយប៉ែត នៅក្នុងខែមិថុនាខាងមុខនេះ។

ក្នុងរបាយការណ៍ព័ត៌មានពីប្រភពដដែល បានបន្តឲ្យដឹងថា រថភ្លើងនេះ នឹងបើកបរដោយល្បឿនចន្លោះពី៩០ ទៅ ១១០ គីឡូម៉ែត្រ/ម៉ោង អាស្រ័យតាមស្ថានភាពផ្លូវ ខណៈដែលរថភ្លើងបច្ចុប្បន្ន អាចរត់បានល្បឿនត្រឹមតែ ៥០គីឡូម៉ែត្រ/ម៉ោង ប៉ុណ្ណោះ។

លោក ចន ឃើរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia ក៏បានបញ្ជាក់ឱ្យដឹងផងថា ក្រុមហ៊ុន នឹងប្រើប្រាស់រថភ្លើង ដែលទិញពីប្រទេសជប៉ុន ដែលមានសរុបចំនួន ១១ទូ ស្មើនឹង ៥រថភ្លើង សម្រាប់ដឹកអ្នកដំណើរប្រមាណ ៧០០នាក់លើផ្លូវទាំង ០២ខ្សែ។

រថភ្លើងនេះ បានបំពាក់ជាមួយម៉ាស៊ីនត្រជាក់ និងកៅអីពិសេស (First Class) ដែលមានតម្លៃចន្លោះពី២៤០០០រៀល ទៅ ៤០០០០រៀលក្នុងមួយកៅអី លោកបានបញ្ជាក់បន្ថែម។

បន្តពីនេះ នៅជំហានដំបូង ក្រុមហ៊ុននឹងបើកដំណើរការរថភ្លើង នៅពេលថ្ងៃសិន តែឆាប់ខាងមុខនេះដែរ ក្រុមហ៊ុន នឹងរៀបចំដំណើរការ រថភ្លើងពេលយប់ ដែលមានគ្រែគេង ផងដែរ។

គូសសម្គាល់ផងថា រថភ្លើងដែលទិញពី ប្រទេសជប៉ុនចំនួន ១១ទូនេះ ជារថភ្លើងជំនាន់ទី១ របស់ជប៉ុន ផលិតក្នុងឆ្នាំ ១៩៧៩ ដែលអាចដំណើរខ្លួនឯងបាន ដោយពុំចាំបាច់ ប្រើក្បាលរថភ្លើង ដើម្បីអូសទូរថភ្លើងឡើយ។ រថភ្លើងទាំងនេះ នឹងមកដល់កម្ពុជា នៅសប្តាហ៍ក្រោយនេះតែម្តង។

យ៉ាងណា ក្រៅពីរថភ្លើងទាំង៥គ្រឿង ខាងលើនេះហើយ លោក ចន ឃើរី បានបញ្ជាក់ទៀតថា ក្រុមហ៊ុន ក៏គ្រោងនឹងទិញទូរថភ្លើង និងក្បាលរថភ្លើងចំនួនជាង ២០០គ្រឿងទៀត សម្រាប់ដាក់ឱ្យបម្រើវិស័យនេះ បន្ថែម ឲ្យកាន់តែទូលំទូលាយទៀតផង។

គួររម្លឹកឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានខ្សែរថភ្លើងចំនួន ០២ខ្សែ ស្ថិតនៅភាគខាងត្បូង និងភាគខាងជើងប្រទេស ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ យ៉ាងណា ក្នុងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅសាងសង់ផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង អាកាសយានដ្ឋាន កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅតាមតំបន់គោលដៅអាទិភាព និងសក្តានុពល រាជធានីខេត្ត។

កម្ពុជា ត្រូវការថវិកាប្រមាណ ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន ១៧៤គម្រោង សម្រាប់ផែនការខាងលើនេះ។