៤ ខែដំបូងនៃឆ្នាំ ២០២៤ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រាសាទអង្គរវត្ត មានចំនួនជាង ៤២ម៉ឺននាក់ កើនឡើង ៤១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន!


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ សហគ្រាសរដ្ឋអង្គរនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៤ បានបង្ហាញឲ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់កម្ពុជា បានកើនឡើង ៤១% ក្នុងរយៈពេល ៤ខែដំបូង នៃឆ្នាំ២០២៤។

របាយការណ៍ដដែលបានឱ្យដឹងថា ប្រាសាទអង្គរវត្តទទួលបាន ភ្ញៀវទេសចរបរទេសចំនួន ៤២១ ៣៧៩នាក់ ក្នុងអំឡុងពេល ខែមករាដល់ខែមេសាឆ្នាំនេះ កើនឡើង ៤១% ពីចំនួន ២៩៨ ៩៩៨នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាក់ស្តែង ប្រាក់ចំណូលពីការលក់សំបុត្រ របស់រមណីយដ្ឋានបុរាណអង្គរ មានចំនួន ១៩,៩ លានដុល្លារ កើនឡើង ៤២% ពី ១៤លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងនោះដែរ ប្រទេសចិនគឺជាប្រភព ភ្ញៀវទេសចរអន្តរជាតិដ៏សំខាន់បំផុតទីប្រាំ មកកាន់រមណីយដ្ឋានបុរាណអង្គរ បន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងកូរ៉េខាងត្បូង។ របាយការណ៍បានបន្ថែមថា ភ្ញៀវទេសចរចិនចំនួន ២៨ ១៧២ នាក់ បានមកទស្សនាឧទ្យានអង្គរ កើនឡើង ៥៣% ពីចំនួន ១៨ ៤៣៧នាក់។

គូសបញ្ជាក់ដែរថា ឧទ្យានបុរាណអង្គរ ស្ថិតនៅភាគពាយ័ព្យនៃខេត្តសៀមរាប ដែលមានទំហំ ៤០១ គីឡូម៉ែត្រការ៉េ មានប្រាសាទបុរាណចំនួន៩១ ដែលត្រូវបានសាងសង់ពីសតវត្សរ៍ទី៩ ដល់សតវត្សទី១៣។

ប្រាសាទអង្គរវត្តដែលត្រូវបាន ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

ដូចគ្នានោះដែរ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤» ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ក្នុងគោលបំណង ស្តារវិស័យទេសចរណ៍ឡើងវិញ ផងដែរ។