ច្រកអន្តរជាតិស្ទឹងបត់-បានណងអៀន មានសកម្មភាពដឹកទំនិញ គួរអោយកត់សម្គាល់ ក្រោយបើកដំណើរការបណ្ដោះអាសន្ន


ទោះបីជាមិនទាន់សម្ពោធ ប្រើប្រាស់ជាផ្លូវការនៅឡើយ ប៉ុន្តែច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន មានរថយន្ដឆ្លងកាត់ និងសកម្មភាពដឹកជញ្ជូនទំនិញគួរអោយកត់សម្គាល់ បន្ទាប់ពីបានបើកប្រើប្រាស់ បណ្ដោះអាសន្នចាប់ពីចុងឆ្នាំ ២០២៣ កន្លងទៅ។ យោងតាមរបាយការណ៍ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ជាមធ្យមច្រកទ្វារអន្តរជាតិនេះ មានរថយន្ដឆ្លងកាត់ចន្លោះពី ១៥០ ទៅ ២០០ គ្រឿងក្នុងមួយថ្ងៃ ហើយនៅពេលខាងមុខ នឹងអាចទទួលរថយន្ដដឹកជញ្ជូន ទំនិញចំនួន ៦០០ គ្រឿងក្នុងមួយថ្ងៃ ជួយសម្រួលបញ្ជៀសចរាចរណ៍ កាត់បន្ថយការកកស្ទះ សកម្មភាពដឹកជញ្ជូនទំនិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក បានមួយកម្រិតធំ។

ប្រទេសថៃ គឺជាដៃគូរពាណិជ្ជកម្ម ដ៏ធំមួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធ លើខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំង ២ ការបង្កើតនិងអភិវឌ្ឍន៍ ច្រកទ្វារព្រំដែនអន្តរជាតិថ្មីបន្ថែមទៀត ជាក់ស្ដែងគម្រោងផ្លូវជាតិលេខ១០ តាមក្រវាត់ព្រំដែនថៃ (បាត់ដំបង-ពោធិ៍សាត់-កោះកុង) បង្កើតច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ពោធិ៍សាត់-ត្រាត ផ្លូវជាតិ៥៥) គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-ក្រុងខេមរភូមិន្ទ) គម្រោងផ្លូវជាតិលេខ៥ និងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិថ្មីស្ទឹងបត់-បានណងអៀន ហើយនៅមានគម្រោង កំពុងសិក្សាបន្ថែមទៀត ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ជាដើម។

ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ជាគម្រោងមួយក្នុង ចំណោមគម្រោងទាំងអត់នោះ ដែលត្រូវបានបើក ការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៩ បានបញ្ចប់នៅខែសីហា ឆ្នាំ២០២៣ ព្រមទាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ប្រវែង ៦២០ ម៉ែត្រផងដែរ។ យោងតាមប្រសាសន៍ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញត្រួតពិនិត្យ លើសមិទ្ធផលគម្រោង ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន កាលពីចុងខែមេសាកន្លងទៅ បង្ហាញថា សមិទ្ធផលអគារច្រកទ្វារអន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការជួយសម្របសម្រួលការធ្វើពាណិជ្ជកម្ម វិនិយោគអន្តរជាតិ គាំទ្រដល់ការពង្រីក ទំហំពាណិជ្ជកម្មទ្វេភាគី ធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ដែលជាច្រកអន្តរជាតិ មមាញឹកជាងគេបំផុត រវាងកម្ពុជា-ថៃ។

សូមបញ្ជាក់ថា ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ស្ថិតនៅចម្ងាយ ៧ គីឡូម៉ែត្រពីច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក បានសាងសង់ទន្ទឹមជាមួយនឹងគម្រោងធ្វើអោយ ប្រសើរឡើងវិញផ្លូវជាតិលេខ៥ គឺជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីផ្ដល់ប្រយោជន៍ដ៏ធំធេង ដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ក៏ដូចជាការសម្រេចអោយបាន ចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេស ក្នុងតំបន់អាស៊ាន (ASEAN Connectivity)។

គម្រោងនេះ ត្រូវបានម៉ៅការសាងសង់ ដោយក្រុមហ៊ុន CM Grand Development Co., Ltd និង Tan Kim Eng Co., Ltd ដោយចំណាយថវិកាសរុប ២៦,៤២ លានដុល្លារ ជាហិរញ្ញប្បទានពីទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្ដាប្រទេសជិតខាង (NEDA) នៃព្រះរាជាណាចក្រថៃ ដោយគម្រោងទាំងមូលមានដូចជា ការសាងសង់អគារ ច្រកត្រួតពិនិត្យព្រំដែន ផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិ សំណង់អគារអន្ដោវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឬឃ្លាំងនិងកុងតឺន័រ ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយ គ្រោះទឹកជំនន់។