ក្រុមហ៊ុនអាទីសង់អង្គរ បង្ហាញពីគម្រោង ដាំបន្ថែមនូវ ដើមមន ប្រមាណ ១៥ហិកតា នៅខេត្តសៀមរាប ដើម្បីពង្រីក សង្វាក់ផលិតកម្មសូត្រខ្មែរ!


សៀមរាប៖ បើយោងតាម កិច្ចពិភាក្សាការងាររវាង លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយអ្នកជំនាញ ក្រុមហ៊ុនអាទីហ្សង់អង្គរ កាលទីថ្ងៃ ១៨ឧសភា កន្លងទៅបានឲ្យដឹងថា ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប មានបំណងចង់ដាំដើមមនបន្ថែម នៅលើដីទំហំ ១៥ហិកតា ដើម្បីពង្រីកផលិតកម្មសូត្រខ្មែរ សម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ។

ជាក់ស្តែង នៅក្នុងកិច្ចពិភាក្សានេះ តំណាងក្រុមហ៊ុនអាទីហ្សង់អង្គរ បានបង្ហាញពីបំណង ចង់ដាំដើមមនបន្ថែម ដើម្បីឈានដល់ ការចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រ សម្រាប់ផ្គត់ផ្គង់ដល់ រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរ បច្ចុប្បន្នកំពុងមានកំណើនយ៉ាងគំហុក។

ស្របពេលនោះដែរ លោក ជំទាវ អ៊ឹម រចនា ក៏បានលើកឡើង អំពីការយកចិត្តទុកដាក់របស់ក្រសួង ចំពោះការដាំដើមមន ចិញ្ចឹមដង្កូវនាង និងសិប្បកម្មសូត្រ ដែលជាទំនៀមទម្លាប់ខ្មែរ តាំងពីបុរាណកាលមកហើយ។ លោកជំទាវ បានបន្តថា បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការអភិរក្សសិប្បកម្មសូត្រ គឺជាការរួមចំណែកជួយ ថែរក្សា និងផ្សព្វផ្សាយ អត្តសញ្ញាណខ្មែរ ទៅកាន់ពិភពលោកផងដែរ។

បន្ថែមពីនេះ លោកជំទាវ អះអាងថា វាក៏ នឹងជួយផ្ដល់ការងារ ដល់ពលរដ្ឋមូលដ្ឋាន បង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាកស្រុក នៅក្រុងសៀមរាបទៀតផង។

យ៉ាងណា ជាការឆ្លើយតបនឹងសំណើពី ក្រុមហ៊ុនអាទីហ្សង់អង្គរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម នឹងសហការផ្ដល់ការគាំទ្រ ក្នុងការបង្កាត់ពូជដង្កូវនាង ដើម្បីស្វែងរកពូជថ្មីៗ ដែលធន់នឹងអាកាសធាតុ ផ្តល់ទិន្នផលសរសៃសូត្រខ្ពស់។

លើសពីនេះដែរ អគ្គនាយកដ្ឋានកសិកម្ម ក៏នឹងបន្តធ្វើការជាមួយក្រុមហ៊ុន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការដាំដុះនិងការការប្រមូលផល ព្រមទាំងសហការដោះស្រាយ រាល់បញ្ហាប្រឈមនានាដែលកើតទ្បើង ទាំងពេលនេះ និងពេលអនាគតថែមទៀតផង។