ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ បាននាំចេញសរុបជាទឹកប្រាក់ជាង ៦,២ ពាន់លានដុល្លារ ក្នុងពាក់កណ្ដាលឆ្នាំ២០២៤


រយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញលើ ឧស្សាហកម្មកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរ សរុបជាទឹកប្រាក់ ៦ ២៤៦ លានដុល្លារ ដែលកើនឡើង ១៦,៥% បើធៀបទៅរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលសម្រេចបានត្រឹម ៥ ៣៦០ លានដុល្លារ ដោយក្នុងនោះឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ មានការនាំចេញ ធំជាងគេបង្អស់។

តាមចេញផ្សាយពី ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ជាសសរស្ដម្ភធំមួយ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដែលបាននាំចេញរហូតដល់ ៤ ៥៦៩ លានដុល្លារ កើនឡើង ១៨,៤% ធៀបទៅនឹងឆ្នាំមុន ដែលសម្រេចការនាំចេញបាន ៣ ៨៥៨ លានដុល្លារ ទីពីរគឺការនាំចេញផលិតផល ធ្វើដំណើរសរុបជាទឹកប្រាក់ ៩០៣ លានដុល្លារ កើនឡើង ១២,៧% និងទីបីគឺការនាំចេញស្បែកជើង ដែលសម្រេចបាន ៧៧៤ លានដុល្លារ កើនឡើងជាង ១០% ផងដែរ។

របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា គិតមកទល់ពេលនេះ កម្ពុជា មានរោងចក្រឧស្សាហកម្ម សរុបចំនួន ១ ៥៣៨ កន្លែង ដែលផ្ដល់ការងារដល់កម្មករ-កម្មការនី សរុបជាង ៩១៣ ០០០ នាក់ ដែលភាគច្រើនជាងស្ដ្រី ហើយរោងចក្រឧស្សាហកម្មទាំងនេះ ជាប្រភពចំណូលដ៏ធំមួយ នៃការនាំចេញរបស់កម្ពុជា។

ធនាគារពិភពលោក ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤ រំពឹងមានកំណើនប្រមាណ ៥,៨% ដោយក្នុងនោះ មានការរួមចំណែកយ៉ាងសំខាន់ពីកំណើនឡើងមកវិញ នៃវិស័យឧស្សាហកម្មកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរនេះ ហើយវិស័យឧស្សាហកម្ម មិនមែនកាត់ដេរ កសិកម្ម កសិឧស្សាហកម្ម មានស្ថេរភាពល្អដដែល។