សារមន្ទីរថ្មី រចនាបថខ្មែរ តម្លៃជាង ១ លានដុល្លារ នៅក្នុងវត្តរាជបូណ៌ ខេត្តសៀមរាប បានបើកការដ្ឋានសាងសង់ហើយ!


សៀមរាប៖ បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ១៨កក្កដា កន្លងទៅនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងឥស្សរជនជាន់ខ្ពស់ មួយចំនួនទៀត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន បញ្ចុះបឋមសិលាសាងសង់ សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលមានតម្លៃជាង ១លានដុល្លារ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជាក់ស្តែង ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី បានមានប្រសាសន៍ថា ការសាងសង់សារមន្ទីរ នៅទីនេះ គឺបានចូលរួមចំណែក នៅក្នុងសង្គម-សេដ្ឋកិច្ច របស់ខេត្តសៀមរាប ក្នុងការថែរក្សា សម្បត្តិវប្បធម៌កេរដំណែលរបស់ដូនតា ការចូលរួមលើកកម្ពស់ នៅក្នុងវិស័យទេសចរណ៍ នៃខេត្តសៀមរាប តាមរយៈការរៀបចំទីតាំងមួយនេះ ឱ្យក្លាយជាគោលដៅ ទេសចរណ៍វប្បធម៌បន្ថែម។

គួរឲ្យដឹងទៀតដែរថា បើតាមសម្តេចធិបតី គឺសារមន្ទីរនេះ នឹងតម្កល់នូវវត្ថុបុរាណ ដែលពុទ្ធបរិស័ទមួយចំនួន បានប្រទះឃើញ ហើយយកមកប្រគេនព្រះសង្ឃ ដើម្បីការពារថែរក្សា បេតិកភណ្ឌកេរដំណែលដូនតា និងសម្រាប់កូនចៅជំនាន់ក្រោយ បានយល់ដឹងនូវវប្បធម៌របស់ខ្លួន។

គូសសម្គាល់ដែរថា  គម្រោងសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ជាង ១.០៣៩.៦៦០ដុល្លារ (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល ២៤ខែ។

អ្វីដែលកាន់តែពិសេសនោះ គឺស្ថាបត្យកម្មគម្រោង ប្លង់ស្ថាបត្យកម្មជារចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦,៦ម៉ែត្រ កម្ពស់ពីរជាន់ (ជាន់ផ្ទាល់ដីនិងជាន់ទីមួយ) គូរដោយមន្ត្រីជំនាញអាជ្ញាធរជាតិ អប្សរា។

ក្នុងនោះដែរ សារមន្ទីរនេះ នឹងរក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង ភ្លុក ថ្ម សរុបប្រមាណ ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់ សម័យក្រោយអង្គរ។

គួររម្លឹកដែរថា វត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយ ក្នុងចំណោមវត្តដទៃទៀត នៅក្នុងខេត្តសៀមរាប។ អារាមមួយនេះមាន ព្រះវិហារមួយ ដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក អំឡុងនៃការសាងសង់ ក្នុងរាជព្រះបាទនរោត្តម។

នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុង មានសិល្បៈដ៏រស់រវើកល្អវិចិត្រ គឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញ នៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤។ អំពីអាយុកាលនៃការកកើតវត្តនោះ ពុំមានភស្តុតាងបញ្ជាក់ ច្បាស់លាស់នោះទេ។