សំណង់វិហារបុរាណវត្តព្រះឥន្ទកោសីយ៍ អាយុកាលជិត ១០០ ឆ្នាំ ត្រូវបានបញ្ចប់ការជួសជុល ពង្រឹងឡើងវិញ ថែមទាំងបន្ថែមសោភណ៌ភាព យ៉ាងស្រស់ស្អាតទាក់ទាញ!


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយនៅបរិវេណ វត្តព្រះឥន្ទកោសីយ៍។

ជាក់ស្តែង អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ សំណង់ព្រះវិហារបុរាណនៅវត្តព្រះឥន្ទកោសីយ៍ លោក ស៊ឹម ប៊ុនធឿន ដែលបានបញ្ចប់ការជួសជុលទាំងស្រុង ហើយនៅពាក់កណ្ដាលខែ កក្កដានេះ បន្ទាប់ពីចាប់ផ្តើមពីដើមឆ្នាំ២០២៤មក។ លោកបន្តថា ព្រះវិហារដែលមានរាងតូចច្រឡឹងមួយនេះ ខូចខាតខ្លាំងនៅផ្នែកដំបូល ដែលពេលជួសជុល ត្រូវប្រើសម្ភារថ្មីច្រើន តែជាសម្ភារដូចរបស់ដើម ចំណែកផ្នែកផ្សេងទៀត ដែលមានការខូចខាត ស្ថិតក្នុងកម្រិត នៃការជួសជុលបាន ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុល និងអភិរក្សឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង។

ចំពោះគុណតម្លៃនៃសំណង់ព្រះវិហារ ខាងលើនេះ លោក ស៊ឹម ប៊ុនធឿន ពន្យល់ថា វាមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាគុណតម្លៃរួម សំណង់វិហារនេះ បានបង្ហាញពីប្រវត្តិសាស្រ្ត និងសិល្បៈដ៏យូរលង់របស់ខ្មែរដែលមានអាយុជិត ១០០ឆ្នាំ ហើយដែលបុព្វការីជន អ្នកមានជំនឿក្នុងព្រះពុទ្ធសាសនា នៅពេលនោះ មានសទ្ធាសាងសង់ព្រះវិហារនេះឡើង ដើម្បីទុកជាមរតក សម្រាប់អ្នកជំនាន់ក្រោយថែរក្សា។

ចំណែកតម្លៃជារូបរាងវិញ ព្រះវិហារនេះសង់លើខឿនខ្ពស់ពីដីបន្តិច មានរាងតូចត្រឡឹង មិនធំពេក និងមិនតូចពេក ងាយស្រួលការគោរព និងថែទាំអភិរក្ស។ សម្រាប់លោក ស៊ឹម ប៊ុនធឿន សំណង់នេះបង្ហាញពីស្ថាបត្យកម្មជំនាន់នោះ ដែលគិតគូរវែងឆ្ងាយទៅអនាគត បើសំណង់ខ្ពស់ពេក ធ្វើឱ្យបាត់បង់សោភ័ណភាពនៅផ្នែកណាមួយមិនខាន។

ជាអ្នកស្រឡាញ់ និងអភិរក្សសំណង់បុរាណមួយរូប លោកក៏បានស្នើឱ្យ តាមវត្តអារាមទាំងអស់ ត្រូវចូលរួមថែរក្សាព្រះវិហារបុរាណ កុំព្យាយាមរុះរើ សំណង់ចាស់ចោល សង់សំណង់ថ្មី ព្រោះសំណង់ទាំងបង្ហាញពីប្រវត្តិ សិល្បៈ និងវប្បធម៌ដ៏ផូរផង់របស់ ជាតិខ្មែរទាំងមូល។

ដោយឡែក ព្រះអង្គ សន វាសនា គ្រូសូត្រឆ្វេងវត្តព្រះឥន្ទកោសីយ៍ មានសង្ឃដីការថ្លែងអំណរគុណ ដល់ក្រុមការងារ អាជ្ញាធរជាតិអប្សរា ដែលខិតខំជួសជុលព្រះវិហារបុរាណ ខាងលើបានជោគជ័យជាស្ថាពរ។ ព្រះអង្គក៏បានផ្តាំផ្ញើទៅពុទ្ធបរិស័ទ និងព្រះសង្ឃទាំងអស់ ក្នុងវត្តដែលមានវិហារចាស់ៗ ឬថ្មីៗ សូមជួយអភិរក្ស ថែរក្សាជារឿយៗ ដើម្បីបង្ការកុំឱ្យសំណង់ទាំងនោះ ខូចខាតខ្លាំង។

សម្រាប់ព្រះអង្គ សន វាសនា ព្រះវិហារជាចំណុចសំខាន់ ឬជាបេះដូងនៃទីសក្ការៈបូជារបស់សាសនា ហើយព្រះអង្គសុំឱ្យព្រះសង្ឃទាំងអស់ កុំចង់បានរបស់ថ្មី ដោយវាយសំណង់ចាស់ចោល ផ្ទុយទៅវិញសំណង់បុរាណទាំងនោះ មានគុណតម្លៃផ្នែកបេតិកភណ្ឌជាតិ ជាច្រើន។

 

ប្រភពពីអាជ្ញាធរជាតិអប្សរា