ទាំងនេះគឺជា ទីតាំងទាំង ១០ ដែលត្រូវបានចាត់ទុកជា "អច្ឆរិយៈធម្មជាតិ" របស់ពិភពលោក!


កន្លងមកយើងធ្លាប់ដែលបាន ស្គាល់នូវអច្ឆរិយៈប្រាសាទផ្សេងៗ ជុំវិញពិភពលោក ហើយប្រាសាទទាំងនោះ ក៏ត្រូវបានចាត់ទុកថាជា សម្បតិ្ដនៃអរិយធម៌ របស់មនុស្សជាតិផងដែរ។ ដោយឡែកនៅក្នុងអត្ថបទនេះ យើងនឹងមកស្គាល់អំពី អច្ឆរិយៈធម្មជាតិវិញម្ដង ដោយក្នុងនោះមានរាប់បញ្ចូល ទាំងវាលខ្សាច់ ភ្នំ បឹង ទន្លេ និងកន្លែងធម្មជាតិនានា ដែលមានលក្ខណៈពិសេស និងស្រស់ស្អាតជាដើម។ ដូច្នេះចង់ដឹងថា អច្ឆរិយៈធម្មជាតិទាំង ១០ ដែលត្រូវគេចាត់ទុកថាជា អច្ឆរិយៈធម្មជាតិកំពូល របស់ពិភពលោកនោះ មានអ្វីខ្លះ សូមទស្សនាខាងក្រោម៖

10. វាលខ្សាច់សាហារ៉ា

សាហារ៉ាគឺជាវាលខ្សាច់ក្តៅ ដ៏ធំបំផុតរបស់ពិភពលោក ដែលគ្របដណ្តប់ភាគច្រើន នៃទ្វីបអាហ្រ្វិកខាងជើង ជាមួយនឹងទំហំធំ ប៉ុនសហរដ្ឋអាមេរិកឯណោះ។ ភាគច្រើននៃវាលខ្សាច់នេះ មានសណ្ឋានជាខ្ពង់រាប ហើយវាលខ្សាច់នេះ ទទួលបានទឹកភ្លៀង តិចជាងបីអ៊ីញ ក្នុងមួយឆ្នាំ បើគិតជាមធ្យម ហើយសូម្បីតែនៅតំបន់ ដែលសើមបំផុត របស់វាលខ្សាច់សាហារ៉ានេះ ក៏អាចមានភ្លៀង តែពីរដងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ឬនឹងមិនភ្លៀងសោះតែម្តង ក្នុងរយៈពេលច្រើនឆ្នាំ។

9. ឆ្នេរសមុទ្រហាឡុង

ឆ្នេរសមុទ្រហាឡុង ឬឈូងសមុទ្រ Ha Long មានខ្សែឆ្នេរប្រវែង 120 គីឡូម៉ែត្រ និងមានទីតាំងស្ថិតនៅ ភាគខាងជើង ប្រទេសវៀតណាម។ ឈូងសមុទ្រនេះ មានកោះរាប់ពាន់ ដែលកោះនីមួយៗ មានរុក្ខជាតិព្រៃក្រាស់ឃ្មឹក ដែលបង្កើតបានជា ទេសភាពសមុទ្រដ៏អស្ចារ្យ។ កោះមួយចំនួនមាន លក្ខណៈប្រហោង ដោយសារមានរូងភ្នំ ដ៏ធំៗជាច្រើន កោះផ្សេងទៀតក៏មានបឹង និងកោះខ្លះទៀត មានជាភូមិបណ្តែតទឹក របស់អ្នកនេសាទជាដើម។

8. ភ្នំអេវឺរេស

ជាមួយនឹងកម្ពស់ 8,848 ម៉ែត្រ ភ្នំអេវើរ៉េស ត្រូវបានចាត់ទុកជា ភ្នំខ្ពស់បំផុត នៅលើពិភពលោក។ ភ្នំនេះមានទីតាំងស្ថិតនៅ លើព្រំដែនរវាងប្រទេសនេប៉ាល់ និងទីបេ។ ភ្នំខ្ពស់បំផុតនៅលើ ពិភពលោកនេះ តែងតែទាក់ទាញ អ្នកឡើងភ្នំគ្រប់កម្រិត ឲ្យមកឡើងកម្សាន្ដ នៅទីនោះ។

7. តំបន់ប៉ូលទឹកកករអង់តាក់ទិក

អង់តាក់ទិក ត្រូវបានចាត់ទុកជាទ្វីបដែលត្រជាក់ ស្ងួត និងខ្យល់ខ្លាំងបំផុត នៅលើភពផែនដី ហើយតំបន់ទ្វីបនេះ មានកម្ពស់ជាមធ្យមខ្ពស់ ជាងទ្វីបណាៗទាំងអស់។ យោងតាមអ្នកស្រាវជ្រាវ បាននិយាយថា បើទោះបីជាប្រហែល 98% នៃទ្វីបអង់តាក់ទិក ត្រូវបានគ្របដណ្តប់ដោយ ទឹកកកក៏ដោយ តែផ្នែកខាងក្រោមរបស់វា គឺជាវាលខ្សាច់នោះទេ។ ទ្វីបអង់តាក់ទិក គឺត្រជាក់ជាងតំបន់អាកទិក ដោយសារទ្វីបនេះ ភាគច្រើនមានកម្ពស់ជាង 3 គីឡូម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ហើយជីវិតសមុទ្រ នៃអង់តាក់ទិក មានដូចជា សត្វភេនឃ្វីន ត្រីបាឡែនពណ៌ខៀវ អ័រកា និងសត្វតោសមុទ្រជាដើម។

6. តំបន់ថ្មប៉ប្រះទឹក Great Barrier Reef

តំបន់ថ្មប៉ប្រះទឹក Great Barrier Reef គឺជាប្រព័ន្ធថ្មប៉ប្រះទឹក ដ៏ធំបំផុតនៅលើពិភពលោក ដែលលាតសន្ធឹងជាង 3000 គីឡូម៉ែត្រ។ វាគឺជាថ្មប៉ប្រះទឹក តែមួយគត់នៅលើផែនដី ដែលអាចមើលឃើញពី លំហអាកាស ហើយក៏ជារចនាសម្ព័ន្ធធម្មជាតិ ដ៏ធំបំផុតតែមួយគត់ របស់ពិភពលោក ដែលបង្កើតឡើងដោយ សារពាង្គកាយមានជីវិត។ រចនាសម្ព័ន្ធថ្មប៉ប្រះទឹក ត្រូវបានផ្សំឡើង និងសាងសង់ឡើងដោយ សារពាង្គកាយតូចៗរាប់ពាន់លាន។ ថ្មប៉ប្រះទឹក Great Barrier Reef ក៏មានសត្វសមុទ្រ ជាច្រើនផងដែរ រួមមានអណ្តើកសមុទ្របៃតង ផ្សោត ត្រីបាឡែន ពស់សមុទ្រ និងត្រីត្លុកជាដើម។

5. ជ្រលងភ្នំ Grand Canyon

Grand Canyon មានទីតាំងនៅភាគខាងជើងរដ្ឋ Arizona ដែលជាកន្លែងទេសចរណ៍ ដ៏អស្ចារ្យមួយ នៅក្នុងសហរដ្ឋអាមេរិក។ ជ្រលងភ្នំនេះមានអាយុកាល ជាច្រើនលានឆ្នាំមកហើយ ជាមួយនឹងទន្លេ Colorado ដែលមានអន្លង់ជម្រៅជាង 1.6 គីឡូម៉ែត្រ និងប្រវែង 446 គីឡូម៉ែត្រ។ តែយ៉ាងណាមិញ Grand Canyon មិនមែនជាអន្លង់ជ្រៅបំផុត ឬវែងជាងគេលើពិភពលោកនោះទេ ប៉ុន្តែទំហំដ៏លើសលុប និងទេសភាពដ៏អស្ចារ្យ និងចម្រុះពណ៌របស់វា ផ្តល់ឱ្យអ្នកទស្សនា នូវទស្សនីយភាពដ៏ប្លែកភ្នែក ដែលមិនអាចប្រៀបផ្ទឹមបាន ទូទាំងពិភពលោក។

4. ទឹកធ្លាក់ Iguazu

អច្ឆរិយៈធម្មជាតិដ៏អស្ចារ្យមួយទៀត របស់ពិភពលោក គឺជាទឹកធ្លាក់ Iguazu ដែលមានទីតាំងស្ថិតនៅ លើព្រំដែនរវាងប្រទេសប្រេស៊ីល និងប្រទេសអាហ្សង់ទីន។ នៅទីនេះមានប្រព័ន្ធទឹកធ្លាក់ ចំនួន 275 កន្លែង ដែលនៅស្របតាមដងទន្លេ Iguazu តែម្ដង។ ទឹកធ្លាក់ភាគច្រើន មានកំពស់ប្រហែល 64 ម៉ែត្រ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ បំផុតនោះ គឺកន្លែងទឹកធ្លាក់មួយ ដែលមានរាងជាអក្សរ U ដែលមានកម្ពស់រហូតដល់ 82 ម៉ែត្រ ទទឹង 150 ម៉ែត្រ និងមានទឹកធ្លាក់ប្រវែង 700 ម៉ែត្រ។

3. ព្រៃអាម៉ាហ្សូន

អាម៉ាហ្សូនគឺជាតំបន់ព្រៃឈើ និងមានទន្លេដ៏ធំបំផុតមួយ នៅលើពិភពលោក ដោយបរិមាណលំហូរទន្លេសរុប ដែលមានប្រហែល មួយភាគប្រាំ នៃចំនួនសរុប របស់ពិភពលោក។ ទន្លេក្នុងតំបន់អាម៉ាហ្សូននេះ មានប្រភេទត្រីជាង 3,000 ប្រភេទ និងមានព្រៃឈើតំណាងឱ្យ ជាងពាក់កណ្តាល នៃព្រៃឈើដែលនៅសេសសល់ របស់ភពផែនដីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាព្រៃត្រូពិចដ៏ធំបំផុត ដែលមានជីវចម្រុះ ជាច្រើនផ្សេងទៀតផងដែរ។

2. កោះ Galapagos

ប្រជុំកោះ Galapagos គឺជាប្រជុំកោះភ្នំភ្លើង ដែលមានទីតាំងស្ថិតនៅ មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត។ ប្រជុំកោះនេះ ត្រូវបានគេចាត់ទុកថា ជាគោលដៅសំខាន់បំផុត របស់ពិភពលោក សម្រាប់ការទស្សនា សត្វព្រៃកម្រៗនានា។ ដោយសារតែវាដីតំបន់ដាច់ស្រយាលផងដែរនោះ ប្រជុំកោះនេះផ្តល់ជម្រក ដល់ភាវៈចម្រុះ នៃប្រភេទរុក្ខជាតិ និងសត្វកម្រជាច្រើន ដែលមិនឃើញមាន នៅកន្លែងផ្សេង។ ប្រជុំកោះនេះមានភាពល្បីល្បាញ លើពិភពលោក តាមរយៈប្រព័ន្ធអេកូឡូស៊ី ដ៏ស្រស់ស្អាតរបស់វានេះឯង។

1. តំបន់អភិរក្សសត្វព្រៃ Serengeti

Serengeti គឺជាប្រព័ន្ធអេកូឡូស៊ី និងជាកន្លែងសម្រាប់អភិរក្សសត្វព្រៃដ៏ធំមួយ ដែលមានទីតាំងនៅ ភាគពាយព្យនៃ ប្រទេសតង់ហ្សានី ហើយលាតសន្ធឹងទៅ ភាគនិរតីនៃប្រទេសកេនយ៉ា។ តំបន់នេះសម្បូដោយ ពពួកថនិកសត្វគោកច្រើនបំផុត ក្នុងពិភពលោក ដូចជាសត្វដំរីព្រៃ មួយលានក្បាល និងសេះបង្កង់ចំនួន 200,000 ដែលតែងតែធ្វើដំណើរ ស្វែងរកចំណីជាង 500 គីឡូម៉ែត្រ ពីភាគខាងត្បូង Serengeti ក្នុងប្រទេសតង់ហ្សានី ទៅគែមខាងជើង នៃតំបន់បម្រុងជាតិ Masai Mara ក្នុងប្រទេសកេនយ៉ា។ ការធ្វើដំណើរជាហ្វូងៗ របស់សត្វព្រៃទាំងនោះ ក៏បានក្លាយជាទស្សនីយភាព ដ៏អស្ចារ្យបំផុត របស់ទ្វីបអាហ្រ្វិក និងជាអច្ឆរិយៈធម្មជាតិពិសេសបំផុត របស់ពិភពលោកផងដែរ។

 

ប្រភព៖ The Heritage Forum