អុកស៊ីសែន លើសពី ៥០% នៅភពផែនដី មានប្រភពចេញពីមហាសមុទ្រ


យើងប្រហែលជាយល់ថា អុកស៊ីសែន នៃភពផែនដី មានប្រភពចេញតែពី រុក្ខជាតិបៃតង និងដើមឈើប៉ុណ្ណោះ ប៉ុន្តែវាគ្រាន់តែផ្នែកមួយ នៃអុកស៊ីសែនទាំងមូល លើផែនដីប៉ុណ្ណោះ។ តាមពិតទៅ អុកស៊ីសែន លើសពី ៥០% នៅភពផែនដី មានប្រភពមកពីមហាសមុទ្រ ដោយវាសំយោគចេញពី ផ្លេនតុន រុក្ខជាតិរសាត់ សារាយ និងបាក់តេរីមួយចំនួន ដែលអាចធ្វើរស្មីសំយោគ។ តួយ៉ាង ប្រភេទបាក់តេរី ប្រូក្លរ៉ូកូខូស (Prochlorococcus) ជាសារពាង្គកាយតូចៗបំផុត ប៉ុន្តែអាចផលិតអុកស៊ីសែនប្រហែល ២០% មកដល់ជីវចម្រុះ លើភពផែនដី។

អ្នកវិទ្យាសាស្ត្រ ប្រើប្រាស់ផ្កាយរណបចាប់រូបភាព (Satellite Imagery) គណនាបរិមាណផ្លេនតុង ដែលធ្វើរស្មីសំយោគ ប៉ុន្តែមិនអាចកំណត់បរិមាណ អុកស៊ីសែន ដែលមហាសមុទ្រ អាចផលិតបានមកដល់ភពផែនដី ក្នុងចំនួនជាក់លាក់បានឡើយ ដោយសារតែ បរិមាណអុកស៊ីសែន កើតចេញពីការធ្វើរស្មីសំយោគផ្លេនតុន និងបាក់តេរីទាំងនោះ ប្រែប្រួលឥតឈប់ឈរ អាស្រ័យទៅតាមអាកាសធាតុ សីតុណ្ហភាពផ្ទៃសមុទ្រ សារធាតុចិញ្ចឹម និងរយៈពេលថ្ងៃឬយប់ ជំនោរពីព្រះច័ន្ទ ជាដើម។

យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្ររកឃើញថា អុកស៊ីសែន លើសពី ៥០% នៅលើភពផែនដី មានប្រភពមកពីមហាសមុទ្រ សម្រាប់ទ្រទ្រង់កោសិកាដង្ហើមជីវិតសត្វ និងរុក្ខជាតិក្នុងសមុទ្រ ហើយប្រភពអុកស៊ីសែននេះ ទៀតសោត បានប្រើប្រាល់រយៈពេល រាប់រយលានឆ្នាំ វិវត្តបង្កើតទៅជាអុកស៊ីសែនបរិយាកាស គ្របដណ្ដប់មកលើភពផែនដីទាំងមូល ដើម្បីទ្រទ្រង់ដង្ហើមជីវិតមនុស្ស សត្វ រុក្ខជាតិ នៅលើផ្ទៃដីផងដែរ។

តើអ្វីជាផ្លេនតុន?

ផ្លេនតុន គឺជាសរីរាង្គរស់នៅក្នុងសមុទ្រ និងជាផ្នែកដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ ដែលផលិតអុកស៊ីសែន និងកាបូនអ៊ីដ្រាត ហើយផ្លេនតុន ប្រភេទខ្លះទៀតស្ថិតនៅឆ្នេរសមុទ្រ ដែលជាចំណីសត្វត្រី និងភាវរស់ជាច្រើនទៀតក្នុងសមុទ្រ។ ផ្លេនតុន ដើរតួនាទីយ៉ាងសំខាន់ ក្នុងវដ្ដនៃកាបូន ដោយវាស្រូបយកកាបូនឌីអ៊ុកស៊ីត ពីបរិយាកាស និងបញ្ចេញមកវិញនូវអុកស៊ីសែន ទៅក្នុងសមុទ្រ និងទៅបរិយាកាស។ ម្យ៉ាងទៀត ពេលដែលផ្លេនតុន ស្លាប់ទៅ វាក្លាយទៅជាចំណីនៃសត្វសមុទ្រ ដែលរស់នៅស្រទាប់ជ្រៅៗ។ ជារួមមក ផ្លេនតុន មិនត្រឹមតែជាសរីរាង្គ ឬរុក្ខជាតិសមុទ្រទេ ប៉ុន្តែជាអ្នកផលិត អុកស៊ីសែនសម្រាប់សមុទ្រ និងភពផែនដី ផងដែរ។

 

ប្រភព៖ National Ocean Service