លំដាប់ប្រទេសអ្នកមាន ទាំង ១០ នៅលើពិភពលោក ប្រចាំឆ្នាំ ២០២៤!


ប្រទេសអ្នកមាន (Rich Country) ខុសពីប្រទេសមានសេដ្ឋកិច្ចធំ (Country with Biggest GDP) ដោយប្រទេសមានសេដ្ឋកិច្ចធំ សំដៅទៅលើប្រទេស មានតម្លៃផលិតផលនិងសេវាកម្មសរុប (GDP) មានទំហំធំ ហើយមានឥទ្ធិពលទៅក្នុងពិភពលោក។ ផ្ទុយទៅវិញ ប្រទេសអ្នកមាន សំដៅទៅលើប្រទេសមាន តម្លៃផលិតផលនិងសេវាកម្មសរុប ធំគ្រប់គ្រាន់ យកទៅចែកនឹងចំនួនប្រជាជនសរុប ហើយរក្សាបាននូវកម្រិត GDP សម្រាប់មនុស្សម្នាក់ៗមានតម្លៃខ្ពស់ នោះយើងនឹងបាន (GDP Per Capita)។

ប៉ុន្តែ ដើម្បីស្វែងរកប្រទេសអ្នកមាន ពិតប្រាកដ យើងត្រូវគិតគូរទូទាត់ជាមួយ តម្លៃនៃការរស់នៅ និងអតិផរណា ដែលសេដ្ឋវិទូហៅថា (Purchasing Power Parity) ពីព្រោះថាប្រទេសឬតំបន់ខ្លះ ថ្វីត្បិតតែមាន GDP Per Capita កម្រិតខ្ពស់ ប៉ុន្តែការរស់នៅប្រចាំថ្ងៃ ត្រូវចំណាយខ្ពស់ ប្រមូលពន្ធខ្ពស់ និងអតិផរណាខ្ពស់ ធ្វើអោយជីវភាពប្រជាជន មិនធូរធារដូចនឹងចំនួនតួរលេខរួមឡើយ។ ដូចនេះ ប្រទេសអ្នកមានពិតប្រាកដ យើងត្រូវគណនាស្វែងរក GDP Per Capita ធៀបជាមួយនឹងថ្លៃចំណាយសម្រាប់រស់នៅ និងអតិផរណា (PPP) នោះយើងបាន (GDP-PPP Per Capita) ជាប្រទេសឬតំបន់ ដែលប្រជាជនមានជីវភាពធូរធារបំផុត លើពិភពលោក។ ខាងក្រោមនេះ គឺជាប្រទេសអ្នកមានបំផុតទាំង ១០ ប្រចាំឆ្នាំ២០២៤៖

១. ប្រទេសលុចសំបួរ

ស្ថិតនៅទ្វីបអឺរ៉ុប មានចំនួនប្រជាជន ៦៣៩ ពាន់នាក់ ប្រទេសលុចសំបួរ មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ១៤៣ ៧៤០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ១,៣%។ លុចសំបួរ មានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរឹងមាំបំផុតលើពិភពលោក ហើយត្រូវបានគេស្គាល់ថា ជាប្រទេសបញ្ចេញទ្រព្យសម្បត្តិ ដើម្បីធានាកម្រិតជីវភាព ថែទាំសុខភាព និងការអប់រំសម្រាប់ប្រជាជនខ្លួន។ លុចសំបួរ ក៏ជាប្រទេសគោលដៅទេសចរណ៍ សំខាន់នៅអឺរ៉ុបផងដែរ ដោយសំបូរប្រាសាទ ទេសភាពបៃតង ព្រែកស្ទឹងបឹងបួរ ក្នុងទីក្រុងជាដើម។

២. តំបន់រដ្ឋបាលពិសេស ម៉ាកាវ

ស្ថិតនៅទ្វីបអាស៊ី ប្រទេសចិន មានចំនួនប្រជាជន ៦៩៥ ១៦៨ នាក់ ទីក្រុងម៉ាកាវ មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ១៣៤ ១៤០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ១៣,៩%។ ម៉ាកាវ រកចំណូលបានខ្ពស់ដោយសារតែ អាជីវកម្មកាស៊ីណូជាង ៤០ កន្លែងក្នុងទីក្រុង វិស័យទេសចរណ៍ បូករួមជាមួយការនាំចេញ សម្លៀកបំពាក់ និងទីផ្សារមូលធនសេរី នៃតំបន់រដ្ឋបាលពិសេសប្រទេសចិន ដែលទាក់ទាញវិនិយោគទុន ពីបរទេស។

៣. ប្រទេសអៀកឡង់

ស្ថិតនៅទ្វីបអឺរ៉ុប មានចំនួនប្រជាជនសរុប ៥ លាននាក់ ប្រទេសអៀកឡង់ មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ១៣៣ ៩០០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ១,៥%។ អៀកឡង់ មានសេដ្ឋកិច្ចផ្ដោតសំខាន់ទៅលើវិស័យធនាគារ និងត្រូវបានគេស្គាល់ថាជា ប្រទេសលើកលែងពន្ធសាជីវកម្មធំបំផុតនៅលើពិភពលោក ដែលទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មកតាំងមូលដ្ឋាននៅអៀកឡង់ ដូចជា Apple, Google, និង Microsoft ជាដើម។

៤. ប្រទេសសិង្ហបុរី

ស្ថិតនៅទ្វីបអាស៊ី មានប្រជាជន ៥,៤ លាននាក់ សិង្ហបុរី មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ១៣៣ ៧៤០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ២,១%។ សិង្ហបុរី គឹជាមជ្ឈមណ្ឌលពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម សេវាកម្ម និងភស្ដុភារកម្ម ដែលសេដ្ឋកិច្ចសិង្ហបុរី និងកម្រិតប្រាក់ចំណូលពលរដ្ឋសិង្ហបុរី ខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។

៥. ប្រទេសកាតា

ស្ថិតនៅទ្វីបអាស៊ី មានប្រជាជនជិត ៣ លាននាក់ ប្រទេសកាតា មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ១១២ ២៨០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ២%។ កាតា ជាប្រទេសអណ្ដូងរ៉ែប្រេង ធំបំផុតលំដាប់ទី៣ នៅលើពិភពលោក ដែលសេដ្ឋកិច្ចកាតា ពឹងផ្អែកលើការនាំចេញរ៉ែប្រេង និងឧស្ម័នធម្មជាតិ។

៦. ប្រទេស អេមីរ៉ាត អារ៉ាប់រួម

ស្ថិតនៅទ្វីបអាស៊ី មានប្រជាជនជិត ១០ លាននាក់ អេមីរ៉ាត អារ៉ាប់រួម មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ៩៦ ៨៥០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ៣,៥%។ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត និងតួកគី, អេមីរ៉ាត អារ៉ាប់រួម គឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ៣ នៅមជ្ឈឹមបូព៌ា។ សេដ្ឋកិច្ចប្រទេសនេះ ពឹងផ្អែកលើការនាំចេញប្រេងឥន្ធនៈ រ៉ែ ឧស្ម័ន បូករួមជាមួយនឹង ការអភិវឌ្ឍវិស័យទេសចរណ៍ ហិរញ្ញវត្ថុ សេវាកម្ម និងសំណង់ ធ្វើអោយសេដ្ឋកិច្ចប្រទេសនេះ រីកចម្រើនខ្លាំង ដូចដែលយើងបានឃើញ នៅទីក្រុងឌូបៃ និងអាប៊ូដាប៊ី។

៧. ប្រទេសស្វីស

ស្ថិតនៅទ្វីបអឺរ៉ុប មានប្រជាជន ៨,៧ លាននាក់ ប្រទេសស្វីស មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ៩១ ៩៣០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ១,៣%។ ស្វីស ត្រូវបានគេចាត់ទុកជាឋានសួគ៌ក្រោមមេឃ ជាគោលដៅទេសចរណ៍ធំបំផុតមួយនៅទ្វីបអឺរ៉ុប និងលើពិភពលោក។ សេដ្ឋកិច្ចប្រទេសស្វីស ក៏ពឹងផ្អែកលើវិស័យផ្សេងទៀត ដូចជា ហិរញ្ញវត្ថុ ការនាំចេញផលិតផលអេឡិចត្រូនិក កុំព្យូទ័រ ទូរសព្ទ នាឡិកា -ល-។ ប្រហែល ៧៤% នៃសេដ្ឋកិច្ចប្រទេសស្វីស បានមកពីវិស័យសេវាកម្ម និងទេសចរណ៍ ចំណែក ២៥% ទៀតបានពីវិស័យឧស្សាហកម្មនាំចេញ ចំណែកជិត ១% ប៉ុណ្ណោះ ដែលបានពីវិស័យកសិកម្ម។ ម្យ៉ាងទៀត ស្វីសជាប្រទេស ប្រមូលពន្ធទាបបំផុត នៅទ្វីបអឺរ៉ុប។

៨. ប្រទេសសាន់ម៉ារីណូ

ស្ថិតនៅទ្វីបអឺរ៉ុប មានប្រជាជនត្រឹមជាង ៣ ម៉ឺននាក់ សាន់ម៉ារីណូ ជាប្រទេសទំហំតូចបំផុតលំដាប់ទី ៥ លើពិភពលោក ដែលហ៊ុមព័ន្ធដោយប្រទេសអ៊ីតាលី។ ប្រទេសនេះ មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ៨៦ ៩៩០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ១,៣% ដោយសេដ្ឋកិច្ចពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរណ៍ ដែលហូរមកពីប្រទេសអ៊ីតាលី។ សាន់ម៉ារីណូ មានពន្ធលើប្រាក់ចំណូលទាប ហើយក៏ជាប្រទេសតិចតួចបំផុតលើលោក ដែលគ្មានបំណុលជាតិ គិតមកដល់ឆ្នាំ២០២៤។

៩. សហរដ្ឋអាមេរិក

ស្ថិតនៅទ្វីបអាមេរិចខាងជើង មានប្រជាជនសរុប ៣៣២ លាននាក់ សហរដ្ឋអាមេរិច ជាមហាអំណាចសេដ្ឋកិច្ចទី១ លើពិភពលោក មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ៨៥ ៣៧០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ២,៧%។ ឈ្មោះជាមហាអំណាចសេដ្ឋកិច្ចពិភពលោក និងជាមហាអំណាចផ្នែកយោធា បូករួមជាមួយឥទ្ធិពលនៃប្រាក់ដុល្លារអាមេរិច ចរាចរណ៍ជុំវិញពិភពលោក, ប្រទេសនេះពិតជាសាកសម ស្ថិតនៅក្នុងតារាងកំពូលទាំង ១០ នៃប្រទេសអ្នកមាន។

១០. ប្រទេសន័រវេស

ស្ថិតនៅទ្វីបអឺរ៉ុប មានប្រជាជនជាង ៥,៤ លាននាក់ ប្រទេសន័រវេស មានកម្រិត GDP-PPP សម្រាប់មនុស្សម្នាក់ ៨២ ៨៣០ ដុល្លារក្នុងមួយឆ្នាំ ជាមួយអត្រាកំណើនសេដ្ឋកិច្ច ១,៥%។ ន័រវេស ជាប្រទេសល្បីល្បាញខាងនាំចេញប្រេងឥន្ធនៈ ដោយប្រេងឥន្ធនៈ ប្រើប្រាស់មួយភាគធំ នៅទឹកដីអឺរ៉ុបខាងលិច មានប្រភពចេញពីប្រទេសន័រវេស។ ម្យ៉ាងទៀត ន័រវេស ជាប្រទេស មានអត្រារងនូវ ហានិភ័យសេដ្ឋកិច្ច តិចតួចបំផុត ដោយមានមូលធនទ្រព្យសម្បត្តិអធិបតេយ្យ ជាង ១,៣ ទ្រីលានដុល្លារ សម្រាប់ដោះស្រាយវិបត្តិផ្សេងៗ ដែលអាចកើតឡើងជុំវិញពិភពលោក។

 

ប្រភព៖ Forbes