ខេត្តហឺណាន និងក្រុងចឹងចូវ ប្តេជ្ញាផ្សព្វផ្សាយនិងកៀរគរភ្ញៀវទេសចរ ក្នុងតំបន់របស់ខ្លួន ក៏ដូចជាក្នុងប្រទេសចិន ឲ្យមកទស្សនាកម្ពុជា ឲ្យបាន ១លាននាក់/ឆ្នាំ សម្រាប់ដំណាក់កាលដំបូង!


ភ្នំពេញ៖ រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជម្រុញការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀត នៅប្រទេសចិន ដើម្បីកៀរគរភ្ញៀវទេសចរ មកពីខេត្តហឺណាន និងខេត្តជុំវិញមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន១លាននាក់ក្នុង១ឆ្នាំ ដើម្បីតបតាម ការស្នើសុំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួប ឯកឧត្តមរដ្ឋមន្ត្រី ជាមួយ លោកជំទាវ Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន និងជាអភិបាលរងខេត្តហឺណាន, ឯកឧត្តម An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការ បក្សកុម្មុយនីស្តចិនក្រុងចឹងចូវ និង ឯកឧត្តម Huang Dongsheng ប្រធានលេខាធិការ បក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហឺណានផងដែរ នារសៀលថ្ងៃទី១៨ ខែតុលាថ្មីៗនេះ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។

បន្ថែមពីនេះដែរ ក្នុងជំនួបខាងលើ ភាគីចិន សន្យាពិនិត្យលទ្ធភាព ក្នុងការជម្រុញវិនិយោគិនចិន មកវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត ព្រមទាំងជួយជម្រុញ ក្នុងការបង្កើនជើងហោះហើរត្រង់ និងបង្កើតជើងហោះហើរថ្មី តភ្ជាប់ពីក្រុងសំខាន់ៗ របស់ខេត្តហឺណានមកកម្ពុជា ផងដែរ។

គូសបញ្ជាក់ជូនដែរថា ខេត្តហឺណាន ស្ថិតនៅភាគកណ្តាល នៃប្រទេសចិន មានប្រជាជនប្រមាណ ១០០លាននាក់ ដែលមានសក្តានុពល ដ៏ធំធេងសម្រាប់កម្ពុជា ចាប់យកឱកាសក្នុងការជម្រុញ ការទាក់ទាញភ្ញៀវទេសចរចិន ចូលមកកាន់កម្ពុជា ក៏ដូចជាក្នុងវិស័យជំនួញផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន