ហេតុអ្វី កំពង់ផែ ដើរតួនាទីសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក និងអភិវឌ្ឍសេដ្ឋកិច្ច?


កំពង់ផែ ត្រឹមតែជាសំណង់ នាវាចរចរណ៍ប៉ុណ្ណោះ ប៉ុន្តែកំពង់ផែ ដើរតួនាទីសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសជាតិនីមួយៗ ព្រោះកំពង់ផែ គឺជាបណ្ដាញ សម្រាប់តភ្ជាប់ពាណិជ្ជកម្ម ជំនួញ អាជីវកម្ម និងជាកត្តាជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក។ ជាក់ស្ដែង ពាណិជ្ជកម្មទំនិញសកល ប្រមាណ ៨០% សុទ្ធសឹងតែត្រូវបានដឹកជញ្ជូន តាមនាវាកុងតឺន័រ ផ្លូវសមុទ្រ ហើយទំនិញទាំងនោះ មានទាំងទំនិញវត្ថុធាតុដើម ផលិតផលសម្រេច ផលិតផលពាក់កណ្ដាល ទំនិញបម្រើច្រវាក់ផលិតកម្ម ជាកត្តាលីករ បម្រើដល់ការរីកចម្រើន ចរន្ដសេដ្ឋកិច្ចលើសកលលោក។

ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលកំពង់ផែ ដើរតួនាទីសំខាន់សម្រាប់អភិវឌ្ឍប្រទេស៖

១. សម្របសម្រួល ពាណិជ្ជកម្មអន្តរជាតិ

ដូចបានរៀបរាប់ខាងលើ កំពង់ផែ គឺជាច្រកសម្រាប់ដឹកទំនិញចេញ-ចូល យ៉ាងសំខាន់ រវាងប្រទេសនិងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ ធ្វើអោយផលិតផលពី ប្រទេសមួយ អាចចរាចរណ៍ទៅកាន់ ទីផ្សារអន្តរជាតិបាន ចាប់ពីវត្ថុធាតុដើម ទៅផលិតផលសម្រេច បម្រើច្រវាក់ផលិតកម្ម ស្ទើរគ្រប់វិស័យ។

២. ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ

កំពង់ផែ ជាកត្តាលីករ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគទុន និងអាជីវកម្ម។ បន្ថែមនេះ ការអភិវឌ្ឍកំពង់ផែល្អ នឹងឈានទៅដល់ ការបង្កើតសួនឧស្សាហកម្ម តំបន់ភស្ដុភារ និងតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតការងាររាប់ពាន់កន្លែង ដល់ប្រជាជនក្នុងតំបន់។

៣. ការតភ្ជាប់មធ្យោបាយដឹកជញ្ជូន

កំពង់ផែ ជាចំណុចនៃការតភ្ជាប់បណ្ដាញដឹកជញ្ជូន ដូចជា ផ្លូវដែក ផ្លូវហាយវ៉េ ឬផ្លូវល្បឿនលឿន ដើម្បីចែកចាយទំនិញ មកកាន់ទីក្រុង ឬតំបន់ឧស្សាហកម្មផ្សេងៗ។ ជាក់ស្ដែង កំពង់ផែក្រុងព្រះសីហនុ នៅប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលអភិវឌ្ឍផ្លូវរថភ្លើង តភ្ជាប់មកកាន់រាជធានីភ្នំពេញ ផ្លូវល្បឿនលឿន និងផ្លូវអាស៊ានហាយវេលេខ១១ (ផ្លូវជាតិលេខ) និងកំពុងសាងសង់ ព្រែកជីកបន្ថែមទៀត សម្រាប់តភ្ជាប់ពាណិជ្ជកម្មជាមួយអន្តរជាតិ។

៤. កំពង់ផែ បង្កើនប្រាក់ចំណូលជាតិ

នៅកំពង់ផែ ក៏មានសេវាកម្មផ្សេងៗ ដើម្បីរកប្រាក់ចំណូល ចូលជាតិផងដែរ តាមរយៈពន្ធ-គយ លើទំនិញដែលឆ្លងកាត់ ដែលរាជរដ្ឋាភិបាល អាចប្រើប្រាស់ថវិកាទាំងនោះ បម្រើលើសេវាសាធារណៈ ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

៥. បម្រើវិស័យទេសចរណ៍

ក្រៅពីការដឹកជញ្ជូនទំនិញ បម្រើវិស័យពាណិជ្ជកម្ម កំពង់ផែ ក៏ដើរតួនាទីសំខាន់សម្រាប់ ជំរុញវិស័យទេសចរណ៍ផងដែរ។ សម្រាប់បរិបទ ប្រទេសមួយចំនួន កំពង់ផែ ជាស្ថានីយ៍នៃ នាវាទេសចរណ៍តាមផ្លូវទឹក អាចបង្កើតចំណូលតាមរយៈសេវាកម្ម បដិសណ្ឋារកិច្ច ចំណីអាហារ និងអាចអភិវឌ្ឍជា ទីក្រុងកំពង់ផែផ្លូវទឹក រកចំណូលទេសចរណ៍បន្ថែម បន្ទាប់ពីទេសចរណ៍តាមផ្លូវអាកាស និងផ្លូវគោក។

៦. យុទ្ធសាស្ត្រការពារ

ក្រៅពីប្រយោជន៍សេដ្ឋកិច្ច កំពង់ផែ អាចដើរតួនាទី ផ្នែកយុទ្ធសាស្ត្រការពារប្រទេស និងសន្ដិសុខជាតិ ហើយក៏សម្រាប់ ការពារអធិបតេយ្យភាពផ្លូវទឹក និងដែនសមុទ្ររបស់ប្រទេសផងដែរ ដូចនេះទើបការបង្កើតកងទ័ពជើងទឹក និងការរក្សាដែនសមុទ្រ មានសារៈសំខាន់ សម្រាប់ប្រទេសនីមួយៗ។

 

ប្រភព៖ World Maritime Academy