ប្រាសាទព្រះខ័ន (អតីតទីក្រុងជ័យស្រី) នៃរាជធានីអង្គរ ជាប្រាសាទដែលផ្សាភ្ជាប់ជាមួយធម្មជាតិ ប្រវត្តិសាស្ត្រ និងក្បាច់ចម្លាក់ល្អឯក ព្រមទាំងស្ថិតក្នុងបញ្ជីប្រាសាទ ទទួលបានប្រជាប្រិយភាពពីភ្ញៀវទេសចរ!


ប្រាសាទព្រះខ័ន គឺជាប្រាសាទមួយដែលពោពេញ ទៅដោយដើមឈើធំៗ ដែលផ្ដល់ជាម្លប់ ដល់ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅប្រាសាទមួយនេះ។ មិនត្រឹមតែជាប្រាសាទទេសចរណ៍ ដែលជាទីពេញនិយម ពោពេញទៅដោយ ធម្មជាតិ និងទេសភាពគួរឲ្យចង់គយគន់នោះទេ, នៅតាមផ្ទាំងជញ្ជាំងនីមួយៗ របស់ប្រាសាទព្រះខ័ន ក៏សុទ្ធតែ ជាក្បាច់រចនាសិល្បៈ យ៉ាងស្រស់ស្អាតទៀតផង។ ច្រកចូលសំខាន់របស់ ប្រាសាទនេះស្ថិតនៅទិសខាងកើត ប៉ុន្តែភ្ញៀវទេសចរ អាចចេញចូលពីទិសខាងលិច ឬទិសខាងជើងក៏បានដែរ។

ប្រាសាទព្រះខ័ន មានទំហំ ៥៦ ហិចតា ដោយមានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ម៉ែត្រ x ៧០០ម៉ែត្រ ដែលបានសង់ឡើងនៅសតវត្សរ៍ទី ១២ (ក្នុងឆ្នាំ១១៩១) រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់ នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម និងដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ ផងដែរ។ ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅ ដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាល ជាកន្លែងព្រះពុទ្ធសាសនាឯភាគខាងជើង និងខាងលិច សម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។

ធម្មមន្ទីរមាននៅមុខគោបុរៈទី២ខាងកើត នៃប្រាសាទព្រះខ័ន។ នៅទីនេះមានតម្កល់រូបចម្លាក់ ព្រះពោធិសត្វប្រាជ្ញាបារមិតាលុតជង្គង់ (បច្ចុប្បន្នរក្សាទុក នៅសារមន្ទីរជាតិភ្នំពេញ) ដែលតាមលោកស្រី S. Karpelès បាននិយាយថា វាប្រហែលជារូបតំណាងឲ្យ ព្រះនាងជ័យរាជទេវី មហេសីទី១ របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាង សាកលវិទ្យាល័យមួយនៅទីនេះ និងបានសោយទីវង្គតទាំងវ័យក្មេង ដោយសារការព្រួយចិត្ត ការនឹកស្វាមីដែលចេញទៅធ្វើសឹក និងដោយសារការគោរពបូជា ព្រះធម៌យ៉ាងតឹងរ៉ឹង ដើម្បីបន់ស្រន់ឲ្យស្វាមីបានទទួលជ័យជំនះ។

គូសសម្គាល់ផងថា ប្រាសាទព្រះខ័ន មានទីតាំងស្ថិតនៅក្នុង ក្រុមប្រាសាទវង់ធំ ក្នុងទឹកដីនៃខេត្ដសៀមរា បនិងមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីប្រាសាទបាយ័ន និង ១,៥គីឡូម៉ែត្រ ពីទ្វារដីឆ្នាំង ដែលជាទ្វារអង្គរធំទិសខាងជើង។

 

ប្រភព៖ ឯកសារប្រវត្តិសាស្ត្រនានា / អាជ្ញាធរជាតិអប្សរា