ការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិក ក្នុងរយៈពេល ១០ខែនៃឆ្នាំនេះ សម្រេចបាន ៨,២៣ ពាន់លានដុល្លារ ដែលធ្វើឲ្យអាមេរិក នៅតែជាទីផ្សារនាំចេញ ចម្បងបំផុត របស់កម្ពុជា!


ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្នុងរយៈពេល១០ខែដំបូង សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញលេខ១ របស់កម្ពុជា ខណៈដែលវៀតណាម ស្ថិតនៅលេខ២ និងចិន ឈរនៅលេខរៀងទី៣។

ជាក់ស្តែង ការនាំចេញរបស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាមេរិក បានកើនដល់ ៨,២៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូងនេះ។

ប្រភពដដែលបានបន្តថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញ ទៅកាន់សហរដ្ឋអាមេរិក ដោយរកចំណូលបាន ៨,២៣ ពាន់លានដុល្លារ កើនឡើង ៩,៨% ខណៈការនាំចូលពី សហរដ្ឋអាមេរិកកើនដល់ ២១៧ លានដុល្លារ កើនឡើង ៧,៥%។

បន្ទាប់ពីសហរដ្ឋអាមេរិក វៀតណាមគឺជាទីផ្សារធំទីពីរ របស់កម្ពុជា ជាមួយនឹងការនាំចេញចំនួន ២,៩ ពាន់លានដុល្លារ កើនឡើង ៣១,២% និង ៣,៤ ពាន់លានដុល្លារ នៃការនាំចូលកើនឡើង ១៤,៥%។

ដោយឡែក ប្រទេសចិនជាទីផ្សារធំទីបី ដោយការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន សម្រេចបានត្រឹមតែ ១,៤ ពាន់លានដុល្លារប៉ុណ្ណោះ កើនឡើង ១២% ខណៈការនាំចូលឈានដល់ ១០,៩ ពាន់លានដុល្លារ កើនឡើង ២៣,២%។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានប្រាប់ឲ្យដឹងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានភាពល្អ រួចទៅហើយ ដោយមើលឃើញថា ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ ទន្ទឹមនឹងនោះ ការតម្លើងពន្ធរវាង សហរដ្ឋអាមេរិក និងចិន ក៏ជាឱកាសមួយ សម្រាប់កម្ពុជាផងដែរ ព្រោះកន្លងមក យើងបានឃើញរួចមកហើយថា ការតម្លើងពន្ធធ្វើឱ្យអ្នកវិនិយោគចិន និងប្រទេសមួយចំនួនទៀត មកបណ្តាក់ទុននៅកម្ពុជា និងនាំចេញទៅសហរដ្ឋអាមេរិក។

គួររម្លឹកដែរថា របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទសប្តាហ៍មុន បានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផល មានទំហំទឹកប្រាក់ ២១,៥៧ ពាន់លានដុល្លារ ក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង ១៦% ពី ១៨,៥៩ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំនិញនាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ សំបកកង់រថយន្ត អង្ករ កៅស៊ូ ដំឡូងមី ចេក ស្វាយ និងមៀនប៉ៃលិន ជាដើម។

របាយការណ៍បានបន្ថែមថា គោលដៅនាំចេញកំពូលទាំងប្រាំ សម្រាប់កម្ពុជា គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន កាណាដា និងថៃ។

 

ប្រភព៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ