ក្រោយចំណាយពេលជាង ៣ ខែមកនេះ ការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា សម្រេចបានផ្លែផ្កាច្រើន ដោយក្រុមអ្នកជំនាញ ព្យាយាមរក្សារចនាសម្ព័ន្ធដើម ឲ្យបានច្រើនបំផុត!


សៀមរាប៖ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ១៣វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា ដំណើរការជួសជុល ស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ខិតខំក្នុងរយៈពេលជាង ៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើន ប្រែក្លាយទៅជាល្អប្រសើរឡើងវិញ ជាជំហានៗ។

ក្នុងនោះដែរ ក្រុមការងារ បានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាង ស្ពាននៅផ្នែកខាងជើង បានប្រមាណជាង ៤០% ហើយ។

គួររម្លឹកឲ្យដឹងផងថា ស្ពានហាលខាងកើត ប្រាសាទបេងមាលា ដែលរងការខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំងតែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ មក ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។

បុគ្គលិកបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា អ្នកស្រី បឿត សុប៉ាក បានឱ្យដឹងថា ជំហានដំបូងក្រុមការងារបានចាប់ផ្ដើមជួសជុល នៅផ្នែកខាងជើងនៃស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគ នៅទិសខាងកើត។ ក្រុមការងារបានជួសជុល ពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយក្រៀមថ្មី ដែលពុកផុយ។ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរសងខាងស្ពានហាល និងតភ្ជាប់បំណែកក្បាលនាគ ដែលបែកជាបីបំណែក នៅតាមទីតាំដើមបានមួយចំហៀង គឺនៅសល់តែផ្នែកខាងត្បូង មួយចំហៀងទៀត ប៉ុណ្ណោះ។

អ្នកស្រី បានបញ្ជាក់បន្ថែមថា ការងារជួសជុលស្ពានហាល នៅផ្នែកខាងជើងនៃស្ពានហាល សម្រេចបានប្រមាណជាង ៤០% ហើយបច្ចុប្បន្ន ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុល ដោយយកចិត្តទុកដាក់ ដើម្បីឱ្យការងារប្រព្រឹតិ្តទៅ ដោយរលូន និងត្រូវតាមលំនាំដើមបុរាណ ឡើងវិញ។

មិនតែប៉ុណ្ណោះ ក្រុមការងារក៏មានសេចក្តីត្រេកអរ ចំពោះការងារជួសជុលនេះដែរ ដោយហេតុថា ក្រុមការងារបានរកឃើញថ្ម នៃរចនាសម្ពន្ធរបស់ស្ពានហាលនេះ ស្ទើរតែពេញលេញទាំងមូលឡើងវិញ។ រីឯ ថ្មភក់មួយចំនួនដែលបាក់បែក ខូចខាត ក្រុមការងារ បានជួសជុលពង្រឹង និងអាចយកទៅរៀបផ្គុំ ទៅទីតាំងដើម។ បន្ទាប់ពីបញ្ចប់ការជួសជុល នៅផ្នែកខាងជើងរួច ក្រុមការងារនឹងចាប់ផ្ដើម ផ្នែកខាងត្បូងជាបន្តទៀត។

ប្រភព៖ អាជ្ញាធរជាតិអប្សរា