ប្រទេសសមាជិកអាស៊ាន ចេញផែនការវិនិយោគលើហេដ្ឋារចនាសម្ព័នទំនាក់ទំនងរហូតដល់ ១៩ គម្រោងចំណាយទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារ!

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅទីក្រុងបាងកក បានរៀបចំនូវកិច្ចប្រជុំកំពូល ASEAN-U.S Summit ជាលើកទី ៧ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនិងត្រូវបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេសពីប្រទេសទាំង ១០ ជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ និងភាគីខាងសហរដ្ឋអាមេរិចជាភ្ញៀវកិត្តិយស ដើម្បីពង្រឹងទំនាក់ទំនងអភិវឌ្ឍន៍សេដ្ឋកិច្ច, នយោបាយ, សុវត្ថិភាព, វប្បធម៌សង្គមចម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ក្នុងកិច្ចប្រជុំនេះដែរ ក្រុមប្រឹក្សាអាស៊ាន ASEAN Coordinating Council (ACC) បានបង្ហាញចេញនូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង Initial Rolling Priority Pipe of ASEAN Infrastructure Projects ដែលយោងតាមការចុះផ្សាយនៅលើសារព័ត៌មាន The Insider Stories បង្ហាញាផ្លូវការថា ការអភិវឌ្ឍន៍នេះមានចំនួន ១៩ គម្រោងឯណោះ និងចំណាយទឹកប្រាក់ជាង ១៥,០០០ លានដុល្លារ។ 

ចំពោះគម្រោង Initial Rolling Priority Pipe of ASEAN Infrastructure Projects ត្រូវបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍វិស័យគោលមួយចំនួនរួមមាន វិស័យដឹកជញ្ជូន, វិស័យឌីជីថល, និងវិស័យថាមពលជាដើម។ ចំណែកឯគម្រោងធំៗទាំង ១៩ នេះមានដូចជាការស្ថាបនាផ្លូវថ្នល់ចំនួន ១១ គម្រោង, ស្ថានីយថាមពល ៣ គម្រោង, កំពង់ផែ ២ គម្រោង, អាកាសយាន្ដដ្ឋាន ១ គម្រោង, ផ្លូវរថភ្លើង ១ គម្រោង, និងមជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មាន ១ គម្រោង។ 

គម្រោងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងទាំងអស់នេះ នឹងត្រូវស្ថាបនានៅក្នុងប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០ ដូចជា៖ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ចំនួន ១ គម្រោង, ប្រទេសថៃមានចំនួន ៣ គម្រោង, ឥណ្ឌូនេស៊ី ៣ គម្រោង, ប្រទេសមីយ៉ាន់ម៉ា ៥ គម្រោង, ប្រទេសឡាវ ៤ គម្រោង, ប្រទេសវៀតណាម ២ គម្រោង, ប្រទេសប៊្រុយណេ ១ គម្រោង។ 

ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំង ១៩ នេះ ក្រុមប្រឹក្សាអាស៊ាន ASEAN Coordination Council រំពឹងថា ភាគីខាងប្រទេសចិន និងធនាគារពិភពលោកនឹងមានការគាំទ្រយ៉ាងខ្លាំងទៅលើការសាងសង់ និងផ្ដល់ហិរញ្ញប្បទានក្នុងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យបានឆាប់រហ័សបំផុត ទាំងនៅផ្នែកកំពង់ផែផ្លូវទឹក, អាកាសយាន្ដដ្ឋានផ្លូវអាកាស, ស្ថានីយផ្លូវដែក, ផ្លូវល្បឿនលឿនហាយវ៉េ, ទំនាក់ទំនងទូរគមនាគមន៍ និងការផ្គត់ផ្គង់ថាមពល ឲ្យបានគ្រប់គ្រាន់ដល់ស្ថានភាពកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ និងការវិនិយោគដ៏ធំសម្រាប់បង្កើនផលិតផលក្នុងស្រុក។ 

លោក Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេស ព្រះរាជាណាចក្រថៃ បានថ្លែងថា គម្រោងនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះនឹងធ្វើឲ្យការវិនិយោគរីកចម្រើនឡើងជាមុន ជាពិសេសគឺជួយទៅដល់ការភ្ជាប់ទំនាក់ទំនងដ៏រឹងមាំនិងយូរអង្វែងជាមួយប្រទេសជាសមាជិកអាស៊ាន, ទ្រទ្រង់វិស័យដឹកជញ្ជូន, លំនឹងកំណើនសេដ្ឋកិច្ច, និងរក្សាស្ថេរភាពអភិវឌ្ឍន៍ជាមួយប្រទេសជិតខាងកាន់តែប្រសើរ។