IMF អនុម័តកញ្ចប់ថវិកា ៨ ពាន់លានដុល្លារ គាំទ្រដល់ប្រទេស ដែលមានការអភិវឌ្ឍតិចតួច


ក្រុមប្រឹក្សាប្រតិបត្តិនៃ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទើបបានអនុម័តលើ កញ្ចប់ថវិកា ៨ ពាន់លានដុល្លារ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងបង្កើនទំនុកចិត្ត (Poverty Reduction and Growth Trust) ហៅកាត់ថា PRGT សម្រាប់អនុវត្តរយៈពេល ៥ ឆ្នាំ ក្នុងគោលបំណងបង្កើនការគាំទ្រ ចំពោះប្រទេសអភិវឌ្ឍតិចតួច រួមមានកម្ពុជាផងដែរ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។

លោកស្រី Kristalina Georgieva នាយកគ្រប់គ្រង IMF បានលើកឡើងថា កញ្ចប់ថវិកា PRGT នឹងដាក់ពង្រាយជាហិរញ្ញប្បទានសម្បទាន និងជាទុនបម្រុងបន្ថែម មានសារៈសំខាន់ដូចខាងក្រោម៖

•    ជាថវិកា រួមចំណែកទ្រទ្រង់លើវិស័យសាធារណៈ និងឯកជន
•    សម្រាប់ប្រទេសមានចំណូលតិចតួច (Low-income countries) ដែលកំពុងទទួលផលរងគ្រោះ ពីវិបត្តិជំងឺកូវីដ-១៩ មិនទាន់ស្ដាររួច និងវិបត្តិសេដ្ឋកិច្ចពិភពលោក កំពុងកើតមាន
•    កញ្ចប់ថវិកាខាងលើ រំពឹងនឹងរួមចំណែក អាចពង្រឹងនូវភាពធន់ កាត់បន្ថយហានិភ័យពីវិបត្តិសកល និងជំរុញការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចបន្ថែម ក្នុងរយៈពេលខ្លី-មធ្យម
•    ការរៀបចំគោលនយោបាយទុនបម្រុង ធានាបាននូវភាពបត់បែន ដើម្បីប្រើប្រាស់កញ្ចប់ថវិកា ទៅតាមតម្រូវការនៃប្រទេសនីមួយៗ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។

ចំពោះ គោលការណ៍ហិរញ្ញប្បទានសម្បទាន PRGT របស់ស្ថាប័ន IMF នឹងផ្ដល់ការអនុគ្រោះអត្រាការប្រាក់ ០% ចំពោះប្រទេសដែលមានចំណូលទាប និងចំពោះប្រទេសដែល ងាយរងគ្រោះពីវិបត្តិផ្សេងៗ។ ចំណែកប្រទេសមានចំណូលតិចតួច មួយចំនួនទៀត នឹងផ្ដល់ជាហិរញ្ញប្បទានសម្បទាន ជាមួយអត្រាការប្រាក់សមរម្យ ទៅតាមកម្រិត និងសមត្ថភាពគ្រប់គ្រាន់។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញការប្ដេជ្ញាចិត្ត រួមចំណែកផ្ដល់ជំនួយ និងហិរញ្ញប្បទានសម្បទាន ដោយគ្មានលក្ខខណ្ឌ ចំពោះប្រទេសមានចំណូលទាប ក្នុងពេលវេលាដ៏លំបាក និងវិបត្តិសេដ្ឋកិច្ច ដែលប្រទេសមួយចំនួនកំពុងប្រឈម ជាគោលការណ៍អនុវត្ត ការអភិវឌ្ឍរួមគ្នា លើសកលោក។

 

ប្រភព៖ Naira Metrics