អច្ឆរិយៈសំណង់ទាំង ៧ នៅអាស៊ី ដែលមានភាពល្បីល្បាញ ពាសពេញពិភពលោក!


អាស៊ីជាទ្វីបធំជាងគេ និងមានមនុស្សរស់នៅ ច្រើនជាងគេបំផុតលើពិភពលោក ហើយអាស៊ីមានអរិយធម៌ដ៏រុងរឿង ទៅតាមតំបន់ និងដំណាក់កាលនីមួយៗ ប្រកបដោយភាពចម្រុះ។ វប្បធម៌រុងរឿង និងភាពរីកចម្រើនទាំងអស់នោះ បានស្ដែងចេញយ៉ាងច្បាស់ ពីសំណង់អច្ឆរិយៈជាច្រើន ចាប់ពីអតីតកាល មកទល់បច្ចុប្បន្ន។ ដូចនេះយើងនឹងមកស្គាល់សំណង់អច្ឆរិយៈទាំង ៧ នៅទ្វីបអាស៊ី ដែលទទួលបានការកោតសរសើរ និងទទួលស្គាល់ជុំវិញពិភពលោក។

១. ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា

អង្គរវត្ត ជាវិមានសាសនាធំ ជាងគេបំផុតនៅលើពិភពលោក បានគោរពបូជា បែបព្រហ្មញសាសនា និងព្រះពុទ្ធសាសនា។ ប្រាសាទនេះ បានសាងសង់ឡើងក្នុងសតវត្សទី ១២ ក្នុងរាជរបស់ ព្រះបាទសូរ្យវរ្ម័នទី២ និងបានបង្ហាញអំពីភាពរុងរឿងយ៉ាងត្រចះត្រចង់ ស្ទើគ្រប់វិស័យនៃអាណាចក្រខ្មែរ មិនថាវិស័យកសិកម្ម សាសនា សិល្បៈ ស្ថាបត្យកម្ម យោធា ឬវិស័យអប់រំឡើយ។ អង្គរវត្ត ត្រូវបានអង្គការ UNESCO ចាត់ទុកជាសំណង់ប្រាសាទ ដែលមានភាពរឹងមាំ និងថែរក្សាបានល្អបំផុត នៃស្ថាបត្យកម្មខ្មែរ ហើយជាអច្ឆរិយវត្ថុកំពូលមួយនៅអាស៊ី ដែលទាក់ទាញភ្ញៀវទេសចរ និងប្រវត្តិវិទូ ចង់ដឹង ចង់ឃើញ ចង់ស្វែងយល់។

២. មហាកំពែងចិន

មហាកំពែងចិន ជាសំណង់ដ៏វែងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ លាតសន្ធឹងសរុបប្រវែង ២១ ១៩៥ គីឡូម៉ែត្រ ឆ្លងកាត់តាមកំពូលភ្នំ និងជ្រលងភ្នំ ដែលគេអាចមើលឃើញ ពីអវកាសតែម្ដង។ មហាកំពែងចិន ត្រូវបានផ្ដើមសាងសង់ដំបូង ក្នុងរជ្ជកាលស្ដេចឈីង ប៉ុន្តែមកទល់ពេលនេះ នៅសេសសល់បន្ដិចបន្ដួចប៉ុណ្ណោះ។ ចំណែកកំពែងធំត្រូវបាន សាងសង់ក្នុងរជ្ជកាលម៉េង ចន្លោះពីឆ្នាំ ១៣៦៨ ទៅដល់ ១៦៤៤។ កំពែងនេះ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៨៧ និងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ ក្នុងមួយឆ្នាំៗ។

៣. វិមានថាច ម៉ាហាល (Taj Mahal)

វិមាន Taj Mahal ស្ថិតនៅក្នុងទីក្រុង Agra ប្រទេសឥណ្ឌា ជាវិមានដ៏ស្រស់ស្អាត ជាងគេបំផុតនៅអាស៊ី វាត្រូវបានសាងសង់ឡើង ដោយថ្មម៉ាបក្នុងស្ថាបត្យកម្មឥណ្ឌាឥស្លាម ចាប់ពីឆ្នាំ ១៦៤៨ និងចំណាយប្រមាណ ៣២ លានរូពី កាលពីសម័យនោះ វាជាសំណង់របស់ក្សត្រ Shah Jahan ដែលបានឧទ្វិសថ្វាយដល់ មហេសីរបស់គាត់ Mumtaz។

៤. ទាហានដីឥដ្ឋ (The Terracotta Army)

ទាហានដីឥដ្ឋ Terracotta Army របស់ប្រទេសចិន ត្រូវបានចាប់ផ្ដើមសាងសង់ ក្នុងអំឡុងឆ្នាំ ២០០ មុនគ្រឹស្ដរាជ ដោយស្ដេច ឈីង ឈីហ័ង ដើម្បីទុកជាកងកម្លាំងការពារសាកសព របស់លោកនៅពេលដែលស្លាប់ទៅ (ការពារផ្នូរ) សំណង់នេះពិតជាអស្ចារ្យ ដោយទាហានដីឥដ្ឋទាំងនោះ នៅរក្សាទ្រង់ទ្រាយដើម រហូតមកដល់ជាង ២ ពាន់ឆ្នាំក្រោយមកបន្ទាប់ពីកំណាយ ហើយនេះជាអរិយធម៌ជំនឿ ដ៏ប្លែកបំផុតមួយលើលោក។

៥. រាជវាំងចុងក្រោយ ប្រទេសចិន

Forbidden City ជារាជវាំងចុងក្រោយបង្អស់ នៅក្នុងប្រទេសចិន បច្ចុប្បន្នស្ថិតនៅក្នុងទីក្រុងប៉េកាំង ដែលត្រូវបានសាងសង់ឡើង ក្នុងរជ្ជកាលម៉េង សតវត្សទី១៥ បច្ចុប្បន្នជាតាំងរបស់សារមន្ទីរ សម្រាប់តាំងបង្ហាញនូវ ស្នាដៃសិល្បៈផ្សេងៗព្រមទាំង សំណេររបស់អ្នកប្រាជ្ញល្បីៗ គំនូរ ចម្លាក់ សេរ៉ាមិច សម្លៀកបំពាក់គ្រឿងអលង្កានានា។ រាជវាំងនេះ ស្ថិតនៅតែជាសំណង់ដ៏រឹងមាំបំផុតមួយ និងមានស្ថាបត្យកម្មដ៏ស្រស់ស្អាត របស់រជ្ជកាលម៉េង អធិរាជចុងក្រោយ នៃប្រទេសចិន។

៦. អគារ Burj Khalifa

អគារនេះមានឈ្មោះ Khalifa Tower ឬ Burj Khalifa ដែលជាសំណង់ដ៏ខ្ពស់ជាងគេបំផុត លើពិភពលោក ស្ថិតនៅក្នុងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម។ អគារនេះមានកម្ពស់ ៨២៨ ម៉ែត្រ បែងចែកចេញជា ២១១ ជាន់ ដោយចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ២០០៩ និងបញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ ស្ថិតនៅជាអគារខ្ពស់បំផុត របស់មនុស្សជាតិមកទល់ពេលនេះ។ ផ្ទៃមានជណ្ដើរយោងវែងជាងគេបំផុត និងមានទីតាំងមើលទេសភាព Observation deck ខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក។

៧. ទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា

ទីក្រុង Bagan ឬពីមុនហៅថា Pagan ធ្លាប់ជារាជាចក្រមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងចន្លោះពីសតវត្សទី១១ ដល់ទី១៣ ដោយព្រះមហាក្សត្ រឲ្យតម្លៃខ្ពស់លើសាសនា ហើយមានសាងសង់ ព្រះវិហារព្រះពុទ្ធសាសនា និងវត្ត សរុបជាង ១០,០០០ កន្លែង បច្ចុប្បន្ននៅសល់ប្រមាណ ២,២០០ កន្លែងប៉ុណ្ណោះ និងត្រូវបានអភិរក្សដោយអង្គការ UNESCO ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទីក្រុងនេះ មានទីតាំងស្ថិតនៅតាម បណ្ដោយទន្លេ Ayeyarwady (Irrawaddy) River និងបានបន្សល់នូវសំណង់វិហារព្រះពុទ្ធសាសនា ដ៏អស្ចារ្យប្លែកពីគេលើពិភពលោក។

ប្រភព៖ Asia Heritage