ខ្សែផ្លូវដែក ដែលកំពុងចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា!


ការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា បានចាប់ផ្ដើមតាំងពី សម័យអាណានិគមបារាំង និងពង្រាយបន្ថែមក្នុង សម័យសង្គមរាស្ត្រនិយម មានប្រវែងសរុប ៦៥០ គីឡូម៉ែត្រ ប៉ុន្តែដោយសារបញ្ហាសង្គ្រាម បញ្ហាភាពក្រីក្រ និងតម្រូវការប្រើប្រាស់ផ្លូវដែកតិច បណ្ដាលអោយការអភិវឌ្ឍផ្លូវដែកនេះ មិនមានសន្ទុះគួរអោយ កត់សម្គាល់នោះទេ។ យ៉ាងណាមិញ ផ្លូវដែកនៅតែដើរតួនាទីសំខាន់មួយ ក្នុងការដឹកជញ្ជូនទំនិញ ជាពិសេសពីកំពង់ផែ ស្វយ័តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ព្រមទាំងការដឹកជញ្ជូនអ្នកដំណើរ ផងដែរ។ ដូចនេះ យើងនឹងស្គាល់ខ្សែផ្លូវដែក ដែលកំពុងចរាចរណ៍ ក្នុងប្រទេសកម្ពុជា។

១. ផ្លូវដែកភាគពាយ័ព្យ

ផ្លូវដែកភាគពាយ័ព្យ មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ បានសាងសង់ដំបូងនៅក្នុងឆ្នាំ ១៩២៩ និងបើកប្រើប្រាស់ក្នុងឆ្នាំ ១៩៤២ ក្នុងសម័យអណានិគមបារាំង ដោយត្រូវបានបែងចែកចេញជា ៤ កំណាត់រួមមាន៖ កំណាត់ភ្នំពេញ-ពោធិ៍សាត់, ពោធិ៍សាត់-បាត់ដំបង, បាត់ដំបង-សិរីសោភ័ណ, និងសិរីសោភ័ណ-ប៉ោយប៉ែត។ ផ្លូវដែកមួយខ្សែនេះ ត្រូវបានប្រើប្រាស់ ក្នុងគោលដៅដឹកជញ្ជូនទំនិញ ពាណិជ្ជកម្មអន្តរជាតិ រដ្ឋបាល និងវិស័យទេសចរណ៍ផងដែរ។

ក្រោយពីសង្គ្រាម ភាពសឹករិចរឹលដោយសារអាយុកាល ផ្លូវដែកភាគពាយ័ព្យ ត្រូវបានជួសជុលឡើងវិញ ដោយចំណាយថវិកាសរុប ៩៦,៦ លានដុល្លារ ដោយទឹកប្រាក់ជាង ៨៣,៦ លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល ចំណែកទឹកប្រាក់ ១៣ លានដុល្លារទៀត ជាកម្ចីឥណទានពី ធនាគារអភិវឌ្ឍអាស៊ី ADB។ ដំណើរការជួសជុល ផ្លូវដែកភាគពាយ័ព្យ ឡើងវិញ សម្រេចបានរួចរាល់ ១០០% នៅត្រឹមឆ្នាំ២០១៨ យ៉ាងណាមិញ ផ្លូវដែកមួយខ្សែនេះ នៅប្រើប្រាស់ដែករ៉ៃចាស់ អាចទ្រទម្ងន់បានត្រឹម ១៥ ទៅ ២០ តោន ក្នុង ១ អក្សភ្លៅ និងអាចបើកបរបាន ត្រឹមល្បឿនចន្លោះពី ៣០-៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុណ្ណោះ។

២. ផ្លូវដែកភាគនិរតី

ផ្លូវដែកភាគនិរតី ត្រូវបានសាងសង់ឡើងដំបូង នៅអំឡុងឆ្នាំ ១៩៦០ និងបញ្ចប់នៅឆ្នាំ ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ និងប្រទេសចិន មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ដោយតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដោយមានស្ថានីយនៅខេត្តតាកែវ កែប កំពត និងព្រះសីហនុ បម្រើសំខាន់ទៅលើផ្នែក ដឹកជញ្ជូនទំនិញតាមកុងតឺន័រ ប្រេងឥន្ធនៈ និងអ្នកដំណើរភ្ញៀវទេសចរផងដែរ។

បច្ចុប្បន្ន ផ្លូវដែកខ្សែនិរតី ត្រូវបានជួសជុលឡើងវិញ តាមរយៈការសហការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia ដែលមានសមត្ថភាព ដឹកជញ្ជូនទំនិញបាននៅក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងដឹកជញ្ចូន អ្នកដំណើរក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រុមហ៊ុន Royal Railway ក៏បានកុម្ម៉ង់ទិញរថភ្លើង ល្បឿនលឿនពីប្រទេសជប៉ុន សម្រាប់ដឹកអ្នកដំណើរបន្ថែម សម្រាប់បម្រើ តម្រូវការទេសចរណ៍ផងដែរ។

 

ប្រភព៖ CPR