AirAsia គ្រោងពង្រីកការហោះហើរទៅកាន់ទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យបាននៅត្រឹមឆ្នាំ ២០៣០


ក្រុមហ៊ុនអាកាសចរណ៍ AirAsia មានផែនការពង្រីកការហោះហើរ ឆ្ពោះទៅរកទីផ្សារទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកបន្ថែមទៀត អោយបាននៅត្រឹមឆ្នាំ២០៣០ ខណៈដែលបច្ចុប្បន្ន កំពុងទទួលបានជោគជ័យ នៅតំបន់អាស៊ី និងកំពុងបោះជំហានទៅកាន់ទ្វីបអាហ្វ្រិក។

លោក Tony Fernandes នាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia បានលើកឡើងថា នៅត្រឹមឆ្នាំ២០៣០ ទស្សនវិស័យរបស់ AirAsia នឹងគ្របដណ្ដប់ទូទាំងសកលលោក ដោយពង្រីកចូលទីផ្សារអាកាសចរណ៍ នៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយតភ្ជាប់ពីអាស៊ី ទៅកាន់គោលដៅអាកាសយានដ្ឋានសំខាន់ៗ មួយចំនួនដែលមានតម្រូវការខ្ពស់។ គួររំលឹកថា មុនវិបត្តិជំងឺកូវីដ-១៩ ក្រុមហ៊ុន AirAsia ធ្លាប់បានប្រតិបត្តិការហោះហើរ ទៅកាន់ទីក្រុងមួយចំនួន នៅទ្វីបអឺរ៉ុប រួចមកហើយ ដូចជា អាកាសយានដ្ឋាន Stansted អាកាសយានដ្ឋាន Gatwick នៅទីក្រុងឡុងដ៏ និងអាកាសយានដ្ឋាន Paris Orly ទីក្រុងប៉ារីស។ ប៉ុន្តែដោយសារតែវិបត្តិជំងឺរាតត្បាត និងការធ្លាក់ចុះ នៃចំនួនហោះហើរ ទើបក្រុមហ៊ុនអាកាសចរណ៍មួយចំនួនធំនៅអាស៊ី ផ្អាកការហោះហើរទៅកាន់អឺរ៉ុប នៅសល់តែក្រុមហ៊ុនអាកាសចរណ៍ Scoot របស់សិង្ហបុរីប៉ុណ្ណោះ ដែលនៅបន្ដការហោះហើររវាង សិង្ហបុរី ទៅកាន់ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ និងទីក្រុងអាតែន ប្រទេសក្រិច។

គោលដៅពង្រីកការហោះហើររបស់ AirAsia ចូលទៅទ្វីបអឹរ៉ុប និងសហរដ្ឋអាមេរិក ក្រុមហ៊ុនអាចនឹងទិញយន្ដហោះពីប្រទេសចិន ដែលមានទំហំធំ អាចផ្ទុកអ្នកដំណើរបានច្រើន សម្រាប់ហោះហើរឆ្លងទ្វីបនេះ។ ក្រុមហ៊ុន AirAsia មើលឃើញថាជើងហោះហើរ រវាងអាស៊ី-អឺរ៉ុប និងអាស៊ី-សហរដ្ឋអាមេរិក នៅមិនទាន់មានក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ប្រតិបត្តិការហោះហើរនៅឡើយទេ ដូចនេះជាឱកាសសម្រាប់ ស្វែងរកអ្នកដំណើរ ហើយក្រុមហ៊ុននឹងចាប់ផ្ដើមដំបូង ពីការតភ្ជាប់ទៅកាន់តំបន់ឆ្នេរខាងលិច (West Coast) នៃសហរដ្ឋអាមេរិក រដ្ឋកាលីហ្វរញ៉ា ជាដើម។

សូមបញ្ជាក់ថា AirAsia ជាក្រុមហ៊ុនអាកាសចរណ៍ មានមូលដ្ឋាននៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយទើបបើកសាខា AirAsia Cambodia នៅពាក់កណ្ដាលឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុន AirAsia ត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនអាកាសចរណ៍ លំដាប់ថវិកាល្អបំផុត នៅក្នុងតំបន់ និងទទួលពានជា World's Best Low-Cost Airline ប្រចាំឆ្នាំ២០២៤ ពី Skytrax World Airline Award នៅទីក្រុងឡុងដ៏ និងទទួលពានជា Best International Airline of the year ប្រចាំឆ្នាំ២០២៤ ពី Australian Aviation Awards នៅទីក្រុងស៊ីដនី។

 

ប្រភព៖ Airways