អាកាសយានដ្ឋានធំៗចំនួន ៣ ដែលកំពុងដំណើរការ នៅក្នុងប្រទេសកម្ពុជា


កម្ពុជា មានការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ សំខាន់ៗចំនួន ៣ គឺតំបន់រាជធានី តំបន់អង្គរ និងតំបន់ឆ្នេរសមុទ្រ អាកាសយានដ្ឋានទាំង ៣ នេះដើរតួនាទីសំខាន់ បម្រើវិស័យទេសចរណ៍ ជាពិសេសការតភ្ជាប់ ជើងហោះហើរអន្តរជាតិ មកក្នុងប្រទេស និងតភ្ជាប់ការហោះហើរ រវាងប៉ូលសេដ្ឋកិច្ចទាំង ៣ របស់កម្ពុជាផងដែរ។ ដូចនេះ យើងនឹងមកស្វែងយល់ អាកាសយានដ្ឋាន កំពុងដំណើរការនៅប្រទេសកម្ពុជា។

១. អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (លេខកូដអាកាសយានដ្ឋាន PNH)

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាអាកាសយានដ្ឋាន ដ៏មមាញឹកជាងគេ នៅក្នុងប្រទេសកម្ពុជា និងជាមូលដ្ឋានរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកមួយចំនួន។ អាកាសយានដ្ឋាននេះ មានឈ្មោះដើមថា ព្រលានយន្ដហោះពោធិ៍ចិនតុង បានផ្ដើមដំណើរការដំបូងចាប់ពីឆ្នាំ ១៩៥៧ មានផ្ទៃដី ៣៨៦,៥ ហិកតា ស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីកណ្ដាលរាជធានី។ បច្ចុប្បន្នត្រូវបាន គ្រប់គ្រងដោយក្រុមហ៊ុន Cambodia Airports និងប្រតិបត្តិការដោយក្រុមហ៊ុនបារាំង VINCI Airports ជាអាកាសយានដ្ឋានកម្រិត 4E ដែលមានផ្លូវរត់ប្រវែង ៣ ពាន់ម៉ែត្រ x ៥០ ម៉ែត្រ មានស្ថានីយ៍អ្នកដំណើរចំនួន ២ គឺស្ថានីយ៍ក្នុងស្រុក និងស្ថានីយ៍អន្តរជាតិ មានចំណតយន្ដហោះចំនួន ១៨ អាចចុះចតយន្ដហោះធុនតូច និងមធ្យម ជាមួយសមត្ថភាពទទួល អ្នកដំណើរបាន ៥ លាននាក់ ក្នុងមួយឆ្នាំ។

២. អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (លេខកូដអាកាសយានដ្ឋាន SAI)

ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ខេត្តសៀមរាប បានដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ស្ថិតនៅចម្ងាយ ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប ដែលបានសាងសង់លើផ្ទៃដីសរុប ៧០០ ហិកតា ចំណាយថវិកាប្រមាណ ១,១ ពាន់លានដុល្លារ ជាអាកាសយានដ្ឋានកម្រិត 4E និងអភិវឌ្ឍទៅកម្រិត 4F នាពេលអនាគត ដោយមានផ្លូវរត់ប្រវែង ៣ ៦០០ ម៉ែត្រ ស្ថានីយ៍ទទួលយន្ដហោះចំនួន ១៥ កន្លែង អាចចុះចតយន្ដហោះធំៗប្រភេទ Boeing 787 និង Airbus A350 និងមានសមត្ថភាពអាចទទួល អ្នកដំណើរបានប្រមាណ ៧ លាននាក់ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ សម្រាប់រយៈពេល ១ ឆ្នាំដំបូងក្រោយបើកដំណើរការ ព្រលានយន្ដហោះនេះ ទទួលបានអ្នកដំណើរប្រមាណ ១,៣ លាននាក់។

៣. អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (លេខកូដអាកាសយានដ្ឋាន KOS)

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដែលយើងស្គាល់ថាអាកាសយានដ្ឋានកេងកង ត្រូវបានសាងសង់ដំបូងនៅទសវត្ស៍ទី៦០ ក្រោមជំនួយពីសហភាពសូវៀត។ ក្រោយពីបានបិទក្នុងសម័យសង្គ្រាម អាកាសយានដ្ឋាននេះ ចាប់ផ្ដើមបើកដំណើរការឡើងវិញនៅខែមករា ឆ្នាំ២០០៧ ដែលបានពង្រីកផ្លូវរត់ប្រវែង ៣ ៣០០ ម៉ែត្រ x ៤០ ម៉ែត្រ និងសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីទំហំ ៤ ៨០០ ម៉ែត្រការ៉េ មានចំណតទទួលយន្ដហោះចំនួន ៥ កន្លែង និងអាចទទួលអ្នកដំណើរសរុប ៥ លាននាក់ក្នុងមួយឆ្នាំ។

៤. អាកាសយានដ្ឋាន កំពុងសាងសង់ និងត្រៀមដំណើរការ

រាជធានីភ្នំពេញ មានអាកាសយានដ្ឋានអន្តរជាតិថ្មី កំពុងសាងសង់ ស្ថិតនៅចន្លោះខេត្តកណ្ដាល គឺជាអាកាសយានដ្ឋានកម្រិត 4F ដំបូងនៅកម្ពុជា សាងសង់លើផ្ទៃដីសរុប ២ ៦០០ ហិកតា ដែលគ្រោងចំណាយថវិកា ១,៥ ពាន់លានដុល្លារ (ក្នុងដំណាក់កាលទី១) ហើយត្រៀមនឹងដាក់ដំណើរការ នៅពាក់កណ្ដាលឆ្នាំ២០២៥ ខាងមុខ មានសមត្ថភាពទទួលបានអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ។

អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ តម្លៃជាង ២០០ លានដុល្លារ ដែលបានសាងសង់លើផ្ទៃដីជាង ២១៨ ហិកតា នៅស្រុកបទុមសាគរ ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុន UDG ត្រៀមបើកដំណើរការ ហោះហើរដំបូងកម្រិតក្នុងស្រុក នៅខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយបម្រើសំខាន់លើ វិស័យទេសចរណ៍។

 

ប្រភព៖ CPR