មុនពេលដែលកើតមានវិបត្តិជំងឺកូវីដ-១៩ ដែលរាំងស្ទះការធ្វើដំណើរ ប្រទេសអាស៊ីអាគ្នេយ៍គឺជាតំបន់គោលដៅទេសចរណ៍ដ៏សំខាន់បំផុតមួយលើលោក ដែលទទួលភ្ញៀវអន្តរជាតិរាប់រយលាននាក់ក្នុងមួយឆ្នាំៗ ក្នុងនោះអ្នកទេសចរអាចរីករាយជាមួយធនធានដ៏សម្បូរបែប ចាប់ពីតំបន់ឆ្នេរសមុទ្រ តំបន់ភ្នំ កោះ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត តំបន់ប្រាសាទបុរាណ អរិយធម៌និងវប្បធម៌ដ៏ចម្រុះ ទីក្រុងទំនើប និងព្រៃព្រឹក្សាទេសភាពដ៏កម្រ។
កាលពីឆ្នាំ ២០១៩ ប្រទេសតំបន់អាស៊ីអាគ្នេយ៍ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១៣៣ លាននាក់ ធៀបនឹងឆ្នាំ២០០៩ ដែលមានត្រឹមតែ ៦៦ លាននាក់ប៉ុណ្ណោះ ក្នុងនោះភ្ញៀវទេសចរជនជាតិចិនមានចំនួនកើនឡើងខ្ពស់ខ្លាំង ហើយក្លាយទៅជាជនជាតិភ្ញៀវទេសចរច្រើនជាងគេបំផុតលើលោក។ កំណើនភ្ញៀវទេសចរឡើងខ្ពស់ជារៀងរាល់ឆ្នាំ បានធ្វើឲ្យប្រទេសនិងតំបន់មួយចំនួន សម្រេចផ្អាកទទួលទេសចរណ៍ដើម្បីរក្សាប្រព័ន្ធអេកូឡូស៊ីធម្មជាតិទៀតផង ជាក់ស្ដែងតំបន់ឆ្នេរនិងកោះ ក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន។
កាលពីឆ្នាំ ២០១៩ ប្រទេសកម្ពុជា ក៏ទទួលទេសចរអន្តរជាតិសរុបជាង ៦.៤៥ លាននាក់ ទទួលចំណូលជាង ៤.៩២ ពាន់លានដុល្លារ ដែលរួមចំណែកដល់ GDP ជាង ១២.១%។ ចំណែកប្រទេសថៃ ទទួលទេសចរបរទេសសរុប ៣៩.៨ លាននាក់ដែលរកចំណូលបានដល់ ១១% នៃ GDP សរុបក្នុងប្រទេសផងដែរ ប៉ុន្តែសម្រាប់ឆ្នាំនេះ គេរំពឹងទទួលបានទេសចរណ៍ត្រឹមតែ ៨ លាននាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះទាបជាងមុន ៨០% តាមរយៈគោលការណ៍ Travel Bubble។ ចំពោះប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានព្យាករណ៍ថា កម្ពុជានឹងអាចបាត់បង់ចំណូលទេសចរណ៍សរុប ៣ ពាន់លានដុល្លារក្នុងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែវិស័យទេសចរណ៍ក្នុងស្រុក ក៏ចាប់ផ្ដើមងើបឡើងវិញផងដែរ ដោយឃើញថាប្រជាជនកម្ពុជាពិសេសយុវជន និយមដំណើរកម្សាន្ដបែបផ្សងព្រេង ហើយក្ដីរំពឹងទទួលបានទេសចរណ៍អន្តរជាតិដល់ ៧ លាននាក់នៅឆ្នាំ២០២៥។
ចំពោះរបាយការណ៍ ដែលព្យាករណ៍ពីអង្គការសហប្រជាជាតិបានបង្ហាញថា ពិភពលោកនឹងត្រូវបាត់បង់ចំណូលពីវិស័យទេសចរណ៍ជាង ៣.៣ ទ្រីលានដុល្លារ ប្រសិនបើវិបត្តិកូវីដ-១៩ អូសបន្លាយដល់រយៈពេល ១ ឆ្នាំពេញ ចំណែកតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវបានបង់ចំណូលដល់ជាង ៣៤.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។
ប្រទេសសិង្ហបុរី អាចជាប្រទេសដែលរងគ្រោះធំបំផុតមួយក្នុងវិបត្តិជំងឺកូវីដ-១៩ ដោយសារតែគេពឹងផ្អែកទៅលើវិស័យពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ខ្ពស់ ហើយកាលពីឆ្នាំ២០១៩ សិង្ហបុរីទទួលបានភ្ញៀវទេសចរជាង ១៥.៩ លាននាក់ ប៉ុន្តែឆ្នាំនេះវិបត្តិសេដ្ឋកិច្ចនិងអាចធ្លាក់ចុះដល់ ៤១% ធៀបនឹងឆ្នាំមុន ដោយរយៈពេលពីខែមេសា ដល់ខែមិថុនា សេដ្ឋកិច្ចបានរួមតូចជាងមុន ១២.៦%។
គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ ប្រទេសដែលជាទិសដៅទេសចរណ៍ធំជាងគេបំផុតនៅតំបន់អាស៊ីគ្នេយ៍រួមមាន៖
១. ប្រទេសថៃ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣៩.៨ លាននាក់
២. ប្រទេសម៉ាឡេស៊ី ទទួលបានទេសចរអន្តរជាតិជាង ២៦ លានាក់
៣. ប្រទេសវៀតណាម ទទួលបានទេសចរអន្តរជាតិជាង ១៨ លាននាក់
៤. ប្រទេសឥណ្ឌូនេស៊ី ទទួលបានទេសចរអន្តរជាតិជាង ១៦ លាននាក់
៥. ប្រទេសសិង្ហបុរី ទទួលបានទេសចរអន្តរជាតិ ១៥ លាននាក់
៦. ប្រទេសហ្វីលីពីន ទទួលបានទេសចរអន្តរជាតិជាង ៨ លាននាក់
៧. ប្រទេសកម្ពុជា ទទួលបានទេសចរអន្តរជាតិ ៦.៤៥ លាននាក់
៨. ប្រទេសឡាវ ទទួលបានភ្ញៀវទេសចរអន្តរជាតិខ្ទង់ ៤.៥ លាននាក់
៩. ប្រទេសមីយ៉ាន់ម៉ា ទទួលបានភ្ញៀវទេសចរអន្តរជាតិខ្ទង់ ៤ លាននាក់
១០. ប្រទេសប្រ៊ុយណេ ទទួលបានទេសចរអន្តរជាតិក្រោម ៥ សែននាក់