ទីក្រុង ដែលមានមនុស្សរស់នៅច្រើនបំផុត នៅអាស៊ីអាគ្នេយ៍


អាស៊ី គឺជាទ្វីបមានមនុស្សរស់នៅច្រើនបំផុត បានក្ដោបយកប្រមាណ ៦០% នៃចំនួនមនុស្សជាតិសរុបក្នុងពិភពលោក។ ចំណែកអាស៊ីអាគ្នេយ៍ មានចំនួនមនុស្សរស់នៅជាង ៦៨០ លាននាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានប្រជាជនរស់នៅច្រើនជាងគេ រហូតដល់ជាង ២៧៧ លាននាក់ តាមពីក្រោយដោយ ប្រទេសហ្វីលីពីន វៀតណាម ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី កម្ពុជា ចំណែកប្រទេសមានប្រជាជនតិចជាង ១០ លាននាក់រួមមាន ប្រទេសប្រ៊ុយណេ សិង្ហបុរី ឡាវ។

យើងសង្កេតឃើញថា ប្រជាជននៅអាស៊ីអាគ្នេយ៍ មានទំនោលើការរស់នៅក្នុងទីក្រុង បើយោងតាមការស្រាវជ្រាវពី Britannica បង្ហាញថា ប្រជាជនអាស៊ីអាគ្នេយ៍ ចូលចិត្តរស់នៅទីក្រុង ដោយសារកត្តាមួយចំនួនដូចជា៖ ស្វែងរកឱកាសការងារ, ការសិក្សាថ្នាក់ឧត្តម, មធ្យោបាយធ្វើដំណើរសាធារណៈ ល្អប្រសើរ, សម្បូរទៅដោយផ្សារទំនិញ, មនុស្សរស់នៅចម្រុះ មកពីគ្រប់ទិសទី, បរិបទវប្បធម៌រស់នៅទំនើប, និងសម្បូរការអភិវឌ្ឍលំនៅដ្ឋានច្រើន ជាដើម។ កត្តាទាំងនេះ បានជំរុញអោយប្រទេសនៅតំបន់អាស៊ី និងអាស៊ីអាគ្នេយ៍ ជាតំបន់រីកលូតលាស់ទីក្រុង យ៉ាងឆាប់រហ័សបំផុតលើពិភពលោក ហើយខាងក្រោមនេះ យើងនឹងមកស្គាល់ទីក្រុងអាស៊ីអាគ្នេយ៍ ដែលមានមនុស្សរស់នៅច្រើនបំផុតទាំង ១៥។

1.    ទីក្រុងម៉ានីល ហ្វីលីពីន មានមនុស្សរស់នៅ ១៥ លាននាក់

2.    ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី មានមនុស្សរស់នៅ ១១,៤ លាននាក់

3.    ទីក្រុងបាងកក ប្រទេសថៃ មានមនុស្សរស់នៅ ១១,២ លាននាក់

4.    ទីក្រុងហូជីមិញ វៀតណាម មានមនុស្សរស់នៅ ៩,៥ លាននាក់

5.    ទីក្រុងកូឡាឡាំពួ ម៉ាឡេស៊ី មានមនុស្សរស់នៅ ៨,៨ លាននាក់

6.    ទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី មានមនុស្សរស់នៅ ៦,១ លាននាក់

7.    ទីក្រុងយ៉ាងហ្គង់ មីយ៉ាន់ម៉ា មានមនុស្សរស់នៅ ៥,៧ លាននាក់

8.    ទីក្រុងហាណូយ វៀតណាម មានមនុស្សរស់នៅ ៥,៤ លាននាក់

9.    ទីក្រុងប៊ែកកាស៊ី ឥណ្ឌូនេស៊ី មានមនុស្សរស់នៅ ៣,៨ លាននាក់

10.    ទីក្រុងដេប៉ុក ឥណ្ឌូនេស៊ី មានមនុស្សរស់នៅ ៣,១ លាននាក់

11.    ទីក្រុងស៊ូរ៉ាបាយ៉ា ឥណ្ឌូនេស៊ី មានមនុស្សរស់នៅ ៣ លាននាក់

12.    ទីក្រុងបានឌុង ឥណ្ឌូនេស៊ី មានមនុស្សរស់នៅ ២,៧ លាននាក់

13.    ទីក្រុងតាំងហ្គឹរាំង ឥណ្ឌូនេស៊ី មានមនុស្សរស់នៅ ២,៥ លាននាក់

14.    ទីក្រុងមេដាន ឥណ្ឌូនេស៊ី មានមនុស្សរស់នៅ ២,៤ លាននាក់

15.    ទីក្រុងភ្នំពេញ កម្ពុជា មានមនុស្សរស់នៅ ២,៣ លាននាក់

ទន្ទឹមនឹងការមានមនុស្សមករស់នៅ ទីក្រុងច្រើន ក្នុងប្រទេសអាស៊ីអាគ្នេយ៍ គេសង្កេតឃើញថា ការអភិវឌ្ឍនគរូបនីយកម្ម នៅក្នុងតំបន់នេះ ស្ថិតនៅភាគរយខ្ពស់ ហើយប្រទេសដែលអភិវឌ្ឍ នគរូបនីយកម្មទីក្រុងបាន ១០០% គឺមានតែប្រទេសសិង្ហបុរីប៉ុណ្ណោះ ដោយសារតែជាប្រទេសអ្នកមាន និងមានផ្ទៃដីតូចផង។ ចំណែកប្រទេសម៉ាឡេស៊ី និងប្រ៊ុយណេ មានការអភិវឌ្ឍនគរូបនីយកម្មទីក្រុងបាន ៨០% នៅតាមពីក្រោយដោយប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ មីយ៉ានម៉ា និងវៀតណាម ដែលអភិវឌ្ឍន៍ទីក្រុងបាន ៦០%។ ចំណែកប្រទេសកម្ពុជា ការអភិវឌ្ឍន៍នគរូបនីយកម្មទីក្រុង នៅមានកម្រិតតិចតួចជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅកម្រិត ៤០%។

 

ប្រភព៖ SEA infographic