សៀមរាប៖ យោងតាមព័ត៌មានដែលទទួលបានតាមរយៈ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៩វិច្ឆិកានេះ បានឲ្យដឹងថា វត្តដំណាក់ មានទីតាំងស្ថិតនៅតាម បណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី ១៩ ឬដើមសតវត្សរ៍ទី២០ បានរងការទ្រុឌទោម ខូចខាតមួយរយៈមកហើយ ដោយសារកង្វះការថែទាំ និងកត្តាអាយុកាល។
យ៉ាងណា ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា សំណង់ព្រះវិហារបុរាណ មានអាយុចូលរយឆ្នាំនេះ ដែលបានជួសជុលមួយរយៈកន្លងមក បច្ចុប្បន្នគឺបានរួចរាល់ ១០០% ហើយ។
ដូចគ្នានេះដែរ អាជ្ញាធរជាតិអប្សរា សង្ឃឹមយ៉ាងមុតមំាថា ក្រោយការជួសជុល សំណង់ព្រះវិហារនេះ អាចបំពេញតួនាទីរបស់ខ្លួន បន្តទៅទៀត សម្រាប់ពុទ្ធសាសនិក ចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សាបាននូវមត៌កពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរមកទស្សនា ស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណ របស់យើងផងដែរ។
ចំណារប្រវត្តិសាស្ត្រ៖ វត្តដំណាក់នេះ ពីមុនគឺជាទីតាំងព្រះរាជដំណាក់របស់ ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ក្នុងកំឡុងឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩២៧។ លុះក្រោយមក ព្រះរាជដំណាក់របស់ព្រះមហាក្សត្រ ត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចមវិញ។ ក្រោយពីព្រះរាជដំណាក់ត្រូវបានផ្លាស់ប្ដូរទីតាំង ទីធ្លាបរិវេណរាជដំណាក់ចាស់ ត្រូវបានប្រែក្លាយជា វត្តអារាមព្រះពុទ្ធសាសនាម្ដង។
បច្ចុប្បន្នវត្តនេះ មិនត្រឹមតែជាទីអារាមរបស់ ព្រះពុទ្ធសាសនាសម្រាប់ ព្រះសង្ឃគង់នៅបដិបត្តិធម៌ និងសម្រាប់ឲ្យពុទ្ធបរិស័ទ ធ្វើបុណ្យទានប៉ុណ្ណោះទេ តែវត្តនេះក៏ជាថ្នាលបណ្តុះ ចំណេះវិជា្ជដល់ព្រះសង្ឃផងដែរ ដោយសារនៅក្នុងវត្តមានពុទ្ធិកបឋមសិក្សាសម្រាប់ ព្រះសង្ឃសិក្សារៀនសូត្រ ភាសាបាលី សំស្ក្រឹត និងព្រះធម៌វិន័យនានា។ លើសពីនេះ នៅក្នុងបរិវេណវត្តក៏មាន សាលាបឋមសិក្សាសម្រាប់ ឲ្យកុមារសិក្សារៀនសូត្រទៀតផង។ បន្ថែមពីលើនេះ ជារៀងរាល់ថ្ងៃ តែងតែមានជនានុជនជាច្រើន បានទៅអានសៀវភៅ ឬធ្វើកិច្ចការសាលានៅទីនោះ។
ប្រភព៖ អាជ្ញាធរជាតិអប្សរា / វីគីភីឌា