ចិន កំពុងសាងសង់ព្រលានយន្ដហោះ លើកោះសិប្បនិមិត្តធំជាងគេបង្អស់លើលោក


ប្រទេសចិន កំពុងកសាងសំណង់អច្ឆរិយៈថ្មីមួយទៀត តាមរយៈការចាក់ដីបំពេញសមុទ្រ ដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិ ធំបំផុតលើលោក ស្ថិតនៅលើកោះសិប្បនិមិត្ត ដែលធំជាងអាកាសយានដ្ឋានអន្តរជាតិ Hong Kong International Airport (HKG) លើកោះសិប្បនិមិត្តហុងកុង និង អាកាសយានដ្ឋាន Kansai Airport (KIX) លើកោះសិប្បនិមិត្ត នៅប្រទេសជប៉ុនទៅទៀត។

ស្ថិតនៅទីក្រុង Dalian ឧបទ្វីប Liaodong ភាគឦសានប្រទេសចិន អាកាសយានដ្ឋាន ដែលគ្រោងសាងសង់លើ កោះសិប្បនិមិត្តនៃក្រុង Dalian នេះ មានឈ្មោះថា Dalian Jinzhou Bay International Airport ដែលមានទំហំ ២០ គីឡូម៉ែត្រការ៉េ ជាមួយនឹងផ្លូវហោះហើរចំនួន ៤ ខ្សែ និងមានស្ថានីយអ្នកដំណើរទំហំ ៩០០ ០០០ ម៉ែត្រការ៉េ។ អាកាសយានដ្ឋាននេះ គ្រោងនឹងបើកដំណើរការនៅត្រឹមឆ្នាំ ២០៣៥ មានសមត្ថភាពអាចទទួល យន្ដហោះបាន ៥៤០ ០០០ ជើងក្នុងមួយឆ្នាំ និងអ្នកដំណើរ ៨០ លាននាក់ ក្នុងមួយឆ្នាំ។

លោក Li Xiang ប្រធានវិស្វករនៅក្រុមហ៊ុន Dalian Airport Construction and Development Co., Ltd បានបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្ដហោះនេះ ប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែត្រូវការ ចាក់បំពេញដីសមុទ្រ ត្រូវគិតគូរខ្ពស់លើ ការសិក្សាកម្ពស់ទឹកសមុទ្រ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីអាចដំណើរការបាន។ ការសាងសង់ព្រលានយន្ដហោះថ្មីនេះ ដោយសារតែព្រលានយន្ដហោះចាស់ Dalian Zhoushuizi Airport បានបើកដំណើរការជិត ១០០ ឆ្នាំមកហើយ តាំងពីឆ្នាំ១៩២៧ និងមានកម្រិតសម្រាប់ ទទួលអ្នកដំណើរ និងយន្ដហោះខ្នាតធំ ហើយក៏ស្ថិតកណ្ដាលទីក្រុង ពិបាកដល់ការអភិវឌ្ឍទីក្រុង និងហោះហើរ។

បច្ចុប្បន្នទីក្រុង Dalian មានប្រជាជនរស់នៅ ប្រមាណ ៧,៥ លាននាក់ និងមានតម្រូវការហោះហើរច្រើន ទៅកាន់ទីក្រុងប៉េកាំង ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដូចនេះ អាកាសយានដ្ឋានថ្មី Dalian Jinzhou Bay International Airport រំពឹងបម្រើការហោះហើរ រវាងជើងហោះហើរ ប្រទេសជិតខាង និងជើងហោះហើរក្នុងស្រុក។ មន្ត្រីក្រសួងអាកាសចរណ៍ចិន បានអះអាងថា នៅត្រឹមឆ្នាំ ២០៣៥ ប្រទេសចិន មានមហិច្ឆតា សាងសង់ព្រលានយន្ដហោះអោយបាន ៤៥០ កន្លែង ទូទាំងប្រទេស។

 

ប្រភព៖ CNN Style