គម្រោងសាងសង់អគារខ្ពស់មួយ មានឈ្មោះថា Big Bend ស្ថិតនៅក្នុងសង្កាត់ Manhattan ញូវយ៉ក ត្រូវបានបំផុសចេញ Concept ដោយក្រុមហ៊ុនស្ថាបត្យកម្ម Oiio Studio នៅទីក្រុងញូវយ៉ក ដែលអាចនឹងក្លាយ ទៅជាសំណង់អគារចម្លែកបំផុត ប្រៀបដូចជាបន្ទាត់មួយ ត្រូវបានបត់ចុះក្រោម ឬគេហៅថា Arch Shape ដែលមានប្រវែងសរុប ៤ ០០០ ហ្វីត ឬ ១ ២២០ ម៉ែត្រ ត្រូវបានបត់ជា ២ ចេញជាអគារភ្លោះ កម្ពស់ម្ខាង ៦១០ ម៉ែត្រ ហើយត្រូវបានតភ្ជាប់គ្នាដោយធ្នូកោង។
ក្រុមហ៊ុនស្ថាបត្យកម្ម Oiio Studio បង្ហាញថា អគារ Big Bend មានគម្រោងសាងសង់នៅផ្លូវ 57th Street ឬហៅថា Billionaires’ Row ភាគខាងត្បូង Central Park សង្កាត់ Manhattan នៅក្បែរនឹងអគារ One57 និងអគារ Steinway Tower។ អគារនេះ នឹងត្រូវប្រើប្រាស់ចម្រុះ ដោយបែងចែកចេញជា ខុនដូ ចំនួន ២២ ជាន់ អាផាតមិន ផេនហៅស៍ ចំនួន ៥ ជាន់ អគារការិយាល័យ កន្លែងលក់រាយ និងមជ្ឈមណ្ឌលកម្សាន្ដជាច្រើនទៀត ទៅតាមការចង់បានរបស់ក្រុមហ៊ុនវិនិយោគ។ យ៉ាងណាមិញ ក្រុមហ៊ុនស្ថាបត្យកម្ម បានបង្ហើបប្រាប់ថា នេះគឺជាសំណង់អគារ រចនាឡើងដើម្បីផ្ដល់ជូន ជីវិតដ៏ស៊ីវិល័យ នៅទីក្រុងញូវយ៉ក luxury supertall skyscraper ស្ថិតនៅទីតាំងថ្លៃបំផុតមួយ លើពិភពលោក ដើម្បីបំពេញតម្រូវការកំពូលអ្នកមាន និងមហាសេដ្ឋី។
ការរចនាប្លង់អគារ U បញ្ច្រាស់ ចុះក្រោមនេះ គឺជាគំនិតរចនាដ៏ឆ្លាត ដោយសារតែ គេនឹងចំណេញលើការសុំច្បាប់សំណង់អគារ ដ៏តឹងរឹងនៅទីក្រុងញូវយ៉ក ជាពិសេសចំណេញទីធ្លា សាងសង់ខាងក្រោមអគារ ដោយមិនចាំបាច់ចំណាយលើទំហំដីច្រើនពេកនោះទេ ប៉ុន្តែវាក៏នឹងពិបាកនឹងសាងសង់ផងដែរ ពីព្រោះការប្លង់អគារ loophole នេះជាស្ថាបត្យកម្មស្មុគស្មាញ នឹងចំណាយថវិកាច្រើន ជាមួយបច្ចេកទេសសាងសង់ទំនើបបំផុត។
ទស្សនៈ ឬ Concept លើសំណង់អគារខាងលើ បង្ហាញពីបដិវត្តន៍នៃសំណង់អគារខ្ពស់ថ្មីមួយ និងប្លែកមិនធ្លាប់បានឃើញពីមុនមក ជាពិសេសវានឹងចំណេញ ទីធ្លាដើម្បីសាងសង់ខាងក្រោម ប៉ុន្តែនឹងតភ្ជាប់គ្ នានៅកំពូលអគារទៅវិញ ល្អបំផុតសម្រាប់ដីធ្លីទីក្រុង ដែលមានតម្លៃថ្លៃដូចជាញូវយ៉ក ប៉ុន្តែសំនួរសួរថា តើវានឹងអាចទៅរួចឬទេ?
យោងតាមអ្នកនិពន្ធម្នាក់ឈ្មោះ Amy Plitt នៃទស្សនាវដ្ដី New York Magazine បង្ហាញថា អគារនេះ ទំនងជាមិនអាចសាងសង់ទៅរួចនោះទេ ដោយសារតែទម្រង់រចនាបថ ហាក់ដូចជាមិនមានផលល្អ សម្រាប់ប្រើប្រាស់ជាក់ស្ដែង ហើយការបំផុស Concept អគារនេះ ហាក់ដូចមិនទទួលបានការចាប់អារម្មណ៍ ពីក្រុមហ៊ុនវិនិយោគអចលនទ្រព្យណាឡើយ ប៉ុន្តែនឹងរង់ចាំមើលបន្តទៀត។
ប្រភព៖ CNN