សម្រាប់ភ្ញៀវទេសចរ ដំណើរកម្សាន្ដចាប់ផ្ដើម នៅពេលដែលយន្ដហោះចុះចត នៅស្ថានីយ៍អ្នកដំណើរ ក្នុងអាកាសយានដ្ឋាន ដូចនេះការរចនាស្ថានីយ៍អ្នកដំណើរ មានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញអ្នកទេសចរ មកកម្សាន្ដ មកកាន់ប្រទេសមួយ រាប់ចាប់ពីសេវាកម្មទទួលអ្នកដំណើរ កន្លែងទទួលទានអាហារ ហាងទំនិញ និងច្រកអន្តោប្រវេសន៍ ជាដើម។
អាកាសយានដ្ឋាន Changi Airport របស់សិង្ហបុរី បានគិតគូរយ៉ាងម៉ត់ចត់ ទៅលើការទាក់ទាញអ្នកដំណើរ ជាពិសេសនៅស្ថានីយ៍អ្នកដំណើរទី២ ឬ Terminal 2 ដែលត្រូវបានទទួលស្គាល់ពី Prix Versailles Architectural Award ប្រចាំឆ្នាំ ២០២៤ ជាអាកាសយានដ្ឋាន ដ៏ស្រស់ស្អាតបំផុតមួយ ក្នុងចំណោមអាកាសយានដ្ឋាន កំពូលទាំង ៦ នៅលើសកលលោក។
ខាងក្រោមនេះ គឺជាអាកាសយានដ្ឋានល្អបំផុតទាំង ៦ ប្រចាំឆ្នាំ ២០២៤ យោងតាមការវាយតម្លៃរបស់ Prix Versailles ៖
• Zayed International Airport ទីក្រុងអាប៊ូដាបី ប្រទេសសាអ៊ូឌី អារ៉ាប់ប៊ី
• Felipe Angeles International Airport ទីក្រុង Zumpango ប្រទេសម៉ិចសិកូ
• Changi Airport, Terminal 2 ប្រទេសសិង្ហបុរី
• Suvarnabhumi Airport ទីក្រុងបាងកក ប្រទេសថៃ
• Logan International Airport, Terminal E ទីក្រុង Boston សហរដ្ឋអាមេរិច
• Kansas City International Airport រដ្ឋ Kansas សហរដ្ឋអាមេរិច
បន្ទាប់ពីបានជួសជុលនិងកែលម្អ អស់រយៈពេល ៣ ឆ្នាំកន្លះ ហើយទើបបើកដំណើរការឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានីយ៍អ្នកដំណើរ Terminal 2 នៃអាកាសយានដ្ឋាន Changi Airport បានប្រែមុខមាត់ថ្មីកាន់តែទំនើប ដោយបន្ថែមទីធ្លារធំជាងមុន មានអេក្រង់ឌីជីថល Display បង្ហាញទឹកធ្លាក់មានកម្ពស់ ១៤ ម៉ែត្រ នៅសាលចេញដំណើរ (Departure Hall) មានផ្លូវដើរអមដោយរុក្ខជាតិចម្រុះ ការរៀបចំទីតាំងប្រព័ន្ធ Check-in ស្វ័យប្រវត្តិ ការចូលច្រកអន្តោប្រវេសន៍ដោយ បច្ចេកវិទ្យាស្កេនមុខនិងប្រស្រីភ្នែក ទីតាំងសម្រាកដែលបង្ហាញអាកាសធាតុ (real-time) នៅលើពិភពលោក មានសួនឧទ្យាន សម្រាប់លំហែកាយ និងថតរូបនៅក្នុងស្ថានីយ៍ ព្រមទាំងហាងទំនិញលើកលែងពន្ធជាច្រើនទៀត ធ្វើអោយស្ថានីយ៍ Terminal 2 របស់អាកាសយានដ្ឋាន Changi Airport សាកសមនឹងស្ថិតក្នុង ចំណោមអាកាសយានដ្ឋាន ល្អបំផុតប្រចាំឆ្នាំ២០២៤។
ប្រភព៖ Time Out