កូឡាឡាំពួ ត្រូវបានគេប្រដូច ទៅនឹងទីក្រុងញូវយ៉ក នៅអាស៊ីអាគ្នេយ៍ ដែលមានអគារខ្ពស់ច្រើនជាងគេ!


នៅពេលនិយាយអំពីចំនួនអគារខ្ពស់ៗ នៅអាស៊ីអាគ្នេយ៍ គេមិនអាចរំលង ទីក្រុងកូឡាឡាំពួ បានឡើយ ពីព្រោះរាជធានីម៉ាឡេស៊ីនេះ សម្បូរទៅដោយ សំណង់អគារខ្ពស់ៗ ច្រើនបំផុតនៅក្នុងតំបន់ ជាទីក្រុងទំនើប ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ជឿនលឿន និងជាទីក្រុងចម្រុះជាតិសាសន៍ ដែលមានមនុស្សរស់នៅជាង ៨,៨ លាននាក់ ត្រូវបានចាត់ទុកជា ទីក្រុងទំនើបបំផុតទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី។

កូឡាឡាំពួ មានអគារខ្ពស់ចាប់ពី ១៥០ ម៉ែត្រឡើងទៅ ចំនួន ២៤១ អគារ ដែលឈានមុខទីក្រុង នៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី ដែលមាន ១៦៥ អគារ និងទីក្រុងបាងកក ប្រទេសថៃ មានត្រឹម ១៤២ អគារ ព្រមទាំងមានអគារខ្ពស់លើស ៣០០ ម៉ែត្រចំនួន ៦ អគារ។ ទីក្រុងកូឡាឡាំពួ ក៏ជាទីក្រុងមានអគារខ្ពស់បំផុត លើពិភពលោកផងដែរ ដូចជាអគារភ្លោះ Petronas Twin Towers មានកម្ពស់ ៤៥២ ម៉ែត្រ ធ្លាប់ជាអគារខ្ពស់បំផុតលើពិភពលោក ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០០៤ និងអគារ Merdeka 118 បច្ចុប្បន្នជាអគារខ្ពស់បំផុតទី២ លើពិភពលោក បន្ទាប់ពីអគារ Burj Khalifa ដែលមានកម្ពស់សរុប ៦៧៩ ម៉ែត្រ។

សំណង់អគារខ្ពស់ទីក្រុងកូឡាឡាំពួ ត្រូវបានចាប់ផ្ដើមរីកលូតលាស់ឡើង ចាប់ពីអំឡុងឆ្នាំ១៩៨០ ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី មានសន្ទុះឡើងខ្ពស់ អតីតនាយករដ្ឋមន្ត្រី Mahathir Mohamad បានចាប់ផ្ដើមអនុវត្តផែនការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធទំនើប ដើម្បីទាក់ទាញវិនិយោគិន និងជំរុញអត្រាកំណើនសេដ្ឋកិច្ចបន្ថែម ធ្វើអោយមុខមាត់ទីក្រុងកូឡាឡាំពួ បានផ្លាស់ប្ដូរចាប់ពីពេលនោះមក និងរីកចម្រើនខ្លាំងបំផុតនៅអំឡុងទសវត្សឆ្នាំ ៩០ និង ២០០០។

បច្ចុប្បន្ន កូឡាឡាំពួ នៅតែឈានមុខគេនៅអាស៊ីអាគ្នេយ៍ លើចំនួនអគារខ្ពស់ៗ និងផ្សារទំនើបធំៗ គូសបញ្ជាក់ថា កូឡាំឡាំពួ មានផ្សារទំនើបធំៗបំផុត នៅអាស៊ីអាគ្នេយ៍ ចំនួន ៣ ដែលជាផ្សារទំនើបលំដាប់អន្តរជាតិ និងអគារកម្ពស់លើសពី ៣០០ ម៉ែត្រចំនួន ៦ អគារដូចជា៖

1.    អគារ Merdeka Tower 118 មានកម្ពស់ ៦៧៩ ម៉ែត្រ

2.    អគារភ្លោះ Petronas Twin Tower កម្ពស់ ៤៥២ ម៉ែត្រ ចំនួន ២ អគារ

3.    អគារ Exchange 106 (TRX) កម្ពស់ ៣៩៧ ម៉ែត្រ

4.    អគារ Four Seasons Hotel Kuala Lumpur កម្ពស់ ៣៤២ ម៉ែត្រ

5.    អគារ Telekom Tower កម្ពស់ ៣១០ ម៉ែត្រ

 

ប្រភព៖ The Star Malaysia