ភ្នំត្បែង គឺជាតំបន់បេតិកភណ្ឌធម្មជាតិដ៏ស្រស់ស្អាតមួយក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលមានផ្ទៃដីធម្មជាតិប្រមាណជាង ២ ម៉ឺន ៥ ពាន់ហិកតា គ្រប់ដណ្ដប់លើស្រុកចំនួន ៥ គឺស្រុកគូលែន ស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ក្រុងព្រះវិហារ និងស្រុករវៀង។ ភ្នំត្បែង ត្រូវបានក្រសួងបរិស្ថាន ស្នើរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលទៅជាតំបន់សម្បត្តិបេតិកភណ្ឌធម្មជាតិកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៦ ហើយក៏នឹងត្រៀមរៀបចំឯកសារ ដាក់ស្នើទៅអង្គការ UNESCO ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិលំដាប់ពិភពលោក នាពេលខាងមុខផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ទៅកាន់ឧទ្យានបេតិកភណ្ឌធម្មជាតិ ភ្នំត្បែង ភ្នំត្នោត ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ កាលពីចុងខែមករា ដោយមានការគាំទ្រពីអង្គការ WCS និងភ្នាក់ងារ USAID។
ក្រោយពីបានធ្វើដំណើរទស្សកិច្ចនោះ ឯកឧត្តម បានឲ្យដឹងថា ភ្នំត្បែងជាតំបន់បេតិកភណ្ឌធម្មជាតិមួយ នៅមានសេសសល់ព្រៃឈើដ៏សម្បូរបែប ដូចជាព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ដែលមានសារៈសំខាន់ខ្ពស់សម្រាប់អភិរក្សសត្វព្រៃ ការផ្ដល់សេវាប្រព័ន្ធអេកូឡូស៊ី និងធានានូវការផ្គត់ផ្គង់ទឹកសាប ដល់សហគមន៍រស់នៅជុំវិញតំបន់នេះ។ ភ្នំត្បែង មានប្រភេទឈើសំខាន់ៗក្នុងប្រទេសកម្ពុជា ដូចជា នាងនួន ដូងចែម ធ្នង់ បេង ក្រញូង តាត្រាវ ផ្ដៀក គគីរ កកោះ ឈើទាល និងរុក្ខជាតិជាច្រើនប្រភេទទៀតដូចជា អរគីដេ យិនស៊ិនភ្នំត្បែង រុក្ខជាតិឱសថបុរាណដូចជា វល្លិកុយ មុខឈ្នាង ឆ្កែស្រែង ដើមគោមួយ ជើងចាប អន្ទង់ស -ល-។
ម្យ៉ាងទៀត តំបន់នោះ ក៏មានថនិកសត្វជិតផុតពូជ និងសត្វព្រៃងាយរងគ្រោះជាច្រើនផងដែរ ដូចជា ទោចម្កុដ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ កែះ ប្រើស ឆ្កែព្រៃ ឆ្មាដាវ ស្វាព្រាម រញីប្រផេះ ប្រចៀវភ្នំត្បែង និងសត្វព្រៃជាច្រើនទៀត។
ដោយមើលឃើញអំពីសក្ដានុពលនៃធនធានធម្មជាតិ និងសត្វព្រៃកម្រជិតផុតពូជទាំងអស់នេះហើយ ទើបក្រសួងបរិស្ថានបានស្នើដល់រាជរដ្ឋាភិបាល ដាក់បញ្ចូលភ្នំត្បែង ជាសម្បត្តិបេតិកភណ្ឌធម្មជាតិកម្ពុជា កាលពីឆ្នាំ២០១៦។ លើសពីនេះ ក្រសួងបរិស្ថាន ក៏នឹងត្រៀមរៀបចំឯកសារសម្រាប់ស្នើសុំទៅអង្គការ UNESCO ដើម្បីដាក់ភ្នំត្បែងដែលសម្បូរព្រៃឈើធំៗនេះ ចូលជាសម្បត្តិបេតកភណ្ឌធម្មជាតិពិភពលោកផងដែរនៅពេលឆាប់ៗនេះ។
គូសបញ្ជាក់ផងដែរថា ក្រៅពីសម្បូរទៅដោយធនធានព្រៃឈើកម្រ និងសត្វព្រៃជិតផុតពូជហើយ ភ្នំត្បែង ក៏មានរមណីដ្ឋានធម្មជាតិទាក់ទាញភ្ញៀវទេសចរបោះតង់ព្រៃភ្នំផងដែរ ដូចជាការឡើងភ្នំដែលមានកម្ពស់ជាង ៤០០ ម៉ែត្រ ដែលមានជណ្ដើរ ១,៨០០ កាំ, ទឹកធ្លាក់ ៣ តង់តាម៉ា, ទឹកធ្លាក់តាំងយូរ រូងប្រជៀវភ្នំត្បែង និងទីតាំងសក្ការៈថ្មបីដុំ ដែលមានទេសភាពស្រស់ស្អាត ដាច់កន្ទុយភ្នែក។