ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បើតាមការរាយការណ៍ ពីមន្ត្រីនគរបាលអន្តោប្រវេសន៍្ត ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS មានបណ្តោយ ២១០,៥ម៉ែត្រ ទទឹង ២៨,២៥ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ចំនួន ៥៦៤នាក់ ដែលក្នុងនោះមានស្រី២៩០នាក់ ស្មើនឹង២២សញ្ជាតិ និងមាននាវិកសរុបចំនួន ៤០៥នាក់ ស្រី១០៥នាក់ ស្មើនឹង ៤៩សញ្ជាតិ។
គួរឲ្យដឹងដែរថា នាវាទេសចរណ៍ SEA BOURN ENCORE បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ហើយនាវានេះមានគម្រោង ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៩ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឆ្ពោះទៅកាន់កំពង់ផែ ប្រទេសវៀតណាម។
ជាក់ស្តែង ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស SEA BOURN ENCORE ដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា USA ២៥៩នាក់ British ១៥២នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរចូលមក ក្នុងប្រទេសកម្ពុជា ចេញទៅអង្គរ ខេត្តសៀមរាបមានចំនួន ៤៤នាក់ ស្រី ២៥នាក់ ៧សញ្ជាតិ និងភ្ញៀវទេសចរមកពី ខេត្តសៀមរាបចេញតាម នាវាទេសចរណ៍មានចំនួន ០៣នាក់ ស្រី ០២នាក់ ស្មើនឹង២សញ្ជាតិ។
ភ្ញៀវទេសចរបរទេសបរទេស ទាំងនោះ គ្រោងនឹងធ្វើដំណើរកម្សាន្ត ក្នុងក្រុងនៃខេត្តព្រះសីហនុ នៅតាមទីតាំងទាក់ទាញមួយចំនួន មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌ ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់ ជាដើម។
គួររម្លឹកដែរថា កាលពីព្រឹកថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ នាវាទេសចរណ៍ SEA BOURN ENCORE ដដែលនេះ ក៏បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ៥០០នាក់ ចូលចតធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន