ស្វែងយល់ប្រវត្តិភ្នំបូកគោ ដែលត្រៀមក្លាយទៅជាទីក្រុងបូកគោ!

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំអភិវឌ្ឍន៍ភ្នំបូកគោ ជាទីក្រុងថ្មីមួយក្នុងខេត្តកំពត បន្ទាប់ពីក្រុងកំពត យើងគម្បីស្វែងយល់នូវចំណុចសំខាន់ៗមួយចំនួននៃភ្នំបូកគោ ដែលជារមណីដ្ឋានដ៏ពិសិដ្ឋ ជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលបំផុតមួយ មានប្រវត្តិអភិវឌ្ឍន៍មួយសតវត្សមកហើយ ហើយបានចុះជាឧទ្យានជាតិ និងឧទ្យានបេតិកភណ្ឌប្រចាំតំបន់អាស៊ីគ្នេយ៍តែមួយគត់ក្នុងប្រទេសកម្ពុជា។ 

១. ទីតាំង 

ភ្នំបូកគោ ជាភ្នំលេចត្រដែតខ្ពស់ជាងគេនៅតាមជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា ដែលមានកម្ពស់ដល់ ១,១០១ ម៉ែត្រពីនេវ៉ូទឹកសមុទ្រ ស្ថិតនៅចម្ងាយប្រមាណ ៤៦ គីឡូម៉ែត្រពីទីរួមខេត្តកំពត ឬ ១៨៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន ដោយបានបង្កើតជា «ឧទ្យានជាតិព្រះមុនីវង្ស» តាមព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានទំហំផ្ទៃដៃប្រមាណ ១៤០,០០០ ហិកតា។

២. ប្រវត្តិនៃការរកឃើញ

មានឯកសារខ្លះបានចងក្រងបញ្ជាក់ថា ភ្នំបូកគោ ត្រូវបានក្រុមអ្នកស្រាវជ្រាវខ្មែរ-បារាំង ដឹកនាំដោយលោក រូលួស (ជនជាតិបារាំង) ឡើងទៅដល់កំពូលភ្នំ នៅអំឡុងឆ្នាំ ១៩១៧ ដោយពួកគេបានរកឃើញទីតាំងពិសេសៗជាច្រើន អមទៅដោយបរិយាកាសអំណោផលចំពោះសុខភាព ក្រោមសម្ពាធបរិយាកាសត្រជាក់ នៃពពកព័ទ្ធជុំវិញ ហើយបានរៀបចំជារមណីដ្ឋាននៅឆ្នាំ ១៩២១ ជាមួយការកសាងព្រះវិហាររ៉ូម៉ាំងកាតូលិក (Church) នៅឆ្នាំ១៩២៨ និងសំណង់ជាច្រើនទៀត។ រហូតមកដល់ឆ្នាំ ១៩២៤ ហ្លួងព្រះករុណា ព្រះបាទស៊ីសុវត្ថិ មុនីវង្ស បានចេញព្រះរាជឱង្កាឲ្យគេសាងសង់វត្តព្រះពុទ្ធសាសនាមួយ ដែលមានឈ្មោះថា «វត្តសំពៅប្រាំ»។

ប្រវត្តិសាស្ត្របានសរសេរថា ព្រះបាទស៊ីសុវត្ថិ មុនីវង្ស បានយាងសោយទីវង្គត ក្នុងព្រះរាជដំណាក់លើភ្នំបូកគោនេះនៅចុងឆ្នាំ ១៩៤១ ទើបក្រោយមករាជការខ្មែរនាសម័យអាណានិគមបារាំងបានប្រសិទ្ធនាមទីនោះថា «ឧទ្យានព្រះមុនីវង្ស-បូកគោ» រហូតដល់នៅឆ្នាំ១៩៩៣ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានសម្រេចដាក់ចូលជាឧទ្យានជាតិ។

៣. ប្រវត្តិនាំការបោះបង់ចោល

គួរកត់សម្គាល់ថា ថ្វីត្បិតតែឧទ្យានជាតិព្រះមុនីវង្ស ត្រូវបានអភិវឌ្ឍន៍ចាប់ពីទសវត្ស ១៩២០ និងបានក្លាយជាទីសម្រាកលំហែរ និងជារមណីយដ្ឋានដ៏ពិសិដ្ឋក៏ពិតមែន ប៉ុន្តែឧទ្យានជាតិនេះត្រូវបានបោះបង់ចោលចំនួន ២ លើកដោយសារតែភ្លើងសង្គ្រាម។ ការបោះបង់លើកទី១ នៅអំឡុងឆ្នាំ ១៩៤០ នៅពេលដែលអធិរាជជប៉ុន បានចូលឈ្លានពានដល់អាស៊ីអាគ្នេយ៍និងបានដេញអាណានិគមបារាំង ព្រមទាំងបានគ្រប់គ្រងប្រទេសកម្ពុជា ក្នុងរយៈពេលខ្លី។ ចំណែកការបោះបង់លើកទី២ នៅអំឡុងឆ្នាំ ១៩៧២ ដោយសារតែភ្លើងសង្គ្រាមវៀតណាម បានរីករាលដាលមកដល់កម្ពុជា។

៤. ការបង្កើតក្រុងបូកគោ

នៅខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោ ដោយមានសង្កាត់ចំនួន ៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត មានផ្ទៃដីសរុបទំហំ ២៧,៩៤៣ ហិកតា ស្មើនឹង ១៨% នៃផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស ជាមួយការរៀបចំប្លង់មេអភិវឌ្ឍន៍ (២០២១-២០៣៥) បែកចែកចេញជា ៩ តំបន់៖ តំបន់លំនៅដ្ឋាន, តំបន់ពាណិជ្ជកម្ម, តំបន់ចម្រុះ, តំបន់ដឹកជញ្ជូន, តំបន់ទេសចរណ៍, តំបន់រដ្ឋបាល, តំបន់លំហរសាធារណៈ, តំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស, លំហបៃតង វប្បធម៌ និងសាសនា។ គម្រោងបង្កើតទីក្រុងបូកគោនេះ នឹងត្រូវទទួលប្រភពហិរញ្ញវត្ថុជាច្រើនមជ្ឈដ្ឋាន ដូចជាប្រើប្រាស់ថវិកាជាតិអភិវឌ្ឍន៍ វិនិយោគដោយវិស័យឯកជន ថវិកាវិនិយោគរវាងរដ្ឋនិងឯកជន ថវិកាហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ -ល-។ 

សូមបញ្ជាក់ផងដែរថា នៅឧទ្យានជាតិព្រះមុនីវង្ស-បូកគោ មានរមណីយដ្ឋានធម្មជាតិជាច្រើនដូចជា៖ ទឹកជ្រោះពពកវិល បឹងទឹកសាប វាលស្រែមួយរយ វាលស្រែប្រាំរយ វាលផ្កាបំពង់ក្រឡោម -ល- អមទៅដោយអាកាសធាតុត្រជាក់ចន្លោះពី ១៥ ទៅ ២៥ អង្សាសេ ជាពិសេសនៅចន្លោះពីខែវិច្ឆិកា ដល់ខែកុម្ភៈ និងអាចទស្សនាទិដ្ឋភាពដ៏ពិចពិលនៃទិដ្ឋភាពទីក្រុងកំពត ឆ្នេរសមុទ្រកែប ខេត្តព្រះសីហនុ និងកោះជាច្រើនទៀតនៅខាងក្រោម។