ប្រាសាទព្រះគោ ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត

ប្រាសាទព្រះគោមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៣គីឡូម៉ែត្រ នៃភាគខាងកើតពីទីក្រុងសៀមរាប ហើយស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ ដែលសព្វថ្ងៃមានទីតាំងស្ថិត នៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកបាគង ដែលមានចំងាយប្រមាណជា ១៤គីឡូម៉ែត្រ ពីទីរួមខេត្ត សៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការ សាងសង់ ទីតាំង និងជា តំបន់វប្បធម៌ប្រវត្តិសាស្រ្ត។ នៅទីនេះ ភ្ញៀវទេសចរអាចនៅទីនេះភ្ញៀវទេសចរអាច មកសិក្សាអំពីរប្រវត្តិ សាស្រ្ត លំហែកម្សាន្ត មើលប្រាសាទ មើលចម្លាក់ និងថតរូបទុកជាអនុស្សាវរីយ៍។

ប្រាសាទព្រះគោ ត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោ ដោយយោងទៅតាមរូប សំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទនេះ។ ប៉ុន្តែតាមពិតបើយោងតាមសិលាចារឹកលេខ K-៧១៣ ប្រាសាទព្រះគោមានឈ្មោះដើមថា បរមេស្វរៈ(អានថា ស្រី ប៉ាក់រ៉ាក់មេ ស្វាក់រ៉ាក) ជាភាសា សំស្ក្រឹតដែលមានន័យថាព្រះសិវៈដល់ប្រសើរ ជាឈ្មោះព្រះសិវៈនិងព្រះមរណនាមព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទព្រះគោនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧-៨៨៩) ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសី។ 

យោងតាមសិលាចារឹកបានសរសរថា ៖ ព្រះបាទឥន្រ្ទវរ្ម័នទី១បានរៀបចំពីធីឆ្លងឧទ្ទិសប្រាសាទនេះនៅឆ្នាំ ៨៨០ ដើម្បីឱ្យមានប្រាសាទទិព្វផុសឡើងនៅស្ថានព្រះឥសូរ សម្រាប់ថ្វាយដល់បុព្វការីជនរបស់ព្រះអង្គ ហើយពីធីឆ្លងនេះជាលទ្ធិព្រលឹងហើយបន្តមកដល់សព្វថ្ងៃក្លាយជាប្រពៃណីរៀបចំបុណ្យភ្ជំបិណ្ឌរបស់ខ្មែរ។ប្រាសាទព្រះគោត្រូវបានជុសជុលដោយគម្រោងពីរផ្សេងគ្នាគឺ ទី១គម្រោងរបស់ប្រទេសហុងគ្រី ចាប់ពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ១៩៩៦ និងដំណាក់កាលទី២ដោយគម្រោងរបស់ប្រទេសអាឡឺម៉ង់ ចាប់ផ្តើមនៅឆ្នាំ ១៩៩១-២០០៣ លុះបច្ចប្បន្នបន្តដោយអភិរក្សដោយគម្រោងរបស់អាឡឺម៉ង់សហការជាមួយអាជ្ញាធរជាតិ អប្សរា។