កម្ពុជា គឺជាទិសដៅទេសចរណ៍វប្បធម៌ ឈានមុខគេនៅអាស៊ី ប្រចាំឆ្នាំ២០២៤


កម្ពុជា ទទួលកិត្តិនាមជាទិសដៅ ទេសចរណ៍វប្បធម៌ ឈានមុខគេនៅអាស៊ី (Asia’s Leading Cultural Destination) រយៈពេល ៣ ឆ្នាំជាប់ៗគ្នា តាំងពីឆ្នាំ២០២២ ឆ្នាំ២០២៣ និងបន្ដដល់ឆ្នាំ២០២៤ ពីពានរង្វាន់ទេសចរណ៍ពិភពលោក World Travel Awards ខណៈដែលប្រទេសឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម ជាបេក្ខភាពរង។

ខេត្តសៀមរាប គឺជាទិសដៅទេសចរណ៍វប្បធម៌ សំខាន់បំផុតនៅកម្ពុជា មានតំបន់ប្រាសាទបុរាណ បានកសាង ចន្លោះពីសតវត្សទី ៩ រហូតដល់សតវត្សទី ១៣ ហើយរមណីដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិភណ្ឌពិភពលោករបស់មនុស្សជាតិ ដោយអង្គការ UNESCO កាលពីឆ្នាំ១៩៩២ គ្របដណ្ដប់លើផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េ ជាបណ្ដុំនៃ ប្រាសាទបុរាណចំនួន ៩១ ប្រាសាទ រួមមានប្រាសាទអង្គរវត្ត គឺជាទិសដៅទេសចរណ៍ ដ៏ល្បីល្បាញបំផុតនៅកម្ពុជា។

យោងតាមរបាយការណ៍ពី គ្រឹះស្ថានអង្គរ បានបង្ហាញថា រយៈពេល ១១ ខែឆ្នាំ ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត ៩០ ម៉ឺននាក់ ដែលកើនឡើងជិត ៣០% និងទទួលបានចំណូលពី ការលក់ប័ណ្ណចូលទស្សនាបានជិត ៤២ លានដុល្លារ។

ក្រៅពីរមណីដ្ឋានអង្គរ កម្ពុជា មានតំបន់បេតិកភណ្ឌពិភពលោក ចំនួន ៣ ផ្សេងទៀតដូចជា៖

•    ប្រាសាទព្រះវិហារ ស្ថិតនៅខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីដោយ UNESCO កាលពីឆ្នាំ ២០០៨

•    តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ត្រូវបានចុះបញ្ជីដោយ UNESCO កាលពីឆ្នាំ២០១៧

•    តំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីដោយ UNESCO កាលពីឆ្នាំ២០២៣

ក្រៅពីតំបន់បេតិកភណ្ឌពិភពលោក កម្ពុជា មានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៥ ដែលបានចុះបញ្ជីដោយអង្គការ UNESCO រួមមាន៖

១. របាំព្រះរាជទ្រព្យ បានចុះបញ្ជីកាលពីឆ្នាំ២០០៨

២. ល្ខោនស្រមោលស្បែកធំ បានចុះបញ្ជីកាលពីឆ្នាំ២០០៨

៣. ល្បែងទាញព្រាត់ បានចុះបញ្ជីកាលពីឆ្នាំ២០១៥

៤. គុណល្បុកតោ បានបញ្ជីកាលពីឆ្នាំ២០២២

៥. ក្រមាខ្មែរ បានបញ្ជីនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤

បន្ថែមពីនេះទៀត កម្ពុជា មានបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការពារបន្ទាន់ ចំនួន ២ ទៀតគឺ៖

១. ចាប៉ីដងវែង បានចុះបញ្ជីកាលពីឆ្នាំ២០១៦

២. ល្ខោនខោល វត្តស្វាយអណ្ដែត បានបញ្ជីកាលពីឆ្នាំ២០១៨

សម្បត្តិបេតិកភណ្ឌទាំងរូបី ទាំងអរូបីទាំងអស់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា មានសម្បត្តិវប្បធម៌ជាច្រើន បានអភិរក្សថែរក្សា ដែលបង្ហាញអត្តសញ្ញាណជាតិ និងសាកសមទទួលបានកិត្តិនាម ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ី។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់ World Travel Awards បានបង្កើតក្នុងឆ្នាំ១៩៩៣ ត្រូវបានគេចាត់ទុកដូចជា «ពានរង្វាន់ Oscar សម្រាប់វិស័យទេសចរណ៍» ដែលទទួលស្គាល់ និងវាយតម្លៃដោយអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍អន្តរជាតិ និងការបោះឆ្នោតស្ទង់មតិ ពីសាធារណទូទៅជុំវិញពិភពលោក។

ប្រភព៖ World Travel Awards