ក្រុមហ៊ុនធំៗទាំង ១០ ដែលរកចំណូលបានច្រើនបំផុត នៅឆ្នាំ ២០២៤


ក្រុមហ៊ុនយក្សចំនួន ៣៥ លើពិភពលោក អាចរកចំណូលបានជាង ១០,៧ ទ្រីលានដុល្លារ កាលពីឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះនៅសហរដ្ឋអាមេរិក មានក្រុមហ៊ុនរកចំណូល បានច្រើនជាងគេ មានដូចជា Walmart, Amazon, Apple, Berkshire Hathaway Inc, និង United Health Group ជាដើម។ ចំណែកនៅប្រទេសចិន មានដូចជាក្រុមហ៊ុន State Grid, Sinopec Group, China National Petroleum -ល-។ រីឯនៅមជ្ឈឹមបូព៌ា មានក្រុមហ៊ុន Saudi Aramco ដែលជាស្ដេចផ្គត់ផ្គង់រ៉ែប្រេងមួយ នៅលើពិភពលោក។

ខាងក្រោមនេះ គឺជាក្រុមហ៊ុនយក្សទាំង ១០ ដែលរកចំណូលបានច្រើនបំផុតនៅឆ្នាំ២០២៤៖

១. ក្រុមហ៊ុន Walmart រកចំណូលបានជាង ៦៤៨ ពាន់លានដុល្លារ (សហរដ្ឋអាមេរិក)

២. ក្រុមហ៊ុន Amazon រកចំណូលបានជាង ៥៧៤ ពាន់លានដុល្លារ (សហរដ្ឋអាមេរិក)

៣. ក្រុមហ៊ុន State Grid រកចំណូលបាន ៥៤៥,៩ ពាន់លានដុល្លារ (ប្រទេសចិន)

៤. ក្រុមហ៊ុន Saudi Aramco រកចំណូលបាន ៤៩៤,៩ ពាន់លានដុល្លារ (អារ៉ាប៊ី សាអ៊ូឌីត)

៥. ក្រុមហ៊ុន Sinopec Group រកចំណូលបានជាង ៤២៩,៧ ពាន់លានដុល្លារ (ប្រទេសចិន)

៦. ក្រុមហ៊ុន China National Petroleum រកចំណូលបានជាង ៤២១,៧ ពាន់លានដុល្លារ (ប្រទេសចិន)

៧. ក្រុមហ៊ុន Apple រកចំណូលបានជាង ៣៨៣,៣ ពាន់លានដុល្លារ (សហរដ្ឋអាមេរិក)

៨. ក្រុមហ៊ុន United Health Group រកចំណូលបានជាង ៣៧១,៦ ពាន់លានដុល្លារ (សហរដ្ឋអាមេរិក)

៩. ក្រុមហ៊ុន Berkshire Hathaway រកចំណូលបានជាង ៣៦៤,៥ ពាន់លានដុល្លារ (សហរដ្ឋអាមេរិក)

១០. ក្រុមហ៊ុន CVS Health រកចំណូលបានជាង ៣៥៧,៨ ពាន់លានដុល្លារ (សហរដ្ឋអាមេរិក)

ក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុត ប្រចាំឆ្នាំ២០២៤ គឺក្រុមហ៊ុនចែកចាយទំនិញលក់រាយ Walmart របស់សហរដ្ឋអាមេរិក ដែលក្នុងមួយម៉ោង Walmart អាចបង្កើតចំណូលជាង ៧៤ លានដុល្លារ និងរកចំណូលបាន ២៥៥ លានដុល្លារ ក្នុងមួយសប្ដាហ៍ តាមរយៈហាងលក់ទំនិញរបស់ខ្លួន នៅជុំវិញពិភពលោក។

ចំណែកក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនផ្ដល់ សេវាកម្មបច្ចេកវិទ្យា មានដូចជា សេវាកម្មលក់ទំនិញតាមអនឡាញ សេវាកម្ម Amazon Cloud សម្រាប់ផ្ទុកទិន្នន័យ សេវាកម្មកម្សាន្ដ Amazon Prime ជាដើម។ នៅក្នុងឆ្នាំ ២០២៥ នេះក្រុមហ៊ុន Amazon គ្រោងនឹងបង្កើតសេវាកម្ម លក់រថយន្ដលើអនឡាញបន្ថែមទៀត សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់ប្រទេសចិន ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល គឺជាក្រុមហ៊ុនដែលរកចំណូល បានច្រើនបំផុត រួមមាន State Grid ដែលផ្គត់ផ្គង់ថាមពលអគ្គិសនី ច្រើនជាង ៥០% ទូទាំងប្រទេសចិន។ ចំណែកក្រុមហ៊ុន Sinopec និង China National Petroleum គឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ ធំបំផុតនៅលើពិភពលោក តាមរយៈការនាំចូលប្រេង ជុំវិញពិភពលោក ជាពិសេសការបញ្ជាទិញ ពីប្រទេសរុស្ស៊ី ជាក់ស្ដែង Sinopec ចែកចាយប្រេងឥន្ធនៈ ៥,២ លានបារ៉ែល ក្នុងមួយថ្ងៃ។

 

ប្រភព៖ Fortune