រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងរៀបចំ សង្ក្រាន្ដវត្តភ្នំ នៅក្នុងបរិវេណរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ជាមួយកម្មវិធីកម្សាន្ដជាច្រើនទាំង ល្បែងប្រជាប្រិយ ការគោរពបូជាប្រពៃណី ការប្រគុំតន្ត្រី និងការតាំងបង្ហាញសិល្បៈជាច្រើនទៀត ដោយមានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២។
បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ពេលនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអនុញ្ញាតិដល់ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ «សង្ក្រាន្ដវត្តភ្នំ» ដោយដាក់បញ្ចូលនូវកម្មវិធីកម្សាន្ដសប្បាយៗជាច្រើន ដល់សាធារណជន មានដូចជា៖ ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងការលេងល្បែងប្រជាប្រិយ ប្រពៃណីជាតិផ្សេងទៀត។ លើសពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងមានរៀបចំពិធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគុំតន្ត្រីបុរាណ-សម័យ និងរាំកម្សាន្ដ។
សូមបញ្ជាក់ផងដែរ ដើម្បីអោយការរៀបចំកម្មវិធី «សង្ក្រាន្ដវត្តភ្នំ» ប្រព្រឹត្តទៅយ៉ាងរលូន មិនមានហានិភ័យពីមេរោគអូមីក្រុង និងជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់សាធារណជន និងសិល្បករទាំងអស់ ត្រូវអនុវត្តតាមការណែនាំសុខាភិបាល ដែលរួមមាន ចូលរួមពាក់ម៉ាស រក្សាគម្លាត បង្ហាញកាតចាក់វ៉ាក់សាំង និងអនុវត្តវិធានការណ៍ ៣ កុំ ៣ ការពារ។