នៅអាស៊ីអាគ្នេយ៍ មានជនជាតិជាច្រើនរស់នៅ ចម្រុះជាតិសាសន៍ បង្កើតជាភូមិសាស្ត្រអត្តសញ្ញាណ ដោយឡែកពីគ្នា បើទោះបីជាទឹកដីស្ថិតនៅក្នុងទ្វីប និងតំបន់តែមួយក៏ដោយ។ អាស៊ីអាគ្នេយ៍ ភាគច្រើនបានទទួល ឥទ្ធិពលពីជនជាតិចិន និងឥណ្ឌា លើទំនាក់ទំនងពាណិជ្ជកម្ម និងអំបូរពូជសាសន៍ ហើយមួយផ្នែកទៀត សាយភាយសាសនា មកពីមជ្ឈឹមបូព៌ា ធ្វើអោយជនជាតិដើម ក្នុងតំបន់នេះ មានព្រះពុទ្ធសាសនា ហិណ្ឌូ អ៊ីស្លាម និងគ្រិស្ទសាសនា ព្រមទាំងមានជនជាតិចិន និងឥណ្ ឌាមករស់នៅច្រើន។
ខាងក្រោមនេះ គឺជាជាតិសាសន៍មានចំនួនច្រើនបំផុត នៅអាស៊ីអាគ្នេយ៍៖
• ជនជាតិជ្វា មានចំនួន ១០៥ លាននាក់
• ជនជាតិវៀតណាម មានចំនួន ៨៩ លាននាក់
• ជនជាតិថៃ មានចំនួន ៥៩ លាននាក់
• ជនជាតិសាន់ដា មានចំនួន ៤២ លាននាក់
• ជនជាតិភូមា មានចំនួន ៣៥ លាននាក់
• ជនជាតិចិន មានចំនួន ៣២ លាននាក់
• ជនជាតិម៉ាឡេ មានចំនួន ៣០ លាននាក់
• ជនជាតិតាកាឡុក មានចំនួន ២៨ លាននាក់
• ជនជាតិឡាវ មានចំនួន ២២ លាននាក់
• ជនជាតិខ្មែរ មានចំនួន ១៩ លាននាក់
គេសង្កេតឃើញថា ជនជាតិដែលមានរស់នៅច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍ គឺជនជាតិជ្វា ដោយភាគច្រើនស្ថិតនៅ ទឹកដីប្រទេសឥណ្ឌូនេស៊ី ចំណែកជនជាតិ លើទឹកដីឥណ្ឌូនេស៊ីធំទី២ គឺជនជាតិសាន់ដា (Sundanese) នៅភាគខាងលិចនៃកោះជ្វា។ បន្ទាប់មក គឺជនជាតិវៀតណាម ដែល ៨៥% នៃជនជាតិនេះ រស់នៅលើទឹកដីប្រទេសវៀតណាម។ ចំណែកជនជាតិថៃចំនួន ៥៩ លាននាក់ ដោយចំនួន ៧០% រស់នៅក្នុងប្រទេសថៃ មួយផ្នែកទៀតរស់នៅប្រទេសវៀតណាម ម៉ាឡេស៊ី កម្ពុជា ជាដើម។
ប្រទេសមីយ៉ាន់ម៉ា មានជនជាតិភូមារស់នៅប្រមាណ ៦៩% និងបន្ថែមជនជាតិភាគតិច ជាច្រើនពូជសាសន៍ ជាង ២០ លាននាក់ទៀត។ ជនជាតិចិន បានមករស់នៅសឹងគ្រប់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៣២ លាននាក់ ភាគច្រើនរស់នៅ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃជាដើម។ សូមបញ្ជាក់ថា ជនជាតិចិនរស់នៅអាស៊ីអាគ្នេយ៍ បានក្លាយទៅជនជាតិ ក្នុងប្រទេសនីមួយៗរៀងៗខ្លួន មិនសំដៅទៅលើជនជាតិចិន នៅប្រទេសចិននោះទេ។
ជនជាតិម៉ាឡេ មានចំនួន ៣០ លាននាក់ ភាគច្រើនរស់នៅ ប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី។ ជាតិសាសន៍ តាកាឡុក នៅដោយឡែកពីគេ គឺជាជនជាតិធំបំផុត នៅប្រទេសហ្វីលីពីន។ ជនជាតិឡាវ មានចំនួន ២២ លាននាក់ ភាគច្រើនរស់នៅប្រទេសឡាវ និងមួយផ្នែកទៀត រស់នៅប្រទេសថៃ កម្ពុជា និងវៀតណាម។ ជនជាតិខ្មែរមានចំនួន ១៩ លាននាក់ ភាគច្រើនរស់នៅ ក្នុងប្រទេសកម្ពុជា និងមួយផ្នែកទៀត នៅក្នុងប្រទេសថៃ និងវៀតណាម។
ប្រភព៖ ASEAN urbanist